30 C
Phnom Penh

លោក​​​ វន់​​​ ពៅ​​​ និង​​​បាតុករ​​​២៤​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធ​​​នាគារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃសុក្រ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​មនុស្ស​​​២៥​​​នាក់​​​ឲ្យ​​​ជាប់​​​ពិរុទ្ធ​​​ភាព​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​​​ជាច្រើន​​​ករណី​​​ដែល​​​កើ​​​ត​​​ចេញ​​​ពី​​​ការ​​​តវ៉ា​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​ចំនួន​​​បី​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ប៉ុន្តែ បុរស​​​២២​​​នាក់​​​ដែល​​​​​​សំណើ​​​សុំ​​​នៅ​​​​​​ក្រៅ​​​ឃុំ​​​​​​របស់​​​ពួក​​​គេ​​​នៅ​​​មុន​​​សវនាការ​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​នោះ​​​ ​​​ ទោស​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ព្យួរ ហើយ​​​បាន​​​ចាក​​​ចេញ​​​ពី​​​តុលាការ​​​ដោយ​​​មាន​​​សេរីភាព។  Siv-channa06

សាល​​​ក្រម​​​នេះ បាន​​​បញ្ចប់​​​ការ​​​តស៊ូ​​​តាម​​​ផ្លូវ​​​ច្បាប់​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ដែល​​​បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​​​​ការ​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​បង្ក្រាប​​​ភាព​​​ចលាចល​​​នៅ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ ដែល​​​ផ្តល់​​​ការ​​​ងារ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​៦០០.០០០នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​ជា​​​ស្ត្រី​​​ក្មេង​​​ៗ។ សហជីព​​​ដែល​​​ស្ថិត​​​នៅ​​​ពី​​​ក្រោយ​​​កូដ​​​កម្ម​​​ទាំង​​​នេះ​​​បាន​​​តវ៉ាចំពោះប្រាក់​​​ខែ​​​​​​តិច​​​តួច​​​មិន​​​អាច​​​រស់​​​បាន​​​ កង្វះ​​​ការ​​​ការ​​​ពារ​​សិទ្ធិ​​​របស់​​​កម្មករ​​​ និង​​​ការ​​​ខំប្រឹង​​​ប្រែង​​​របស់​​​រោង​​​ចក្រ​​​ដើម្បី រឹត​​​បន្តឹង​​​សិទ្ធិ​​​សេរីភាព​​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ និង​​​ការ​​​រៀប​​​ចំ​​​​​​ការ​​​តវ៉ា​​​។

ស្ថាន​​​ភាព​​​តាន​​​តឹង​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​ខាង​​​ក្រៅ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ ដែល​​​មាន​​​ការ​​​ដាក់​​​របាំង​​​បិទ​​​ផ្លូវ​​​ជាថ្មី​​​ម្តង​​​ទៀត​​​រារាំង​​​​​​អ្នក​​​តវ៉ា​​​​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ខាង​​​ក្នុង​​​បាន​​​នោះ ​​​បាន​​​បញ្ចប់​​​​​​ទៅ​​​ដោយ​​​សេចក្តី​​​ត្រេក​​​អរ បន្ទាប់​​​ពី​​​តុលាការ​​​បាន​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​មុន​​​ម៉ោង​​​៩​​​ព្រឹក​​​បន្តិច​​​ ខណៈ​​​ដែល​​​អ្នក​​​គាំទ្រ​​​ឱប​​​គ្នា​​​ និង​​​ស្រែក​​​ឡើង​​​ថា “យើង​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​​​​ហើយ​​​!” ។

ការ​​​អនុវត្ត​​​តាម​​​ដីកា​​​បង្គាប់​​​​​​របស់​​​តុលាការ​​​ឲ្យ​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​នេះ​​​មិន​​​បាន​​​ចំណាយ​​​ពេល​​​យូរ​​​ឡើយ​​​​​​។ បុរស​​​២២​​​នាក់​​​ត្រូវ​​​បាន​​​ដឹក​​​តាម​​​រថយន្ត​​​​​​មួ​​​យ​​​គ្រឿង​​​ចេញ​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ឆ្ពោះ​​​ទៅ​​​មណ្ឌល​​​កែ​​​ប្រែ​​​ទី​​​១​​​នៃ​​ពន្ធនាគារ​​​ព្រៃ​​​ស ហើយ​​​បន្ទាប់​​​មក​​​ពួកគេ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​នៅ​​​មុន​​​ពេល​​​ថ្ងៃ​​​ត្រង់​​​។ អ្នក​​​ទោស​​​ដែល​​​ទើប​​​ទទួល​​​បាន​​​ការ​​​ដោះ​​​លែង​​​ទាំង​​​នេះ​​​ បាន​​​ជួប​​​ជាមួយ​​​អ្នក​​​​​​គាំ​​​ទ្រ​​​ប្រហែល​​​៦០០នាក់​​​ ហើយ​​​អ្នក​​​គាំទ្រ​​​ទាំង​​​នោះ​​​បាន​​​ពាក់​​​កម្រង​​​ផ្កា​​​​​​ម្លិះ​​​ឲ្យ​​​​​​ពួក​​​គេ​​​។ ពួកគេ​​​បាន​​​ធ្វើ​​​ដំណើរ​​​​​​តាម​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​​​​ភ្លាមៗ​​​ឆ្ពោះ​​​សាលា​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ហើយ​​​នៅ​​​តែ​​​ត្រូវ​​​បាន​​​សន្តិសុខ​​​ខណ្ឌ​​​ប្រហែល​​​២០​​​នាក់​​​រាំង​​​ផ្លូវ​​​មិន​​​ឲ្យ​​​ចូល​​​​​​។ អ្នក​​​ហែ​​​ក្បួន​​​បាន​​​ស្រែក​​​ថា  “​លោក​​​ឯង​​​ជា​​​ឆ្កែ​​​ លោក​​​ឯង​​​ជា​​​មនុស្ស​​​អាក្រក់​​​។ លោក​​​ឯង​​​មិន​​​​​​ចេះ​​​ស្រឡាញ់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែ​​​រ​​​ខ្លួន​​​​​​ឯង​​​ទេ”។

លោក​​​ វន់ ពៅ​​​ មេ​​​ដឹក​​​នាំ​​​សហជីព​​​ និង​​​ជា​​​បុគ្គល​​​សំខាន់​​​បំផុត​​​ក្នុង​​​ចំណោម​​​ជន​​​ជាប់​​​ចោទ​​​ទាំង​​​នេះ បាន​​​និយាយ​​​អំពី​​​សារៈសំខាន់​​​នៃ​​​សវនាការ​​​​​​នេះ​​​ មុន​​ពេល​​​ទទួល​​​ការ​​​ប្រោះ​​​ព្រំ​​​ពី​​​ព្រះសង្ឃ​​​មួយ​​​ក្រុម​​​ បន្ទាប់​​​ពី​​​វិល​​​ត្រឡប់​​​ទៅ​​​ទី​​​ស្នាក់ការ​​​កណ្តាល​​​របស់​​​សមាគម​​​ប្រជា​​​ធិបតេយ្យ​​​​​​ឯករាជ្យ​​​នៃ​​​សេដ្ឋ​​​កិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​របស់​​​លោក​​​វិញ​​​​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ដោយ​​​សារ​​​តែ​​​​​​មាន​​​សម្ពាធ​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ  ទី​​​ផ្សារ​​​ និង​​​សហជីព​​​អន្ត​​​រ​​​ជាតិឲ្យ​​​លើក​​​ស្ទួយ​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ប្រទេស​​​ឡើង​​​វិញ​​​ តុលាការ​​​បាន​​​​​​ព្យួរ​​​ទោស​​​របស់​​​ខ្ញុំ​​​។ ប៉ុន្តែ ខ្ញុំ​​​នឹ​​​ង​​​ពិ​​​ភាក្សា​​​ជាមួយ​​​មេធាវី​​​របស់​​​ខ្ញុំ​​​ [ អំពី​​​ការ​​​ប្តឹង​​​ទាស់​​​សាល​​​ក្រម​​​ផ្តន្ទា​​​ទោស​​​នេះ​​​ ] ដើម្បី​​​​​ទទួល​​​បាន​​​យុត្តិធម៌​​​​​១០០​​​​​​ភាគ​​​រយ​​​”។

រឿង​​​ក្តី​​​ទាំង​​​បី​​​នេះ​​​បាន​​​កើត​​​ឡើង​​​​​​ចន្លោះ​​​ពេល​​​រាប់​​​ខែ​​​ផ្សេង​​​ពី​​​គ្នា​​​។​​​ នៅ​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​វិច្ឆិកា​​​ ក្មេង​​​ជំទង់​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន បន្ទាប់​​​ពី​​​​​​ពួកគេ​​​នៅ​​រេរង់​​​ជិត​​​កន្លែង​​​​​បាតុកម្ម​​​​​​មួយ​​​របស់​​​​​​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អេស​​​អិល​​​ ក្បែរ​​​​​​វត្ត​​​ស្ទឹង​​​​​​មាន​​​ជ័យ។ ពួកគេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ  បទ​​​ជេរ​​​ប្រមាថ​​​ និង​​​ប្រឆាំង​​​​​​មន្ត្រី​​​រាជ​​​ការ។

ក្មេង​​​ប្រុស​​​ ម៉ែន សុខ​​​សម្បត្តិ​​​ អាយុ​​​១៥​​​ឆ្នាំ​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ក្មេង​​​ជំទង់​​​ទាំង​​​ពីរ​​​នាក់​​​នេះ បាន​​​សារភាព​​​អំឡុង​​​សវនាការ​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​គប់​​​ដំ​​​ថ្ម​​​មួយ​​​ចំនួន​​​ទៅ​​​លើ​​​នគរបាល​​​មែន​​​ នៅ​​​ពេល​​​បាតុកម្ម​​​នោះ​​​បាន​​​ឈាន​​​ទៅដល់​​​ការ​​​ប៉ះ​​​ទង្គិច​​​បង្ហូរ​​​ឈាម​​​គ្នា ហើយ​​​កាល​​​នោះ​​​នគរ​​​បាល​​​បាន​​​បាញ់​​​ស្លាប់​​​អ្នក​​​លក់​​​បាយ​​​ម្នាក់​​​ឈ្មោះ អេង សុខុម ។ ក្រោយ​​​មក​​​ ក្មេង​​​ជំទង់​​​ដែល​​​ទទួល​​​បាន​​​​​​ការ​​​ដោះ​​​លែងឲ្យ​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​បណ្តោះ​​​អាសន្ន​​​មុន​​​សវនាការ​​​នេះ​​​ ត្រូវ​​​បាន​​​គេ​​​មើល​​​ឃើញ​​​រើស​​​បំណែក​​​ដែក​​​អេតចាយ​​​ពី​​​ភ្លើង​​​​​​កំពុង​​​ឆេះ​​​​​​​​​បង្ក​​​ឡើង​​​ដោយ​​​បុរស​​​មួយ​​​ក្រុម​​​ទៀត​​​ដែល​​​បាន​​​លើក​​​​​​រថយន្ត​​​នគរបាល​​​មួយ​​​គ្រឿង​​​ក្រឡាប់​​​ ហើយ​​​ដុត​​​វា​​​ចោល​​​។

យុវជន​​​ វណ្ណី វ៉ាន់​​​ណន​​​ អាយុ​​​១៩​​​ឆ្នាំ​​​​​​ជា​​​សហ​​​ចុង​​​ចោទ​​​របស់​​​ក្មេង​​​ប្រុស​​​ ម៉ែន សុខ​​​សម្បត្តិ​​​ មិន​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទេ ហើយ​​​បាន​​​ជាប់​​​ពន្ធ​​​នាគារ​​​បណ្តោះ​​​អាសន្ន​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​។ ម៉ែន​​​ សុខ​​​សម្បត្តិ ត្រូវ​​​បាន​​​​​​តុលាការ​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​ដោយ​​​ការ​​​កាត់​​​តម្រឹម​​​ទោស​​​​​​ដែល​​​រូប​​​គេ​​​បាន​​​អនុវត្ត​​​ទោស​​​រួច​​​ ចំណែក​​​ឯ​​​ការ​​​ព្យួរ​​​​​​ទោស​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​របស់​​​​​​ វណ្ណី វ៉ាន់​​​ណន រាប់​​​បញ្ចូល​​​ទាំង​​​រយៈ​​​ពេល​​​ដែល​​​រូប​​​គេ​​​ជាប់​​​ពន្ធនាគារ​​​រួច​​​ផង​​​ដែរ​​​។

នៅ​​​ពេល​​​គេ​​​នាំ​​​ខ្លួន​​​ចេញ​​​ពី​​​តុលាការ​​​ វណ្ណី វ៉ាន់​​​ណន និយាយ​​​ថា “វា​​​អយុត្តិធម៌​​​ណាស់​​​​​​ ខ្ញុំ​​​គ្មាន​​​កំហុស​​​ទេ​​​ ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ដូច​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ឡើយ​​​”។

យុទ្ធ​​​នាការ​​​​​​ដ៏ជោ​​​គ​​​ជ័យ​​​មួយ​​​ដើម្បី​​​កៀរគរ​​​កម្មករ​​​ឲ្យ​​​ធ្វើ​​​កូដ​​​កម្ម​​​ និង​​​តវ៉ា​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​១៦០​​​ដុល្លារ​​​ដែល​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ដំណាច់​​​ខែ​​​ធ្នូ ​​​ត្រូវ​​​បាន​​​កង​​​កម្លាំង​​​រដ្ឋាភិបាល​​​បង្ក្រាប​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​មករា​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី ២ ខែ​​​មករា​​​ សកម្ម​​​ជន​​​សហជីព​​​ កម្មករ​​​កាត់​​​ដេរ​​​ និ​​​ង​​​ព្រះ​​​​​​សង្ឃ​​​បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយ​​​ទាហាន​​​មក​​​ពី​​​អង្គភាព​​​ទ័ព​​​ឆត្រ​​​យោង​​​លេខ​​​៩១១​​​នៃ​​​កង​​​កម្លាំង​​​យោធពល​​​ខេមរភូមិន្ទ​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ យ៉ាក​​​ជីន​​​ របស់​​​កូរ៉េខាង​​​ត្បូង​​​ ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជ​​​ធា​​​នី​​​ភ្នំពេញ​​​។ ក្នុង​​​ចំណោម​​​​​​មនុស្ស​​​១៥​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ដំបូង ព្រះសង្ឃ​​​ប្រាំ​​​អង្គ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​មក​​​វិញ​​​ ហើយ​​​មនុស្ស​​​១០​​​នាក់​​​ទៀត​​​ត្រូ​​​វ​​​បាន​​​ចោទ​​​ប្រកាន់​​​។

នៅ​​​ក្នុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​ កែវ មុនី​​​ បាន​​​សម្រេច​​​ឲ្យ ​​​​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​រួ​​​ច​​​ផុត​​​​​​ការ​​​ចោទ​​​ប្រកាន់ក្នុង​​​ចំណោម​​​មនុស្ស​​​១០​​​នាក់​​​ដែល​​​ត្រូ​​​វ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​រោង​​​ចក្រ​​​យ៉ាក​​​ជីន ​​​ពី​​​បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​មាន​​​​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ ប៉ុន្តែ បាន​​​តម្កល់​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​អំពើ​​​ហិង្សា​​​សម្រាប់​​​បុរស​​​ទាំង​​​អស់​​​នេះ​​​។ លោក បាន​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​​​​ពួកគេ​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​​​​ក្នុង​​​ម្នាក់​​​ៗ​​​ចន្លោះ​​​​​​ពី​​​ពីរ​​​ឆ្នាំ​​​កន្លះ​​​ទៅ​​​បួន​​​ឆ្នាំ​​​កន្លះ​​​។ បួន​​​នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​ទាំង​​​នេះ រួម​​​ទាំង​​​លោក វន់​​​ ពៅ ផង​​​​​​ ត្រូ​​​វ​​​បាន​​​​​​តុលាការ​​​បង្គាប់​​​​​​ឲ្យ​​​បង់​​​ប្រាក់​​​ពិន័​​​យ​​​ប្រាំ​​​បី​​​លាន​​​រៀល​​​ក្នុង​​​ម្នាក់​​​ៗ​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​ទៅលើ​​​អ្នក​​​តវ៉ា​​​​​​​​​ដែល​​​ប្រដាប់​​​ដោយ​​​ដំ​​​ុ​​​ថ្ម  និង​​​គ្រាប់​​​បែក​​​សាំង​​​ នៅ​​​លើ​​​កំណាត់​​​ផ្លូវ​​​វេង​​​ស្រេង​​​ បណ្តាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​ស្លាប់​​​ និ​​​ង​​​ជាង​​​៤០​​​នាក់​​​ទៀត​​​រង​​​របួស​​​។ សកម្មជន​​​សហជីព​​​ និង​​​កម្មករ​​​ចំនួន​​​១៣​​​នាក់​​​ត្រូវ​​​បាន​​​វាយ​​​ដំ ឃុំ​​​ខ្លួន និង​​​ចោទ​​​ប្រកាន់​​​។

នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ លាង សំណាត បាន​​​តម្កល់​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​រួម​​​មាន ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា និង​​​ការ​​​​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ដោយ​​​ចេតនា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស ប៉ុន្តែ បាន​​​សម្រេច​​​ព្យួរ​​​​​​ទោស​​​ចន្លោះ​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​បួន​​​ឆ្នាំ​​​ដល់​​​ចុង​​​ចោទ​​ទាំង​​​នេះ​​ ដែល​​​ក្នុង​​​នោះ​​​ម្នាក់​​​មិន​​​បាន​​​ចូល​​​រួម​​​ស្តាប់​​​​​​សវនាការ​​​នេះ​​​ទេ។

ចៅក្រម លាង សំណាត់ បាន​​​ច្រាន​​​ចោល​​​​​​ការ​​​ទាម​​​ទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​២៣៧.២៩០​​​ដុល្លារ​ដោយ​​​លោក​​​ ស៊ីម ស៊ូយ៉េង​​​ នាយក​​​គ្លីនិក​​​ឯករាជ្យ​​​ ដែល​​ត្រូវ​​​បាតុករ​​​​​​ចូល​​​លុក​​​លុយ​​​វា​​​យ​​​កម្ទេច បន្ទាប់​​​ពី​​​​​​គ្លីនិក​​​នេះ​​​មិន​​​ព្រម​​​ទទួល​​​ព្យាបាល​​​កម្ម​​​ករ​​​ដែល​​​ត្រូវ​​​នគរបាល​​​បាញ់​​​។ ទោះ​​​បី​​​ជាមាន​​​ការ​​​ដោះ​​​លែង​​​ចុង​​​ចោទ​​​ទាំ​​​ង​​​នេះ​​​ក្តី ក៏​​​សវនាការ​​​នេះ​​​នៅ​​​តែ​​​ទទួល​​​រង​​​ការ​​​​​ថ្កោល​​​ទោស​​​ពី​​​សំណាក់​​​អង្គការ​​​ផ្តល់​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ និ​​​ង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ដែរ​​​។

សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ដែល​​​ចុះ​​​ហត្ថលេខា​​​រួម​​​គ្នា​​​ដោយ​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​មួយ​​​ក្រុម​​​ និង​​​​​​បណ្តា​​​ក្រុម​​​សហគមន៍​​​ បាន​​​ស្វាគមន៍​​​ការ​​​ដោះលែង​​​បុរស​​​ទាំង​​​នេះ ប៉ុន្តែ បាន​​​សម្តែង​​​ “ការ​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​ផ្តន្ទា​​​ទោស​​​មនុស្ស​​​ទាំង​​​២៥​​​នាក់​​​នេះ និង​​​ការ​​​ពិន័យ​​​ប្រាក់​​​យ៉ាង​​​ច្រើន​​​លើ​​​ពួកគេ​​​មួយ​​​ចំនួន ក្រោយ​​​ពី​​​អ្វី​​​ដែល​​​គ្រប់​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​ឯករាជ្យ​​​ចាត់​​​ទុក​​​ថា ជា​​​ដំណើរ​​​ការ​​​កាត់​​​ក្តី​​​មួយ​​​ដែល​​​មាន​​​គុណ​​​វិបត្តិ​​​ខ្លាំង​​​”។

កញ្ញា ឆាយ ឈុន​​​លី អ្នក​​​សម្រប​​​សម្រួល​​​គម្រោង​​​នៃ​​​កម្ម​​​វិធី​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​​​​មជ្ឈ​​​មណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បាន​​​លើក​​​ឡើង​​​ថា កញ្ញា [ ខ​​​ក​​​ចិត្ត​​​ ] ចំពោះ​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​នេះ។ កញ្ញា​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ការ​​​ខ្វះ​​​ភ័ស្តុ​​​តាង​​​ដាក់​​​បន្ទុក​​​​​​​​បង្ហាញ​​​ថា សាល​​​ក្រម​​​នេះ​​​ផ្អែក​​​លើ​​​ការ​​​ពិចារណា​​​ខាង​​​នយោបាយ​​​ជាជាង​​​ភ័ស្តុ​​​តាង។ ការ​​​ចាប់ខ្លួន​​​ និង​​​ការ​​​ផ្តន្ទា​​​ទោស​​​​​​ពួកគេ​​​ បាន​​​ក្លាយ​​​ជា​​​​​និមិត្ត​​​សញ្ញា​​​នៃ​​​និន្នាការ​​​មួយ​​​របស់​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ដើម្បី​​​គាប​​​​​សង្កត់​​​អ្នក​​​ការពារ​​​សិទ្ធិមនុស្ស​​​ និង​​​អ្នក​​​តវ៉ា​​​”។

ការ​​​ផ្តន្ទា​​​ទោស​​​នេះ​​​នឹង​​​រឹត​​​បន្តឹង​​​សកម្មភាព​​​សហជីព​​​របស់​​​ពួកគេ​​​នៅ​​​ថ្ងៃ​​​ខាង​​​មុខ​​​ ទោះ​​​បី​​​ជា​​​ពួកគេ​​​មាន​​​សេរីភាព​​​វិញ​​​ក៏ដោយ​​​។ កាល​​ពី​​​ខែ​​​មីនា មាន​​​ព័ត៌មាន​​​ថា រដ្ឋាភិបាល​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​​​​តម្រូវ​​​ឲ្យ​​​​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​បញ្ជាក់​​​ថា ខ្លួន​​​គ្មាន​​​​​​ប្រវត្តិ​​​ជាប់​​​ទោស ប្រសិន​​​បើ​​​​​​ពួកគេ​​​​​​ចង់​​​ចុះ​​​បញ្ជី​​​​​​បង្កើត​​​សហជីព​​​ថ្មី​​​។

លោក​​​ ដេវ វែល​​​ (Dave Welsh) នាយក​​​មជ្ឈមណ្ឌល​​​សាមគ្គី​​​ភាព​​​(Solidarity Center) ​​​ជា​​​អង្គការ​​​សិទ្ធិ​​​ការ​​​ងារ​​​​​​​​​​​​មួយ​​​ដែល​​​មាន​​​មូល​​​​​ដ្ឋាន​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​សំណុំ​​​រឿង​​​នេះ​​​បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​គុណ​​​វិបត្តិ​​​​​​នៅ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​ ដែល​​​​​​ចាំ​​​បាច់ត្រូវ​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​​​​មូល​​​ដ្ឋាន​​​  បន្ទាប់​​​ពី​​​ “ទទួល​​​រង​​​សម្ពាធ​​​យ៉ាង​​​ខ្លាំង​​​ពី​​​ឯកជន និង​​​ពី​​សាធារណជន​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា សារ​​​​​​ដែល​​​បញ្ជូន​​​ទៅ​​​ជា​​​លក្ខណៈ​​​ឯកជន ឬ​​​ជា​​​សាធារណៈ​​​នេះ​​​ចង់​​​បង្ហាញ​​​ថា បញ្ហា​​​ផ្សេង​​​ៗទៀត​​​មិន​​​ថាពាក់​​​ព័ន្ធ​​​នឹង​​​ប្រាក់​​​ខែ​​​គោល​​​ទេ​​​ គឺ​​​​​​ស្ទើ​​​រ​​​តែ​​​​​​មិន​​​អាច​​​ទៅ​​​រួច​​​ឡើយ​​​សម្រាប់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​អន្តរ​​​ជាតិ​​​បន្ត​​​បោះ​​​ជំហាន​​​ទៅ​មុខ ប្រសិន​​​បើ​​​មនុស្ស​​​ទាំង​​​២៣​​​នាក់​​​នេះ​​​​​​នៅ​​​តែ​​​​​​ប្រឈម​​​ការ​​​ឡើង​​​សវនាការ​​​ក្រោ​​​យ​​​ពី​​​ការ​​​ជាប់​​​ពន្ធនាគារ​​​នោះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា នោះ​​​ក៏​​​ជា​​​បញ្ហា​​​ធំ​​​មួយ​​​ដែរ​​​សម្រាប់​​​សហ​​​គមន៍​​​អន្តរ​​​ជាតិ សហគមន៍​​​វិនិយោគ និង​​​សហគមន៍​​​ការងារ​​​។ ខ្ញុំ​​​ហ៊ាន​​​និយាយ​​​ថា ​​​ ពេល​​​នេះ​​​មាន​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​​ចំនួន​​​ធំ និង​​អន្តរ​​​ជាតិ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​លើ​​​ស្ថានភាព​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​។ ប្រសិនបើ​​​យើង​​​និយាយ​​​អំពី​​​ទិដ្ឋ​​​ភាព​​​ និង​​​លទ្ធផល​​​ “នៃ​​​សវនាការ​​​ អ្នក​​​​​​អាច​​​និយាយ​​​បាន​​​ថា មានការ​​​ចាប់​​​អារម្មណ៍​​​ច្រើន​​​”។

និយាយ​​​ពី​​​ការ​​​បោះ​​​ជំហាន​​​ទៅ​​​មុខ​​​វិញ លោក ដេវ វែល មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្តោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​ចលនា​​​ការ​​​ងារ​​​ទំនង​​​ជា​​​នឹង​ត្រូវ​​​​​វិល​​​ទៅ​​​រក​​​បញ្ហា​​​ដំឡើង​​​​​ប្រាក់​​​ខែ​​​​​​គោល​​​​​ និង​​​ច្បាប់​​​ស្តី​​​ពី​​​សហជីព​​​កម្មករ​​​​​​ដែល​​​មិន​​​តឹង​​​រឹុង​​​។

យោង​​​តាម​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ហៅ​​​កាត់​​​ថា ILO និង​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​ក៏​​​ត្រូ​​​វ​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ស៊ី​​​ជម្រៅ​​​​​​ផង​​​ដែរ​​​លើ​​​ទង្វើ​​​របស់​​​កង​​​កម្លាំង​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​ទាំង​​​បី​​​នេះ។

ពួកគេ​​​បាន​​​លើក​​​ឡើង​​​ថា  “ការ​​​ប្រឈម​​​តតាំង​​​ដាក់​​​គ្នា​​​បាន​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​ត្រូវ​​​គ្រាប់​​​ស្លាប់​​​ ការ​​​ស្លាប់​​​មនុស្ស​​​ទី​​​៦​​​ដោយសារ​​​របួស​​​ពីការ​​​វាយ​​​ដំ ការ​​​បាត់​​​ខ្លួន​​​មនុស្ស​​​ម្នាក់ និង​​​ការ​​​របួស​​​មនុស្ស​​​ជាច្រើន​​​នាក់​​​ទៀត​​​  ការ​​​ប្រើ​​​ប្រាស់​​​គ្រាប់​​​ពិត​​​ និង​​​ការ​​​វាយ​​​ដំ រួម​​​ទាំង​​​អ្នក​​​ឈរ​​​មើ​​​ល​​​ម្នាក់​​​ដែល​​​​​​ពេល​​​នេះ​​​បាន​​​ធ្លាក់​​​ខ្លួន​​​ពិការ​​​ផង​​​ដែរ​​​”៕ សុខុម

(រាយការណ៍​​​ដោ​​​យ ឃី សុវុឌ្ឍី ឃួន ណារីម គុច ណារ៉េន និង​​​ Lauren Crothers)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស