38.8 C
Phnom Penh

អភិបាល​​​ខណ្ឌ​​​រាជធានី​​ភ្នំពេញ​​​ទទួល​​​ការ​​​តែង​​​តាំង​​​ជា​​​ផ្លូវ​​​ការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឃ្លាំង​​​ ហួត អភិបាល​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ ដែល​​​ស្ថិត​​​ចំណោម​​​អភិបាល​​ខណ្ឌ​​​ប្រាំ​​​​​​មួយ​​​រូប​​​ដែល​​បាន​​​ទទួល​​​​​​មុខ​​​តំណែង​​​របស់​​​ខ្លួន​​​​​​កាល​​​ពីម្សិលមិញ បាន​​​ប្តេជ្ញា​​​ដោះស្រាយ​​​​​បញ្ហា​​​​​​បូម​​​ខ្សាច់​​​ដ៏​​​រីក​​​រាល​​​ដាល​​​នៅ​​​ក្នុង​​​ទន្លេ​​​មេគង្គ​​​អំឡុង​​​ពិធី​​​​​​ប្រកាស​​​តែង​​​តាំង​​​លោក​​​។

លោក​​​ ឃ្លាំង​​​ ហួត​​​ ដែល​​​បាន​​​ផ្លាស់​​​ពីមុខ​​​តំណែង​​​​​​អភិបាល​​​ខណ្ឌ​​​ប្ញស្សី​​​កែវ​​​ មក​​​ជាអ​​​​ភិ​​​បាល​​​ខណ្ឌ​​​​​​ទើប​​​បង្កើត​​​ថ្មី​​​នេះ​​​​​​ បាន​​ណែនាំ​​​ឲ្យ​​​មន្ត្រី​​​ក្រោម​​​ឱវាទ​​​ចុះ​​​ពិនិត្យ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​សកម្មភាព​​​បូម​​​ខ្សាច់​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​​​​ឲ្យច្រាំង​​​ទន្លេ​​​បាក់​​​ស្រុត​​​ បំផ្លាញ​​​ផ្ទះ​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​ៗនេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​​​​​​ពិធី​​​​​ប្រកាស​​​​តែង​​​តាំង​​​ធ្វើឡើង​​​​​​នៅ​​​ភោជនីយដ្ឋាន​​​ បឹង​​​មាស​​​ថា ” ខ្ញុំ​​​នឹង​​ត្រៀម​​​​​​អូប័រ​​​ពីរ​​​គ្រឿង​​​ [​​​សម្រាប់​​​មន្ត្រី​​​]​​​​​​​​​ ចុះ​​​ល្បាត​​សកម្មភាព​​​​​​បូម​​​ខ្សាច់​​​។ បន្ទាប់​​​ពី​​​នោះ ​​​​​​អ្នក​​​បូម​​​ខ្សាច់​​​ត្រូ​​​វ​​​មក​​ជួប​​​ជាមួយ​​​យើង​​​ក្នុង​​​រយៈពេល​​​បី​​​ថ្ងៃ [ហើយ​​​ប្រសិន​​​បើ​​​ពួកគេ​​​មិន​​​ព្រម​​​បញ្ឈប់​​​ទេ​​​​​​]​​​ យើង​​​នឹង​​​ចុះ​​​ទៅ​​​ចាប់​​​ពួក​​​គេ​​​តែ​​​ម្តង​​​”។  លោក​​បញ្ជាក់​​​ថា លោក​​​បាន​​​ណែ​​​នាំ​​​អភិបាល​​​រង​​​​​​ និង​​​ប្រធាន​​​រដ្ឋបាល​​របស់​​​លោក​​​ឲ្យ​​​​​​ផ្ញើលិខិត​​​ទៅ​​​អ្នក​​​បូម​​​ខ្សាច់​​​ខុស​​​ច​​​្បាប់​​​រួច​​​ហើយ​​​។

គួរ​​​រំឭកថា សាលា​​​រាជ​​​ធានី​​បាន​​​ចេញ​​​បម្រាម​​​មិន​​ឲ្យ​​​មានការបូម​​​ខ្សាច់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​លើក​​​ឡើង​​​ថា ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ ខ្លួន​​​ដក​​ហូត​​​​​​ទូក​​​បូម​​​ខ្សាច់​​​ខុស​​​ច្បាប់​​​​​​បាន​​​ជាច្រើន​​​គ្រឿង។ ការ​​​កើន​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​នូវ​​​ទូក​​​បូម​​​ខ្សាច់​​​ខុសច្បាប់​​​ជាច្រើន​​​ បាន​​​ធ្វើ​​​ឲ្យ​​​ច្រាំង​​​ទន្លេ​​​បាក់​​​ស្រុត​​​បំផ្លាញ​​​ផ្ទះ​​​របស់​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ ប៉ុន្តែ សាលា​​​រាជ​​​ធានី​​បែរ​​​ជា​​​​​​បន្ទោស​​​ថា នោះគឺ​​​បណ្តាល​​​មក​​​ពី​​​ទឹក​​​​​​ទន្លេ​​​ហូរ​​​ច្រោះ​​ទៅវិញ​​​។

លោក ឃ្លាំង​​​ ហួត ក៏​​​បាន​​​ជំរុញ​​​ឲ្យ​​​​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ និង​​​វៀត​​​ណាម​​​មួយ​​​ក្រុម​​​​​​ដែល​​​បាន​​​ធ្វើ​​​បម្លាស់​​​ទីបែត្រី​​​របស់​​​ខ្លួន​​ពី​​​ខណ្ឌ​​​ប្ញស្សី​​​កែវ​​​ ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​​​​នេះ ​​​ត្រឡប់​​​ទៅ​​​ទីតាំង​​​ដើម​​​​​​របស់​​​ពួកគេ​​​វិញ​​ផង​​​ដែរ​​​។

លោក​​​មាន​​​ប្រសាសន៍​​​​​​ថា “យើង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ [ពួកគេ​​​]​​​​​​​​​​​​ ធ្វើ​​​បម្លាស់​​​ទី​​​នៅ​​​លើ​​​ទន្លេ​​ទេ ព្រោះ​​​វាបង្ក​​​ចលាចល​​​។ វា​​​ចម្លែក​​​ណាស់​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួកគេ​​​ធ្វើ​​​បម្លាស់ទី​​​នៅ​​​ពេល​​​នេះ? ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​ស្រឡាញ់​​​ខ្ញុំ​​​បែប​​​នេះ ខ្ញុំ​​​មិន​​​ត្រូវ​​​ការ [ឲ្យ​​​ពួក​​​គេ​​​តា​​​មខ្ញុំ​​​]​​​​​​​​​ ទេ​​​”។

លោក ឡុង ឌីម៉ង់ អ្នកនាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អភិបាល​​​ខណ្ឌ​​​ចំនួ​​​ន​​​ប្រាំ​​​មួយ​​​រូប​​​​​​បាន​​​ទទួល​​​ការ​​​តែង​​​តាំង​​​នៅ​​​ថ្ងៃ​​​នេះ ហើយ​​​ប្រាំ​​​មួយ​​​រូប​​​ទៀត​​​នឹង​​​ត្រូវ​​​ទទួល​​​ការ​​​តែង​​​តាំង​​​នៅ​​​ថ្ងៃ​​​ស្អែក​​​។ អភិបាល​​​​ខណ្ឌ​​​ភាគ​​​ច្រើន​​​​​​គ្រាន់​​​តែ​​​ត្រូវ​​​​​​ផ្លាស់​​​ប្តូរ​​​​​​មុខ​​​តំណែង​​​ពី​​​ខណ្ឌ​​​​​​មួយ​​​ទៅ​​​ខណ្ឌ​​​ផ្សេង​​​ទៀត​​​ដូច​​​លោក ឃ្លាំង​​​ ហួត​​ ប៉ុណ្ណោះ​​​​​​៕​​​សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស