42.2 C
Phnom Penh

រដ្ឋាភិបាល​ចង់​ឲ្យ​មាន​មន្ត្រី​នគរបាល​ជាស្ត្រីដើម្បី​គ្រប់គ្រង​អ្នកត​វ៉ា​ជា​ស្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍នៅ​សន្និសីទ​កាសែត​កាលពីថ្ងៃសុក្រថា លោក​ចង់​ឃើញមន្ត្រីនគរបាល​ជា​ស្ត្រី​​គ្រប់គ្រង​អ្នក​ត​វ៉ា​ជាស្ត្រី​នៅ​ពេល​មាន​ការ​ធ្វើបាតុកម្ម​នាពេល​អនាគត​។

លោក កែវ រ៉េមី​ បាន​មាន​ប្រសាសន៍ថា អ្នកត​វ៉ា​ជាស្ត្រី​បាន​ប្រើប្រាស់​រៀប​ធ្វើ​បាតុកម្ម​ថ្មីៗ​ក្រោម​​ការ​ណែនាំ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​លោក​មាន​ប្រសាសន៍ថា បាន​​ពាក់ព័ន្ធនឹង​ការ​តវ៉ា​ទាំងនោះ។

លោក កែវ រ៉េមី​ បាន​មាន​ប្រសា​សន៍ថា “ឥឡូវ​នេះបាតុករ​មាន​របៀបធ្វើបាតុកម្ម​​ច្រើនបែបច្រើន​​យ៉ាង​ណាស់ មនុស្ស​មួយ​ចំនួន​រត់​ទៅ​ឱប​អាជ្ញាធរ​ ពេលធ្វើការ​តវ៉ាដោយ​ប្រើដៃរុញច្រាននិង​ទះអាជ្ញាធរ ប៉ុន្តែ​នៅពេល​អាជ្ញាធរ​រុញច្រានវិញ អ្នក​ថត​រូប​ថត​ពួកគេ​ដើម្បី​បង្ហាញថា អាជ្ញាធរ​​ប្រើអំពើហិង្សា”។

លោក​បានមាន​ប្រសាសន៍ថា “មនុស្ស​មួយ​ចំនួន​ទៀត​ដោះសម្លៀកបំពាក់របស់ខ្លួន ដូច្នេះឥឡូវនេះ​យើង​​ត្រូវ​តែ​មាន​អាជ្ញាធរ​ជា​ស្ត្រីដើម្បី​គ្រប់គ្រង ហើយ​កាន់ក្រមា ឬ​សារុង​បាំង​ពួកគេ។ កម្លាំង​សាលារាជធានីមាន​នគរបាលជាស្ត្រី…​បុរស​មិន​អាច​កាន់សារុង​ ឬ​សម្លៀក​បំពាក់​ទៅ​ស្លៀកឲ្យ​អ្នក​ត​វ៉ាទាំងនោះ​បានទេ ហើយ​​មិន​អាច​ប៉ះពាល់​ស្បែក​​របស់ពួកគេ​បាន​ដែរ”។

ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​​ថា មិន​ទាន់មាន​​ផែនការ​បែបនេះទេ។ លោក ឧត្តម​សេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញថា ​មាន​តែ​មន្ត្រី​នគរបាល​ជា​បុរស​ក្នុង​ជួរនគរបាល​សាលារាជធានីនិង​នគរ​បាល​បង្ក្រាប​បាតុកម្ម​ប៉ុណ្ណោះត្រូវ​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​បាត​ុកម្ម។ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍ថា “​យើង​មិន​មាន​មន្ត្រី​ជា​ស្ត្រី​ទេ។ នៅពេល​នេះ​ យើ​ងមិន​ប្រើ​នគរបាល​ជាស្ត្រីដើម្បី​បង្ក្រាប​បាតុកម្មឡើយ”។

លោក ជួន​ សុវណ្ណ ស្នងការ​នគរបាល​រាជធានី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ហើយ​លោក ជួន ណារិន ជាស្នងការ​រង​បាន​ដាក់ទូរស័ព្ទចុះនៅពេល​អ្នក​យក​ព័ត៌មាន​សួរ​អំពី​ការ​លើកឡើង​របស់លោក កែវ រ៉េមី។

លោកស្រី ឆាយ គឹមហន តំណាង​អ្នកតវ៉ា​បញ្ហាវិវាទដីធ្លី​នៅ​បុរីកីឡា​​បាន​និយាយថា ជួន​កាល​​បាតុករ​គ្មាន​ជម្រើស​ក្រៅពី​ដោះ​សម្លៀក​បំពាក់​របស់ខ្លួន​ចេញឡើយ។ អ្នកស្រីបាន​និយាយ​ថា “​ប្រសិន​បើ​លោក កែវ រ៉េមី ឬ​ក្រុម​គ្រួសារ​របស់លោកត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ដី​របស់ខ្លួន​នោះ តើ​ពួកគេ​នឹង​ធ្វើ​យ៉ាងណាវិញ?។ ប្រសិន​បើ​គាត់​ជួបបញ្ហាដូច​ពួកយើងវិញ​ គាត់នឹង​ដឹង​ពី​ការ​ឈឺចាប់​របស់យើង​។

អ្នកស្រី ទេព វន្នី សកម្មជន​មកពី​សហគមន៍បឹង​កក់​​បាន​និយាយថា ជួនកាល​ការ​ឈឺចាប់​របស់​សកម្ម​ជន​សិទ្ធិដីធ្លី​អាច​ត្រូវ​បាន​ធ្វើឡើង​តាម​វិធី​បែបនេះ។ អ្នកស្រី​បាន​និយាយថា “យើង​មិន​មាន​ជម្រើស​ផ្សេង​ឡើយ។ យើង​​បាន​​ត្រឹមតែ​ស្រែកយំ ឬ​ដោះ​សម្លៀក​បំពាក់ចេញ​ដើម្បី​សម្តែង​អំពី​ការ​ឈឺចាប់​របស់យើង​ចំពោះ​ការ​បាត់​បង់​ដី​របស់ខ្លួន​តែ​ប៉ុណ្ណោះ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស