29.6 C
Phnom Penh

មន្ត្រី​ព្រៃឈើ​ដុត​បំផ្លាញ​ដំណាំ​​របស់​អ្នក​ភូមិ​នៅក្នុងតំបន់ព្រៃ​ការពារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាន​និយាយថា ក្រុមមន្ត្រី​ព្រៃឈើ​​បានបំផ្លាញ​​ដំណាំ​​របស់​ប្រជា​ជន​​ប្រហែល​៦០គ្រួសារ​​ ដែល​រស់​នៅក្នុង​ដីព្រៃ​ការ​​ពារ​​នៅក្នុងខេត្ត​មណ្ឌលគិរី​​កាល​ពីថ្ងៃ​ច័ន្ទ​បន្ទាប់ពី​​ការខិតខំ​ប្រឹងប្រែង​​ដើម្បីបណ្តេញ​ពួកគាត់​ចេញ​ពី​ដីេនេះ។

លោក​ ស៊ិន វ៉ាន់​វុធ អភិបាលស្រុក​ ​​បានមាន​ប្រសាសន៍ថា ​គ្រួសារ​ប្រជា​​ជន​មកពី​​ខេត្ត​កំពង់ចាម ព្រៃវែងនិង​ខេត្តតាកែវ នេះ ​បាន​និងកំពុងរស់​នៅ​​លើ​ដី​ទំហំ​​៧០ហិកតា​​​នៅក្នុង​ឃុំស្រែព្រះ ស្រុកកែវសីមា ចាប់តាំង​​ពីឆ្នាំ​​២០១០មក​ ដោយភាគច្រើន​​ដាំ​​ដំឡូងមី​។លោកបានមាន​ប្រសាសន៍ថា ​​ពួកគេ​ត្រូវបា​ន​​អាជ្ញាធរ​បណ្តេញចេញ​​​ពីរលើក​ហើយ។

លោក សុខ រដ្ឋា ​​អ្នកសម្របសម្រួល​របស់​​អង្គការ​សិទ្ធិមនុស្ស​​អាដហុក​នៅក្នុងខេត្តនេះ​​បានមាន​ប្រសាសន៍ថា ស្ថានភាព​ព្រៃឈើ​ មិន​ច្បាស់លាស់ទេ ព្រោះគ្មាន​ព្រំសីមាផ្លូវការ​​បញ្ជាក់ថា​ព្រៃនេះត្រូវបាន​ការពារឡើយ។ លោកបានមាន​ប្រសាសន៍ថា” វាមើលទៅដូចជា​ព្រៃការ​​ពារ​ ប៉ុន្តែ​យើង​មិន​ដែលបាន​ឃើញ​មន្ត្រី​មក​​ពីខេត្ត​​ធ្វើការ​កំណត់​ព្រំដី​នោះទេ​”។

លោក រដ្ឋា​ បាន​បន្ថែមថា លោកជឿថា ការ​បណ្តេញចេញនេះ​ គឺជា​វិធីមួយ​​ដើម្បី​ត្រៀម​ផ្តល់​សម្បទាន​ព្រៃ​ទៅឲ្យ​​ក្រុម​ហ៊ុន​ចម្ការកៅស៊ូ​​ដែល​នៅ​ក្បែរនោះ​ គឺក្រុម​ហ៊ុន BinhPhuoc 1 និង BinhPhuoc 2។

លោក វ៉ាន់វុធ ​​បាន​បដិសេធ​ការ​អះអាងនេះ​។ លោកបានមាន​ប្រសាសន៍ថា “​ក្រោយ​ការ​បណ្តេញអ្នកភូមិចេញ យើងនឹង​មិនលក់​​តំបន់​នោះទៅឲ្យក្រុមហ៊ុន​​ណាមួយ​​ទេ ពីព្រោះ​​ត្រូវការ​ពារ​ព្រៃ​នេះ​​”។

អ្នកភូមិម្នាក់ឈ្មោះ សូរ៉ាន់ សុខម៉េង អាយុ​៣៨ឆ្នាំ​មកពីខេត្ត​កំពង់​ចាម​​​បានមាន​ប្រសាសន៍​ថា អ្នកស្រី​​រស់នៅទីនេះ​​រយៈពេល​បួនឆ្នាំ​ហើយ​ ដោយ​ធ្វើ​កសិកម្ម​​នៅលើ​ដី​ទំហំបួន​ហិកតា​។​ក្រោយ​ការ​បណ្តេញចេញ​ អ្នកស្រី​ សុខម៉េង បានមាន​ប្រសាសន៍ថា​ អ្នកស្រី​​បាន​បញ្ជូន​សំណើ​​​ទៅ​​អភិបាល​ខេត្ត​​ដើម្បី​​ចេញ​សម្បទាន​ដី​ឲ្យអ្នកស្រី។ អ្នកស្រីបាន​​ឲ្យដឹងថា “ខ្ញុំមិនដឹងថារស់នៅទីកន្លែងណាប្រសើរជាង​ទីនេះទេ ពីព្រោះ​វា​ងាយ​ស្រួល​ក្នុងការ​រស់នៅ​ និងដាំដំឡូងមី​នៅទីនេះ​”។

អ្នកស្រីបានបន្ថែមថា “នៅពេល​ខ្ញុំ​ព្យាយាម​បញ្ឈប់​ [អាជ្ញាធរ] ពួកគេគំរាម​​ខ្ញុំ ដោយ​និយាយថា ប្រសិនបើ​ខ្ញុំមិន​ចង់ចូលពន្ធនាគារ ខ្ញុំ​គួរតែ​ដើរ​ចេញ។ ខ្ញុំ​គិតថា ​​ពួកគេ​ឃោរឃៅ​ដាក់ពួកយើង​​ពេកហើយ”៕ ប៊ុននី​​

​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស