31 C
Phnom Penh

លោក​​​ ហ៊ុន សែន បដិសេធចំពោះ​​​ការ​​​លើក​​​ឡើង​​​ថា កម្ពុជា​​​អាច​​​ជា​​​​កន្លែង​​​រៀប​​​ចំ​​​រដ្ឋាភិបាល​​​និរទេស​​​របស់​​​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ច្រាន​​​ចោល​​​ការ​​​ប៉ាន់​​​ស្មាន​​​ដែល​​​ថា កម្ពុជា​​​អាច​​​ធ្វើ​​​ជា​​​ទីកន្លែង​​​សម្រាប់​​​រដ្ឋាភិបាល​​​និរទេស​​​ខ្លួន​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​កង​​​កម្លាំង​​​ស្មោះត្រង់នឹង​​​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​​​នាយ​​​ក​​​រដ្ឋមន្ត្រីថៃដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​ពី​អំណាច​​​។

នៅ​​​ក្នុង​​​សុន្ទរកថា​​​ដែ​​​ល​​​បាន​​​ថ្លែង​​​នៅ​​​ឯ​​​កោះពេជ្រ ក្នុង​​​ពិធី​​​ចែក​​​សញ្ញាបត្រ​​​របស់​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទភ្នំពេញ លោក ហ៊ុន សែន ក៏បាន​​​ព្រមាន​​​លោក​​​ ថាក់ស៊ីន ដែលជា​​​សម្ពន្ធ​​​មិត្ត​​​និង​​​មិត្តភក្ដិ​​​រយៈពេល​​​យូរ​​​របស់​​​លោក​​​អំពី​​​អស្ថិរភាព​​​ដែល​​​អាច​​​បង្កឡើង​​​ដោយ​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​និរទេស​​​ខ្លួននេះ។

លោក​​​ ហ៊ុន សែន បាន​​​ថ្លែង​​​ក្នុង​​​ពិធី​​​នេះ​​​ថា “ទី១ កម្ពុជា​​​ចាត់ទុក​​​ស្ថានភាព​​​ថៃ​​​ជា​​​បញ្ហា​​​ផ្ទៃ​​​ក្នុង​​​របស់​​​ថៃ ហើយ​​​កម្ពុជា​​​នឹង​​​មិន​​​ជ្រៀត​​​ជ្រែក ហើយ​​​ក៏មិន​​​ដែល​​​បាន​​​ជ្រៀត​​​ជ្រែក​​​ក្នុង​​​បញ្ហា​​​ផ្ទៃ​​​ក្នុង​​​របស់​​​ថៃ​​​ដែរ”។ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​ពន្យល់​​​ប្រាប់​​​ថា លោក​​​កំពុង​​​ស្ថិត​​​នៅ​​​ក្នុង​​​ទីក្រុង​​​សៀងហៃ​​​នៅ​​​ពេល​​​ដែល​​​យោធា​​​ថៃ​​​ប្រកាស​​​ច្បាប់​​​អាជ្ញាសឹក​​​នៅម៉ោង​​​៣​​​ទៀប​​​ភ្លឺឈាន​​​ចូល​​​ថ្ងៃ​​​អង្គារ ហើយ​​​បា​​​ន​​​ទូរស័ព្ទ​​​ណែនាំ​​​ប្រាប់​​​មក​​​ទីក្រុង​​​ភ្នំពេញ​​​វិញ​​​ភ្លាមៗ​​​។

លោក​​​បា​​​នមាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​មាន​​​រដ្ឋប្រហារ​​​ ខ្ញុំ​​​បាន​​​ទាក់​​​ទង​​​លោក ស ខេង ហើយ​​​បាន​​​សុំឲ្យ​​​គាត់​​​ចេញ​​​សេចក្ដី​​​ប្រកាស​​​ឲ្យ​​​កង​​​កម្លាំង​​​ប្រដាប់អាវុធ​​​នៅ​​​តាម​​​ព្រំដែន​​​រក្សា​​​ទំនាក់​​​ទំនង​​​ធម្មតា​​​ និ​​​ង​​​កុំឲ្យ​​​ដាក់​​​ពង្រាយ​​​កង​​​កម្លាំង​​​ប្រដាប់អាវុធ​​​ ដើម្បី​​​ចៀស​​​វាង​​​កុំឲ្យ​​​មាន​​​ការ​​​យល់​​​ច្រឡំណាមួយ​​​”។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “ឥរិយាបថ​​​របស់​​​យើង​​​គឺ​​​ខំប្រឹង​​​ធ្វើការ​​​រក្សា​​​ទំនាក់​​​ទំនង​​​ជា​​​ធម្មតា​​​ជាមួយ​​​ថៃ​​​មិន​​​ថា មាន​​​រដ្ឋាភិបាល​​​ស៊ីវិល​​​ឬរដ្ឋាភិបាល​​​យោធា​​​ឡើយ​​​។

ឥឡូវ​​​នេះ​​​ខ្ញុំឮ​​ថា ព្រះមហាក្សត្រ​​​ថៃ​​​បាន​​​ឡាយ​​​ព្រះហត្តលេខា​​​​យល់​​​ព្រម​​ឲ្យ​​​យោធា​​​ដឹកនាំ​​​ប្រទេស​​​ ដូច្នេះ​​​រឿង​​​នេះ​​​ចប់​​​ហើយ​​​ ពីព្រោះព្រះមហាក្សត្រ​​​ថៃ​​​បាន​​យល់​​​ព្រម​​​​​ឲ្យ​​​យោធា​​​ដឹកនាំ​​​ប្រទេស​​​ហើយ”។ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំសង្ឃឹម​​​ថា អតីត​​​នាយក​​​រដ្ឋមន្ត្រី យីងឡាក់​​​និង​​​ថាក់ស៊ីន យល់អំពី​​​ជំហរ​​​របស់​​​កម្ពុជា​​​  ពីព្រោះ​​​ឥឡូវ​​​នេះ​​​ យីងឡាក់ និង​​​ ថាក់ស៊ីន​​​មិន​​​មែនជា​​​នាយក​​​រដ្ឋមន្ត្រី​​​ដឹកនាំ​​​ប្រទេស​​ទេ”។

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូន​​​ស្រី​​​របស់​​​លោក ថាក់ស៊ីន ត្រូវ​​​បានបណ្ដេញ​​​ចេញ​​​ពី​​​​​​តួនាទី​​​ជា​​​នាយក​​​រដ្ឋមន្ត្រី​​​កាលពី​​​បី​​​សប្ដាហ៍មុន​​​ នៅពេល​​​មាន​​​សេចក្ដី​​​សម្រេច​​​ពាក់​​​ព័ន្ធ​​​នយោបាយ​​​ពី​​​តុលាការ​​​ធម្មនុញ្ញ​​​របស់ថៃ​​​។ បន្ទាប់​​​មក​​​កាលពីថ្ងៃ​​​ព្រហស្បតិ៍​​​ យោធាថៃបាន​​​បណ្ដេញ​​​មន្ត្រី​​​នៅ​​​សេស​​​សល់​​​របស​​​់​​​រដ្ឋាភិបា​​​ល​​​លោកស្រី​​​ ហើយ​​​បាន​​​ឡើង​​​កាន់​​​អំណាច​​​។

លោក ថាក់ស៊ីន ត្រូវ​​​បាន​​​បណ្ដេញចេញ​​​ពីតួនាទី​​​ជា​​​នាយក​​​រដ្ឋមន្ត្រី​​​នៅ​​​ក្នុង​​​រដ្ឋប្រហារ​​​យោធា​​​កាលពី​​​ឆ្នាំ​​​២០០៦​​​ ហើយ​​​បាន​​​ភៀ​​​ស​​​ខ្លួន​​​ទៅទីក្រុ​​​ង​​​ឌូបៃ ដើម្បី​​​គេច​​​វេះ​​​ពីការ​​​ចោទ​​​ប្រកាន់ពីបទ​​​ពុក​​​រលួយ​​​។

លោក​​​ ហ៊ុន សែន ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ផ្ទាល់​​​ខ្លួន​​​ជិត​​​ស្និទ្ធ​​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​ជាមួយ​​​លោក ថាក់ស៊ីន ដែល​​​លោក​​​ធ្លាប់​​​បាន​​​ចាត់​​​ទុក​​​ថា ជាមិត្ត​​​អមតៈ​​​របស់​​​លោកនោះ បាន​​​សន្យា​​​ឲ្យ​​​អតីត​​​មេដឹកនាំថៃ​​​រូប​​​នេះ​​​ និង​​​អ្នក​​​គាំទ្រ​​​លោក​​​ចូល​​​មក​​​ស្នាក់​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​សុវត្ថិភាព​​​ និង​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ ថាក់ស៊ីន និង​​​អ្នក​​​គាំទ្រ​​​អាវ​​​ក្រហម​​​របស់​​​គាត់​​​ជួប​​​ជុំគ្នា​​​នៅ​​​អង្គរវត្ត​​​កាល​​​ពីឆ្នាំ​​​២០១២​​​។

លោក ថាក់ស៊ីន បាន​​​ប្រាប់​​​អ្នកគាំទ្រនៅពេល​​​នោះ​​​ថា “នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន មាន​​​បេះ​​​ដូង​​​ដែក​​​ ហើយ​​​វា​​​មាន​​​សំណាង​​​សម្រាប់​​​ប្រទេស​​​ជិត​​​ខាង​​​។ ប្រសិន​​​បើ​​​លោក​​​មិន​​​មាន​​​បេះដូង​​​ដែក​​​បែប​​​នេះទេ យើង​​​ទាំងអស់​​​គ្នា​​​មិន​​​អាច​​​មក​​​ទីនេះ​​​បានទេ”។

មិត្តភាព​​​នេះ​​​បាន​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ប៉ាន់​​​ស្មាន​​​នៅ​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​អន្តរជាតិ​​​កាលពី​​​ដើម​​​សប្ដាហ៍នេះ​​​ថា លោក​​​ ថាក់ស៊ីន អាច​​​ត្រូវ​​​បានអនុញ្ញាត​​​ឲ្យ​​​រៀប​​​ចំ​​​កម្លាំង​​​នៅ​​​ក្នុង​​​ប្រទេស​​កម្ពុជា។

លោក រ៉ូបឺត អ៊ែមស្ទើដាម មេធាវី​​​អន្តរជាតិ​​​របស់​​​លោក ថាក់ស៊ីន ត្រូវ​​​បាន​​​​​​វិទ្យុ​​​ជាតិ​​​អូស្ត្រាលី អេប៊ីស៊ី ដក​​​ស្រង់​​​សម្ដីកាលពី​​​ថ្ងៃអាទិត្យ​​​ថា រដ្ឋាភិបាល​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​របស់​​​លោក​​​ស្រី​​​ យីងឡាក់ និង​​​អ្នក​​​គាំទ្រ​​​លោក​​​ ថាក់ស៊ីន កំពុង​​​រៀបចំ​​​ផែន​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​និរទេស​​​ខ្លួនមួយ​​​ដើម្បី​​​ប្រឆាំង​​​រដ្ឋាភិបាល​​​យោធា​​​នេះ​​​។ វិទ្យុ អេប៊ីស៊ី នេះ​​​បាន​​​ប៉ាន់​​​ស្មាន​​​ដោយ​​​ចំហ​​​ថា កម្ពុជា​​​អាច​​​ធ្វើ​​​ជា​​​ទីតាំង​​​របស់​​​រដ្ឋាភិបាល​​​និរទេស​​​ខ្លួន។

ទោះជាយ៉ាង​​​ណា នៅ​​​ឯពិធី​​​ចែក​​​សញ្ញាបត្រ​​​កាលពី​​​ម្សិលមិញ​​​នេះ លោក ហ៊ុន សែន បាន​​​ច្រាន​​​ចោលពាក្យ​​​ចចាមអារ៉ាម​​​ដែល​​​ថា កង​​​កម្លាំង​​​របស់​​​លោក​​​ ថាក់ស៊ីន អាច​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​រៀបចំ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ផ្ទុយទៅវិញ​​​លោក​​​បាន​​​អំពាវ​​​នាវ​​​ឲ្យពួក​​​អាវ​​​ក្រហម​​​រង់ចាំ​​​រដ្ឋាភិបាល​​​យោធា​​​នេះ​​​រៀបចំការ​​​បោះ​​​ឆ្នោត​​ថ្មី​​​នៅ​​​ក្នុង​​​ប្រទេស​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​កន្លះ​​​ ឬពីរ​​​ឆ្នាំ​​​ទៀត​​​”។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំសូម​​​បញ្ជាក់​​​ថា កម្ពុជា​​​មិនមែនជាកន្លែង​​​សម្រាប់​​​ផ្ដល់​​​ឲ្យ​​​ប្រទេស​​​ណាមួយ​​​ ឬក្រុមណាមួយ​​​របស់​​​ថៃ​​​ ឬប្រទេសណាមួយ​​​បង្កើត​​​រដ្ឋាភិបាល​​​និរទេស​​​ខ្លួន​​​ទេ ហើយ​​​រដ្ឋធម្មនុញ្ញ​​​កម្ពុជា​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​កម្ពុជា​​​ធ្វើ​​​ជា​​​ទីកន្លែង​​​ប្រឆាំង​​​នឹង​​​ប្រទេស​​​ណាមួយដែរ​​​”។

លោក​​​ ហ៊ុន សែន ក៏បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា រដ្ឋាភិបាល​​​និរទេស​​​ខ្លួនអាច​​​ធ្វើ​​​ឲ្យ​​​លោក​​​ស្រី​​​ យីងឡាក់ លោក ថាក់ស៊ីន និង​​​គណបក្ស​​​ភឿថៃ​​​ជួប​​ហេតុ​ការណ៍​​ណាមួយ​​​ ហើយ​​​បាន​​​ស្នើ​​​ឲ្យ​​​អ្នក​​​ទាំងពីរ​​​ច្រាន​​​ចោល​​​ការ​​​អះអាង​​​ជាសាធារណៈ​​​របស់​​​លោក អ៊ែមស្ទើដាម ។

មុន​​​ពេល​​​​​ប្រាប់ថា លោក​​​សូម​​​ផ្ដល់​​​យោបល់​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​វិភាគនយោបាយ​​​ មិន​​​មែន​​​ជា​​​នាយក​​​រដ្ឋមន្ត្រី​​​កម្ពុជា​​​នោះ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យោបល់​​​នេះ​​​ ប្រសិន​​​បើ​​​ខ្ញុំជា​​​លោក​​​ ថាក់ស៊ីន វិញ ខ្ញុំ​​​នឹង​​​ច្រាន​​​ចោល​​​ឥឡូវ​​​នេះ។ ប្រសិន​​​បើ​​​ខ្ញុំជា​​​ យីងឡាក់ ខ្ញុំ​​​ច្រាន​​​ចោល​​​វាភ្លាម​​​ ពីព្រោះវាជា​​​យោបល់​​​គ្រោះ​​​ថ្នាក់​​​ណាស់​​​”។ លោក​​​បាន​​​បន្ថែមទៀត​​​ថា “យោបល់នេះ​​​អាច​​​ធ្វើ​​​ឲ្យ​​​ យីងឡាក់ និង​​​ ថាក់ស៊ីន ស្លាប់​​​”។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ក៏បានអំពាវ​​​នាវ​​​ឲ្យ​​​​​​​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​គោរព​​​បទ​​​បញ្ជា​​​របស់​​​យោធា​​​ថៃ​​​ និង​​​កុំចូលរួម​​​នៅ​​​ក្នុង​​​សកម្មភាព​​​ណាមួយ​​​ដែល​​​គេ​​​ចាត់​​​ទុក​​​ថា ជា​​​សកម្មភាព​​​នយោបាយ​​​ ឬបះបោរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “សូមកុំចូល​​​រួមជាមួយ​​​ក្រុម​​​ណាមួយ​​​ដើម្បី​​​ប្រឆាំង​​​ក្រុម​​​ណា​​​មួយ​​​ទៀត​​​”។

លោក ហ៊ុន សែន បាន​​​ឡើង​​​ធ្វើ​​​ជានាយក​​​រដ្ឋមន្ត្រីដំបូង​​​ក្រោមរបប​​​​​​សាធារណរដ្ឋ​​​ប្រជា​​​មានិត​​​កម្ពុជា ដែល​​​គាំទ្រ​​​ដោយ​​​វៀតណាម​​​ ដែល​​​បាន​​​តស៊ូ​​​​​ប្រយុទ្ធ​ចន្លោះពីទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ ដល់​​​ដើ​​​ម​​​ទសវត្សរ៍ឆ្នាំ​​​១៩៩០​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​និរទេស​​​ខ្លួន​​​របស់​​​កម្ពុជា​​​នៅ​​​តាម​​​ព្រំដែន​​​ថៃ​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​មនុស្ស​​​ផ្សេង​​​ទៀត​​​មក​​​ពី​​របប​​​នានា​​​ចន្លោះពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០​​​ដល់​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​។

កង​​​កម្លាំង​​​និរទេស​​​ខ្លួន​​​ទាំង​​​នោះ​​​មាន​​​ការ​​​​​​គាំទ្រ​ពី​​​ថៃ​​​ អាមេរិក និង​​​ចិន ហើយ​​​ជារឿយៗ​​​បាន​​​ដក​​​ខ្លួន​​​ទៅ​​​ក្នុង​​​ទឹកដីថៃ​​​ដើម្បីទប់ទល់​​​នឹង​​​យោធា​​​ដ៏ខ្លាំង​​​របស់​​​ប្រទេស​​នេះ​​​នៅពេល​​​មាន​​​ការ​​​វាយ​​​​​​ប្រហារ​​​ពី​​​កង​​​កម្លាំង​​​វៀតណាម និង​​​សាធារណរដ្ឋប្រជាមានិត​​​កម្ពុជា​​​។

ក្រសួង​​​ការ​​​បរទេស​​​ក៏បានចេញ​​​សេចក្ដី​​​ប្រកាស​​​ព័ត៌មានមួយ​​​ដែរ​​​កាលពីម្សិលមិញ​​​ដើម្បី​​​ជូន​​​ដំណឹង​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​អំពី​​​បម្រាម​​​គោចរ​​​ដែល​​​យោធា​​​ថៃ​​​បាន​​​ដាក់​​​ពីម៉ោង​​​១០​​​យប់​​​ដល់​​​ម៉ោង​​​៥ព្រឹក​​​ និង​​​បាន​​​ប្រកាស​​​ថា ស្ថានទូត​​​កម្ពុជា​​​ប្រចាំទីក្រុង​​​បាងកក​​​បាន​​​បង្កើត​​​ខ្សែទូរស័ព្ទ​​​ទាន់​​​ហេតុការណ៍សម្រាប់​​​អ្នក​​​មាន​​​បញ្ហា​​​បន្ទាន់”។

លោក កុយ គួង អ្នកនាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​និយាយ​​​ថា “មិនមាន​​​បញ្ហា​​​ទេ​​​​​​ប្រសិន​​​បើ​​​ប្រជា​​​ជន​​​ខ្មែរ​​​របស់​​​យើង​​​គោរព​​​បទ​​​បញ្ជា​​​ និ​ង​​​ច្បាប់​​​របស់​​​គេ៕ គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស