33.2 C
Phnom Penh

អាជ្ញាធរ​រារាំង​មិន​ឲ្យ​កម្មករ​៥០០នាក់​ហែក្បួន​ទៅ​ក្រសួង​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ជាង​៥០០​នាក់​មក​ពី​រោងចក្រ​កាត់​ដេរ​ អូសេអង់ (Ocean)ត្រូវ​បាន​រារាំង​មិន​ឲ្យ​ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ការ​ងារ​កាលពី​ម្សិល​មិញ ខណៈ​ដែលពួក​គេ​បន្ត​តវ៉ា​​ចំពោះ​ការ​ដែល​​ក្រុម​ហុ៊ន​បើក​ប្រាក់ឲ្យ​តែ​១៥​ដុល្លារ​សម្រាប់​ខែ​នេះ បន្ទាប់ពី​រោងចក្រ​បាន​ផ្អាក​ប្រតិបត្តិ​ការ​ពី​ថ្ងៃ​ទី​២៦ខែ​ឧសភា ដល់​ថ្ងៃទី​២៦ ខែមិថុនា ដោយសារ​មិន​មាន​ការ​បញ្ជា​ទិញ​។

នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក កម្មករ​បាន​ចាប់​ផ្ដើម​ហែក្បួន​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ចេញ​ពី​រោងចក្រ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ខណ្ឌ​បា​ន​រារាំង​។

នគរ​បាល​​និង​កម្លាំង​សន្តិសុខ​ប្រហែល​២៥​នាក់​បាន​កៀង​អ្នក​ហែក្បួន ហើយ​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ដើរ​ហួស​ពី​សាលា​ខណ្ឌ​ឡើយ។ ផ្ទុយ​ទៅវិញ​ក្រុម​មន្ត្រី​បាន​អញ្ជើញ​តំណាងកម្មករ​​​ឲ្យ​ចូលខាង​ក្នុង​ដើម្បី​ជួប​ប្រជុំ​ ដែលការ​ប្រជុំនោះ​​មាន​រយៈ​ពេល​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់។

លោក ឃឹម ស៊ុន​សូដា អភិបាល​ខណ្ឌ​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ហែក្បួន​ទៅ​ក្រសួង​ការ​ងារ​ទេ ពីព្រោះ​យើង​បារម្ភថា ការ​ហែក្បួន​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដល់សាធារណជន​​ ដោយ​បង្កឲ្យមាន​ការ​កក​ស្ទះ​ចរាចរណ៍ជាដើម”។ លោក​បាន​មាន​ប្រសាសន៍​ថា ” ពួកគេ​បា​ន​ស្នើ​សុំការ​អនុញ្ញាត​ហែក្បួ​ន​ទៅ​ក្រសួង​ការ​ងារ​នៅ​ថ្ងៃ​ស្អែក តែយើង​មិន​អនុញ្ញាត​ឡើយ​ ប៉ុន្តែ​តំណាង​ក្រុម​កម្មករ​ និ​ង​សហជីព​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ប្រជុ​ំ​ជាមួយ​ក្រុម​មន្ត្រី​មក​ពី​ក្រសួងការ​ងារ​”។

ក្រុម​កម្មករ​ដែល​បាន​និង​កំពុង​តវ៉ា​ម្ដង​ម្កាល​រយៈពេល​២០​ថ្ងៃ​កន្លង​មក​នេះ​ ដំបូង​បាន​ទាម​ទារ​បើក​ប្រាក់​ខែ​ពាក់​កណ្ដាល​​ អំឡុង​ការ​បិទ​រោងចក្រ​ ប៉ុន្តែ​កាល​ពីសប្ដាហ៍មុន​បាន​ប្រកាន់​ជំហរ​របស់​ខ្លួន ដោយ​ដាក់​ញត្តិ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ខំ​ឲ្យថៅកែ​រោងចក្រ​បើក​ប្រាក់​ខែឲ្យពួកគេ​​ពេញ​។

លោក ឆែ ស៊ីណុន តំណាង​ម្នាក​់​មក​ពី​សហព័ន្ធ​សហជីព​ចលនា​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កម្មករ​បាន​សន្យា​ហែក្បួន​ទៅ​កាន់​ក្រសួង​ការ​ងារ​​ ប្រសិន​បើ​មិន​មាន​ការ​ចាត់​វិធានការ​ជាក់​ស្ដែង​នៅ​ថ្ងៃ​នេះ​ទេ​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា ” នៅ​ថ្ងៃស្អែក​ ប្រសិន​បើ​តំណាង​ក្រសួង​កា​រ​ងារ​មិន​ទាក់ទង​រោងចក្រ​ទេ​ នោះ​កម្មករ​និង​សហជីព​នឹង​ហែក្បួន​ទៅ​ក្រសួង​ការ​ងារ​”។

អ្នក​តវ៉ា​ម្នាក់​ទៀត​ឈ្មោះ ភឹង ភក្ត្រ អាយុ​៣៥​ឆ្នាំ​បាន​និយាយ​ថា ក្រសួង​ការ​ងារ​មិន​ដែល​ស្ដាប់​កង្វល់​របស់​ពួកគេ​ឡើយ។ កម្មការិនី​រូប​នេះ​បាន​បន្ថែម​ថា គាត់​មិន​យល់​ថា តើ​ហេតុ​អ្វី​បាន​ជា​ការ​ហែក្បួន​អហិង្សា​ត្រូវ​បាន​រារាំង​នោះ។ គាត់​បាន​និយាយ​ថា ” យើង​ធ្វើការ​ហែ​ក្បួន​អហិង្សា​ ហេតុអ្វី​បា​ន​ជា​ពួកគេ​រារាំងយើង​ទៅវិញ?។ ប្រសិន​បើពួកគេ​មិនជួយ​ពួក​យើង​ទេ នៅ​ថ្ងៃស្អែកនេះ ​យើង​នឹង​ហែក្បួនទៅ​ក្រសួង​ការ​ងារ​តែ​ម្ដង”។

គឹម ស្រេង អាយុ​២៦​ឆ្នាំ​បាន​និយាយ​ថា ក្រុម​កម្មករ​នឹង​មិន​បោះ​បង់​ការ​តវ៉ា​របស់​ខ្លួន​ចោលឡើយ។ យើង​មាន​សហជីព​ដឹក​នាំពួក​យើង​។ ប្រសិន​បើ​យើង​នៅ​តែ​ក្នុង​រោងចក្រ​ យើង​នឹង​មិន​ទទួល​បាន​អ្វី​សោះឡើយ​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស