32.5 C
Phnom Penh

ក្រុមហ៊ុន Grand Twins ​​ពន្យារពេល​ចុះ​បញ្ជី​ផ្សារ​ហ៊ុន​ជាថ្មីម្តងទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន Grand Twins International (Cambodia) Co.Ltd. ​ជាក្រុមហ៊ុនផលិត​សម្លៀក​បំពាក់​​​​កីឡា​​អត្តពលកម្ម​អាមេរិក​​បាន​ពន្យារពេល​ការ​ចុះ​បញ្ជី​​របស់​ខ្លួនជាថ្មី​ម្តង​ទៀត​​នៅលើ​ផ្សារ​ហ៊ុន​កម្ពុជា​(CSX) នេះបើយោងតាមអ្នកធានារបស់​ក្រុមហ៊ុននេះ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។

យោងតាម​លោក គុយ វ៉ាត់ ប្រធាន​​ផ្សារ​​ហ៊ុន​ភ្នំពេញ ​(PPS) ជា​​អ្នកធានា​របស់​ក្រុម​ហ៊ុន​ Grand Twins បានឲ្យដឹងថា ក្រុម​ហ៊ុននេះ​រំពឹងនឹង​​ចុះបញ្ជី​នៅថ្ងៃនេះ​ ប៉ុន្តែ​​​ដោយ​សារ​តែ​បញ្ហា​​បច្ចេក​ទេស​​ធ្វើ​​ឲ្យ​ក្រុម​​ហ៊ុន​នេះ​ត្រូវ​ពន្យារ​​ពេល​។ លោកមាន​ប្រសាសន៍ថា ​”ផ្អែកលើ​​ព័ត៌មាន​​ដែល​ខ្ញុំ​​​ទទួលបាន ​វានឹង​ត្រូវ​ពន្យារ​ពេល។​ ​មាន​បញ្ហា​បច្ចេកទេសខ្លះ​​ដែល​នាំឲ្យមានការ​​​ពន្យារ​ពេល​”។

លោក វ៉ាត់ ​បាន​បដិសេធ​​មិន​បរិយាយ​លម្អិត​​ទេ ហើយ​​បានមាន​ប្រសាសន៍ថា លោក​មិន​ដឹងថា ពេលណា​ក្រុម​ហ៊ុន​នេះ​នឹង​​ចុះ​បញ្ជី​ឡើយ​​​។ លោកបាន​ឲ្យដឹងថា” អ្នក​​អាច​​​សួរ​នាយក​ប្រធាន​ប្រតិបត្តិ​បាន ​ពីព្រោះ​​គាត់​ជា​មនុស្ស​តែម្នាក់​​​គត់ ដែល​​អា​ច​កំណត់​កាល​បរិច្ឆេទ​ជាក់លាក់​​”។

អេដឌី លីអៅ (Eddie Liao) ប្រធាននាយក​ប្រតិបត្តិ​​របស់​ក្រុម​ហ៊ុន Grand Twins មិនអាច​ទាក់​​ទង​សំុការ​​អត្ថា​ធិប្បាយ​​​​បានទេ។

លោក ឡាមុន សូឡេល (Lamun Soleil) ​​អនុប្រធាន​​ផ្នែក​ប្រតិបត្តិការ​ទីផ្សាររបស់​ CSX ​បាន​មាន​ប្រសាសន៍ថា CSX គ្មានព័ត៌មាន​​ថ្មីអំពីការ​​ចុះ​បញ្ជី​របស់​ក្រុម​ហ៊ុន Grand Twins ទេ។

លោក​បាន​ឲ្យដឹងថា “​ដូចដែល​​បណ្តាញ​​ព័ត៌មាន​​លើកឡើង​ថា ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ត្រូវ​បាន​កំណត់​​ដោយ PPS ខ្លួនឯង​។ យើង​មិនអាចនិយាយ​អ្វីថា ​ក្រុម​ហ៊ុន​​នេះ​នឹង​ចុះ​​​បញ្ជី​​​​នៅ​ពេលណាទេ ​​​ពីព្រោះ​​​យើងមិនបាន​ទទួល​ឯកសារណាមួយ​​​ពីក្រុម​​ហ៊ុនឡើយ​”។ លោកបាន​បន្តថា “ក្រុមហ៊ុន CSX មិនបាន​​យល់​ស្របជា​​មួយ​ក្រុម​ហ៊ុន​​​េនះ​ ពាក់​ព័ន្ធ​នឹង​ការ​​ចុះ​បញ្ជី​នៅ​ឡើយទេ​ ​ពីព្រោះ​​ថា តើ​ក្រុម​ហ៊ុននេះ​​​អាច​ចុះ​បញ្ជីយ៉ាងម៉េចកើត ខណៈ​​​ដែល​​ក្រុមហ៊ុននេះ​​​គ្មាន​ឯកសារ​គ្រប់គ្រាន់​​សម្រាប់ការ​ចុះបញ្ជីនោះ?”។

ដើមឡើយ​ក្រុមហ៊ុន Grand Twins គ្រោងនឹង​​ចុះ​បញ្ជី​​ឈ្មោះនៅថ្ងៃ​​ទី​៨ ខែ​ឧសភា ប៉ុន្តែ​​នៅ​​ពាក់​កណ្តាល​​​ខែ​មេសា ​ផ្សារ​ហ៊ុន PPS ​​បាន​ចេញ​​សេចក្តីប្រកាស​មួយ​​​ដែលថា ​កាល​​បរិច្ឆេទ​​ត្រូវបាន​ពន្យារ​ដល់​ថ្ងៃទី​២៩ ខែ​ឧសភា។ ​ក្រុមហ៊ុននេះ​មិនបាន​​ផ្តល់​ការ​​ពន្យល់​ទេ​។

​គ្មានការ​ចេញ​សេចក្តីប្រកាស​​​នៅ​​គេហទំព័រផ្សារហ៊ុនភ្នំពេញកាល​ពីម្សិលមិញទេ ប៉ុន្តែ​​ផ្ទាំង​បដា​ធំមួយ​​បាន​បង្ហាញ​​លទ្ធផល​​​​ដំណើរការ​​​ចុះបញ្ជី​​របស់​ក្រុម​ហ៊ុន​ GrandTwins ​ដែល​កត់ត្រា​តម្រូវការ​​របស់​វិនិយោគិន​ ក្នុងការ​​កំណត់​តម្លៃ​​សម្រាប់​ IPO​។

ការ​ចុះ​​​បញ្ជី​តម្លៃ​ផ្សារហ៊ុន​ចុងក្រោយ​​សម្រាប់ក្រុម​​ហ៊ុន Grand Twins គឺ ៩.៦៤០រៀល ឬ​ប្រហែល​​២.៤១ដុល្លារ។ ក្រុមហ៊ុន Grand Twins ​នឹង​ជាក្រុម​ហ៊ុន​​​ទី២នៅលើ​ផ្សារ​ហ៊ុន​ និង​ជា​ក្រុម​ហ៊ុន​​ឯក​​ជនដំបូង​​​ដែល​​​ធ្វើ​​ពាណិជ្ជកម្មភាគ​​ហ៊ុន នៅពេល​​ចុះ​បញ្ជី​រួច។ ​រដ្ឋាករ​ទឹកស្វយ័ត​ភ្នំពេញ​​គ្រប់​គ្រងដោយរដ្ឋបាន​ចុះ​បញ្ជី​ដំបូង​គេ​ក្នុងខែ​មេសា​ឆ្នាំ​២០១២​៕​ ប៊ុននី​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស