29.6 C
Phnom Penh

ការ​​​តវ៉ា​​​របស់​​​អ្នកគាំ​ទ្រគណបក្ស​ប្រជាជន​កម្ពុជា​នៅ​ប៉ៃ​លិន​បាន​​​ធ្វើ​​​ឲ្យ​​​​គណបក្សប្រឆាំង​​​លុបចោល​​​ការ​​​ហែ​​​ក្បួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្ត​​​ប៉ៃលិន-​មនុស្ស​​​ប្រហែល​២០០នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលា​ខេត្ត​​ប៉ៃលិន​​​ជា​​​អតីត​​តំបន់​ការពារ​របស់​ខ្មែរ​ក្រហម​កាល​ពី​ព្រឹក​ម្សិលមិញ​​ ដើម្បី​​​​តវ៉ា​​ចំពោះ​ដំណើរ​​​ទៅកាន់​​ទីនោះ​​ដោយ​លោក សម រង្ស៊ី និង​​​លោក កឹម​ សុខា ​មេ​​​ដឹក​​​នាំ​​​គណ​បក្ស​ប្រឆាំង​ ​ដែល​ត្រូវ​​​បាន​លុប​ចោល​​​​មួយ​ថ្ងៃ​​​​​មុន​​​នេះ​​​។

លោក សម រង្ស៊ី និង​​​លោក កឹម សុខា បាន​​​លុប​​​ចោល​ដំណើរ​របស់​លោក​​ទាំង​ពីរ​ទៅកាន់​​អតីត​តំបន់​​​ខ្មែរ​ក្រហម​​កាល​ពី​​​ថ្ងៃ​​អាទិត្យ​ បន្ទាប់ពី​ក្រុម​មន្ត្រី​ និង​​បុរស​ស្លៀកពាក់​ស៊ីវិល​នៅ​ក្នុង​ស្រុក​​​អន្លង់​វែង​បាន​គំរា​​​ម​​​បិទ​​​ផ្លូវ​ពួកគាត់​ ហើយ​​​ក្រុម​មន្ត្រី​ក្រសួង​មហា​​​ផ្ទៃ​​​បាន​និយាយ​​​ថា ពួកគេ​មិន​​​អាច​ធានា​សុវត្ថិភាព​​លោក​​ទាំង​ពីរបាន​​ទេ។

លោក​​​ទាំង​​ពីរ​​បាន​​​ត្រឡប់​ដល់​រាជ​​​ធានី​​​ភ្នំពេញ​វិញ និង​​បាន​ធ្វើ​សន្និ​​​សីទ​​​សារព័ត៌មាន​​មួយ​​​កាល​ពីម្សិលមិញ​​ ដោយ​​ថ្កោលទោស​​គណបក្ស​ប្រជា​​​ជន​​​កម្ពុជា​គ្រប់គ្រង​អំណាច​ ចំពោះ​ការ​ប្រើ​អតីត​ពួក​​​ឧទ្ទាម​​​ដែល​មិន​​​អាច​គ្រប់​​​គ្រង​​​បាន​មក​​​ទប់​​​ស្កាត់​​​សកម្មភាព​នយោបាយ​របស់​លោក​​​ទាំង​ពីរ។

នៅ​​​ទី​​​រួម​ខេត្ត​ប៉ៃលិន ​​ដែល​ត្រូវ​ចំណាយ​​ពេល​​​ធ្វើ​​​ដំណើរ​​​ប្រហែល​ប្រាំមួយ​ម៉ោង​ពី​​​​ភាគ​​​និរតី​​នៃ​តំបន់​អន្លង់វែង និង​ដែល​បាន​ដួល​​​រលំ​ក្នុង​​​ឆ្នាំ​១៩៩៦​ អ្នក​ដែល​ចេញ​មក​បាន​និយាយ​ថា ពួក​គេ​ទៅ​ដល់​ទីនោះ​​ដើម្បី​ប្រឆាំង​ការ​ប្រមូល​​​ផ្តុំ​​របស់​គណ​បក្ស​ប្រឆាំង​ ដែល​ត្រូវ​​​បាន​លុប​ចោល​។

កាន់​​​បដា​​​មាន​ខ្លឹម​សារ​​​ថា”យើង​​​ដាច់ខាត​មិន​​​ត្រូវ​​​ការ​វត្តមាន​​របស់ សម រង្ស៊ី និង កឹម សុខា​នៅ​​​ក្នុង​ទឹក​ដី​ប៉ៃលិន​​​ទេ” និង​ដើរ​ចុះឡើង​​នៅ​​​លើ​​​សួន​ដែល​​​ថែ​ទាំ​​​បាន​​​ល្អ​នៅ​ទល់​មុខ​សាលាខេត្ត​ អ្នកខ្លះ​​និយាយ​ថា លោក សម រង្ស៊ី “គួរ​​​ឲ្យ​​​ខ្ពើម” ចំណែក​អ្នកខ្លះ​និយាយ​ថា ពួកគេ​ធ្លាប់​​​គាំទ្រ​លោក​។

ឈ្មោះ ឈិន សុធា អាយុ​៣១ឆ្នាំ ជា​​​អ្នក​​​រៀប​​​ចំការ​​​តវ៉ា ដែល​គាំទ្រ​លោក​​​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​និយាយ​​​ថា ” ​វា​​​ជា​​​ការ​ល្អ ប្រសិនបើ​គាត់​មក​និយាយ​អ្វី​ធម្មតា​។ ប៉ុន្តែ​ប្រជា​ពល​​​​រដ្ឋ​នឹង​ប្រតិកម្ម​ ប្រសិនបើ​គាត់​ប្រមាថ​អ្នក​​ជួយ​ពួកគេ ដោយ​​​ហៅ​​ពួកគេ​ថា ់អា​ខ្វាក់​​​ ​ ់ឬ ់ចោរ​​​លក់​​​ទឹក​​​ដី​​​ឲ្យ​វៀតណាម​ ់”។

ស្ត្រី​​អ្នក​​​តវ៉ា​ម្នាក់ទៀត ឈ្មោះ ​ជា ពៅ​​ អាយុ​​៣៩ឆ្នាំ ​បាន​និយាយ​​​ថា អ្នកស្រី​អស់​ទំនុក​​​ចិត្ត​​​​លើ​​​លោក សម រង្ស៊ី ​យូរ​មក​​​ហើយ​។​​ អ្នក​​​ស្រី​​​បាន​ឲ្យ​​​ដឹង​​​ថា “ខ្ញុំ​ខក​​​ចិត្តនឹង​គាត់​​យូរ​​​មក​ហើយ ពីព្រោះ​​គាត់​មិនដែល​ធ្វើ​អ្វី​​ដូច​ដែល​បាន​សន្យា​ទេ​​​”។

អ្នកស្រី ជា ពៅ ​បាន​អះ​​​អាង​​​ថា ​លោក រង្ស៊ី មិន​​​គោរព​ការ​សន្យា​ថា​​​ នឹង​ឲ្យ​ក្របី​ពីរ​ក្បាល​និង​ត្រាក់ទ័រ​មួយ​​​គ្រឿង​​ដល់​ភូមិ​​របស់​អ្នកស្រី​ ជា​ថ្នូរ​នឹង​សន្លឹក​ឆ្នោត​​​​របស់​​ពួកគេ​​ក្នុង​​​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨​​​នោះ​​​ទេ​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា ​”នោះ​​​ជា​​​មូល​ហេតុ​​ដែល​គាត់​​ចាញ់​​ពីរ​អាណត្តិ​នៅ​​​ទីនេះ​ ពីព្រោះ​គាត់​និយាយ​កុហក​”។

គណបក្ស​​របស់​​​លោក សម រង្ស៊ី ​បាន​​​ឈ្នះ​​​នៅ​​​ក្នុង​​​ខេត្ត​ប៉ៃលិន​​​ដែល​​​មាន​​​តែ​​​មួយ​​​អា​​​សនៈ​​​ក្នុង​​​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​កាល​ពី​​​ខែ​កក្កដា​ឆ្នាំ​​១៩៩៨ ​​​មិន​​​យូរ​​​ប៉ុន្មាន​​​ បន្ទាប់ពី​លោក ​អៀង សារី អតីត​រដ្ឋមន្ត្រី​​ក្រសួង​​​ការ​បរទេស​​របស់​ខ្មែរ​ក្រហម​​​បាន​ដឹកនាំ​តំបន់​​​នោះ​​​ចុះ​​​ចូល​​​គណបក្ស​​​ប្រឆាំង​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា អតីត​ទាហាន​​ថ្មើរជើង​របស់​​​ខ្មែរ​​​ក្រហម​ម្នាក់​ ដែល​​បាន​ដឹកនាំ​ការ​ធ្វើ​យុទ្ធនា​ការឃោសនា​​របស់​​​លោក សម រង្ស៊ី នៅ​​​ក្នុង​​​ខេត្ត​​​នេះ ​ត្រូវ​​​បាន​បដិសេធ​មិន​ផ្តល់​អាសនៈ ​ឲ្យ​​​ទេ​​​ ដោយ​​​បែរ​​​ជា​​​ផ្តល់​ឲ្យ​ លោក ស៊៊ុន គឹម​​​ហ៊ុន អាណិក​​​ជន​​​ខ្មែរ​​​រស់​​​នៅ​​​អាមេរិក​​​ ដែល​ក្រោយ​មក​​​បាន​ចុះចូល​​ជាមួយ​គណបក្ស ហ្វុ៊ន​​​ស៊ីនប៉ិច​​​ទៅ​​​វិញ។

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​គ្រប់​​​គ្រង​អំណាច​​បាន​ឈ្នះ​​​រាល់​​​ការ​បោះឆ្នោត​​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​។ ក្នុង​​​ការ​បោះឆ្នោត​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​ គណបក្ស​នេះ​ទទួល​​​បាន​សំឡេង​ឆ្នោត​៦៤,៨ភាគរយ​ នៅ​​​ក្នុង​ខេត្ត​ប៉ៃលិន ​ដោយធ្វើ​ឲ្យ​ភរិយា​របស់​លោក អុី ឈាន​ អតីត​អភិបាល​ខេត្ត ជាប់​​​ជា​តំណាង​រាស្ត្រ​។

​អ្នក​រៀប​​​ចំ​​​​​​ការ​​​តវ៉ា​​​ម្នាក់​​នៅ​ទី​​​កន្លែង​​​ប្រមូល​ផ្តុំ​កាល​ពី​​​ម្សិល​មិញ ដែល​​ដំបូង​ប្រាប់​ថាខ្លួន​​ជា​មន្ត្រី​​ខេត្ត ប៉ុន្តែ​ក្រោយមក​​បាន​​​និយាយ​ថា ខ្លួន​គ្រាន់​តែ​ជា​ពល​​​រដ្ឋ​​​ម្នាក់​ប៉ុណ្ណោះ ​បាន​ដឹកនាំ​ការ​តវ៉ា​រយៈពេល​​​​​​បី​​​ម៉ោង​រហូត​ដល់​​​ចប់​​​នៅ​​​​ម៉ោង​ប្រហែល​​​១០និង​៣០នាទី​ បន្ទាប់ពី​​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​បាន​​​​​​ជូន​ដំណឹង​​​ថា លោក សម រង្ស៊ី និង លោក កឹម​ សុខា ​ទើប​​​តែ​​​​លេច​មុខ​​ជា​សាធារណៈ​នៅ​​​ក្នុង​រាជ​​​ធានី​​​ភ្នំពេញ។

​បន្ទាប់​​​ពីទទួល​ទូរស័ព្ទ​​​ជា​​​បន្តបន្ទាប់​ បុរស​​ដែល​បដិសេធ​មិន​​​ប្រាប់​​​ឈ្មោះ​​​របស់​ខ្លួននេះ​ ​​បាន​ឲ្យ​សញ្ញា​ទៅ​ក្រុម​មនុស្ស​​ទាំងនោះ បំបែក​​​គ្នា​​តាម​ម៉ូតូ និង​គោយន្ត​​​។

តាម​ទូរស័ព្ទ លោក សម រង្ស៊ី​​ បាន​បដិសេធ​​ចំពោះ​ការ​​អះ​​​អាង​​​របស់​​អ្នកស្រី ជា ពៅ ​ថា​ លោក​​​មិន​​​បាន​​​សន្យា​​​អ្វី​​​ជាមួយ​​​អ្នកស្រី​​​ ជា ពៅ ដូច​​​ការ​​​អះអាង​​​របស់​​​គាត់​​​ឡើយ​​​។

លោក សម រង្ស៊ី ​បាន​​​មាន​ប្រសាសន៍​​​ថា “យើង​​​មិនដែល​ធ្វើ​​​ការ​​​សន្យា​​​បែប​នោះ​​​ទេ​។ វា​មិន​​​មែន​​​អាស្រ័យ​លើ​ការសន្យា​​បែប​​​នោះ ដែល​ធ្វើ​​​ឲ្យ​​​យើង​​​ទទួល​​​អាសនៈ​​របស់​យើង​ក្នុង​​​ឆ្នាំ​​១៩៩៨​នោះ​​​ទេ​។ ​វា​​​អាស្រ័យ​​​លើ​​​សារ​​​​សន្តិភាព។ ខ្ញុំ​​​មិន​​​បាន​និយាយ​​​អ្វី​​​លើស​​​ពីនោះ​​​ទេ​​​​”។

លោក សម រង្ស៊ី បាន​​​ស្នើសុំ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​ធ្វើ​​​​​​យ៉ាង​​​ណា​​​ធានា​​​ថា ខ្លួន​​​អាច​គ្រប់គ្រង​ទាហាន​​​​សមាហរណកម្ម​​​ខ្មែរ​ក្រហម​​​បាន​​​ ដើម្បី​​អនុញ្ញាត​ឲ្យ​​គណបក្ស​​ប្រឆាំង​របស់​លោក​​បាន​ជួប​​អ្នកគាំទ្រ​​របស់​​​ខ្លួន​នៅ​​​ភាគ​​​ពាយព្យ​នៅពេលអនាគត។

លោក កើត​​​ សុធា អភិបាល​ខេត្ត​ប៉ៃលិន ​​ដែល​កាល​ពី​​​ខែ​មុន​​បាន​ជំនួស​តំណែង​​​លោក អុី ឈាន ​​ដែល​​​ជា​​អតីត​​​ប្រធាន​​​កង​​​សន្តិសុខ​​​​​របស់ ប៉ុល ពត បាន​​​មាន​ប្រសាសន៍​​​ថា លោក រង្ស៊ី និង លោក សុខា នឹងមាន​សុវត្ថិភាព​កាល​ពី​​​ម្សិល​មិញ។  លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “​​​តាម​​​គោលការណ៍ យើង​​​ត្រូវ​​​​ជួយ​​​ការពារ​សន្តិសុខ​​របស់​ពួកគាត់ ពីព្រោះ​យើង​យក​​​ចិត្ត​​​ទុក​​​ដាក់​​អំពី​​​ស្ថាន​​​ភាព​​នេះ​ …[ហើយ​​​] ការ​​​ប្រើ​ពាក្យ​​អសុរោះ​​​ បាន​​​​​​នាំ​​​ឲ្យ​​​មាន​ប្រតិកម្ម​ពី​​​ប្រជា​​ពល​រដ្ឋ​​”៕ ប៊ុននី​

​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស