29.6 C
Phnom Penh

មន្ត្រី​ខណ្ឌ​ការពារ​ម៉ាស៊ីនបូមទឹក​​​​របស់​ក្រុម​ហ៊ុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សន្តិសុខ​ខណ្ឌជ្រោយចង្វា​​បាន​បញ្ឈប់​អ្នក​ភូមិ​​​មិនឲ្យ​​រារាំង​​ក្រុម​ហ៊ុន​ឯក​ជនមួយ​​​ដែល​កំពុង​បូម​ខ្សាច់​​ចាក់​ទៅ​ក្នុងតំបន់​​​ដី​សើមនៅក្រោយ​ផ្ទះ​​របស់​​ខ្លួន​។

ក្រុម​ហ៊ុន​វិនិយោគកម្ពុជា​ក្រៅប្រទេស​(OCIC) កំពុង​បង្កើត​គម្រោង​អចលនទ្រព្យ​​មាន​ទឹក​ប្រាក់​ចំនួន​៣ពាន់លាន​ដុល្លារ​ ដែល​គេ​ស្គាល់ថា” ក្រុង​ជ្រោយ​ចង្វា​ ក្រុង​នៃ​អនាគត​” នៅ​លើតំបន់​ដីសើម​​នេះ បន្ទាប់ពី​ទទួល​បាន​កិច្ចសន្យា​ជួល​​រយៈពេល​​៩៩ឆ្នាំ ពីរដ្ឋាភិបាល។

អ្នកភូមិ​ប្រហែល​​៤០នាក់​ ដែល​ផ្ទះ​​របស់​​ពួកគាត់​លយ​ទៅ​ក្នុង​ទន្លេសាប​ និងគ្មាន​សុវត្ថិ​ភាព​ ដោយសារ​​​ទឹក​​​ហូរបុក​​​ពី​តំបន់​ដី​សើម​ត្រឡប់​​ចូល​​ទៅក្នុង​​ទន្លេ​វិញ ​បាន​ព្យាយាម​​រឹបអូស​យក​ម៉ាស៊ីន​បូម​​ទឹក​របស់​ក្រុមហ៊ុននេះ​ ពេលនោះ​​​សន្តិសុខ​ធ្វើ​​អន្តរាគមន៍។

លោក កឺក ឌីណា ​​​អាយុ​៤៥ឆ្នាំ ​​បានមាន​ប្រសាសន៍ថា ” យើងបាន​ព្យាយាម​​បញ្ឈប់​ក្រុម​ហ៊ុន​​នេះ​​មិនឲ្យបូម​​ខ្សាច់​ច្រើន​លើកហើយ​”។ លោក ឌីណា បាន​ចោទ​ក្រុម​ហ៊ុននេះ​ថាបាន​ព្យាយាម​ធ្វើឲ្យជន់លិច​​​អចលនទ្រព្យ​​របស់​​ពួកគាត់​ដោយ​ចេតនា។​ លោកបានមាន​ប្រសាសន៍ថា ” ​ពួកគេ​កំពុងព្យាយាម​ទន្ទ្រាន​យក​ដី​របស់​ខ្ញុំ​”។

អ្នកនាង​ មាំង និមល ​​អាយុ​២៥ឆ្នាំ​ ដែល​ផ្ទះ​របស់​គាត់​​លែងមាន​សុវត្ថិភាព​រស់​នៅ​ បានឲ្យដឹងថា នាង​ព្រួយបារម្ភ​​​ថា ដី​របស់​នាង​នឹងត្រូវ​ជន់លិច​ទាំងស្រុង​ឆាប់ៗនេះ​។ ​អ្នកនាង និមល ​បាននិយាយថា “​យើងបាន​ស្នើ​ឲ្យ​​​អាជ្ញាធរ​​សង្កាត់​និងខណ្ឌ​​​ជួយ​​ច្រើន​លើក​ហើយ ប៉ុន្តែ​​ពួកគេ​មិនដែលធ្វើ​អន្តរាគមន៍ទេ​​។ ជានិច្ចកាល ពួកគេ​ការពារ​ក្រុម​ហ៊ុន​ នៅពេល​ក្រុមហ៊ុន​ទន្ទ្រាន​យកដី​​របស់ពួកយើង​ ​ដោយគ្មានការ​អនុញ្ញាត​ពីយើង​”។

លោក មៀច សេរី នាយប៉ុស្តិ៍​នគរបាល​សង្កាត់ព្រែកលៀប ​បាន​បញ្ជាក់ថា សន្តិសុខ​ខណ្ឌ​ត្រូវបាន​បញ្ជូន​​​ទៅ​ទីកន្លែងបូម​ខ្សាច់​ ដើម្បី​​ធានាការងារ​​​​របស់​ក្រុមហ៊ុននេះ​​​បន្តដោយគ្មាន​ការ​​រំខាន។ លោក សេរី ​បានមាន​ប្រសាសន៍ថា “សន្តិសុខ​ខណ្ឌ​​ជាង​១០​​នាក់​បាន​ទៅទីនោះ​។ សន្តិសុខ​​ទាំងនោះ​​ត្រូវបាន​បញ្ជា​ឲ្យការពារម៉ាស៊ីននោះ​​”។ លោកបាន​បន្ថែម​​ថា តំបន់នោះ​​​ មាន​ជម្លោះ​យ៉ាង​ខ្លាំង​​រវាង​​ក្រុមហ៊ុន OCIC និងអ្នក​ភូមិ​ ​ហើយថា ​សន្តិសុខ​ក៏នៅទីនោះដែរ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​។ លោក សេរី បានមាន​ប្រសាសន៍ថា ” ជានិច្ចកាល ក្រុមហ៊ុននេះ បូម​ខ្សាច់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​​របស់​អ្នក​ភូមិ​”។

លោក ណន អូនី មន្ត្រី​ផ្នែក​ច្បាប់​​នៃ​​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​​​បានមាន​ប្រសាសន៍ថា ស្ថានភាព​នៅ​សង្កាត់ព្រែកលៀប​ ធ្ងន់ធ្ងរណាស់​។ លោក ​អូនី បានមានប្រសាសន៍ថា ” នេះជា​ការ​រំលោភ​សិទ្ធិលំនៅដ្ឋាន​ធ្ងន់ធ្ងរ​។ ក្រុមហ៊ុន​មិនគិតថា តើ​ធ្វើនេះ​នឹង​ប៉ះ​​ពាល់​​ដល់​​អ្នក​ស្រុក​​នៅក្នុងតំបន់​នេះ​​ឡើយ​”។

លោក ទូច សំណាង ប្រធាន​គម្រោង​​របស់​ក្រុម​ហ៊ុន OCIC ​បាន​បដិសេធ​មិនអត្ថាធិប្បាយ​​​អំពីស្ថានភាព​នេះ​​ទេ។ លោកបានមាន​ប្រសាសន៍ថា ” ខ្ញុំ​មិនអាច​អត្ថាធិប្បាយ​បាន​​ទេ​” ហើយលោក​ក៏បិទ​ទូរ​ស័ព្ទតែម្តង​៕​ប៊ុននី​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស