29.6 C
Phnom Penh

នគរបាល​ចាប់ខ្លួន​ស្ត្រីម្នាក់​ពីបទចាប់ចង​បុគ្គលិករបស់ខ្លួន​​បង្ខាំងទុកក្នុង​បន្ទប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាននិយាយ​កាលពីម្សិលមិញ​ថា ស្ត្រី​ជាអ្នក​រ​ក​ស៊ី​​​នៅ​​ខេត្ត​រតនគិរី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃពុធ បន្ទាប់ពី​គាត់​បាន​ចង​បុគ្គលិក​ម្នាក់​​ដែលគាត់​ចោទ​​ថា បាន​លួច​លុយ​ ហើយ​បាន​បង្ខាំង​នាង​ក្នុង​បន្ទប់​អស់រយៈពេល​ពីរ​ថ្ងៃ។

យោង​តាម​លោកស្រី កែវ ដានី ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ សុខ គន្ធា អាយុ​៣៣​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឈ្មោះ ម៉ាន់ ចិន្តា អាយុ​២៣​ឆ្នាំ​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​ ដោយ​អះអាងថា ស្ត្រីវ័យ​ក្មេង​រូប​នេះ​​ត្រូវ​បាន​ថៅកែ​របស់​ខ្លួន​​បង្ខាំង​​ដោយ​ខុស​ច្បាប់។

អ្នកស្រី ចិន្តា បាន​ធ្វើការ​នៅ​ហាង​មួយ​ដែល​បើក​អាជីវកម្ម​ថត​ចម្លងនិងសេវាកម្ម​​ផ្ទេរ​ប្រាក់​របស់​ក្រុម​ហ៊ុន​វីង​ ដែល​អ្នកស្រី គន្ធា បាន​រត់​ចេញពី​ផ្ទះ​របស់គាត់​នៅ​ក្នុង​សង្កាត់​ឡាបានសៀក ក្រុង​បានលុង។

នៅពេល​នគរ​បាល​មក​ដល់​ផ្ទះ​នោះ​កាលពីថ្ងៃពុធ ពួកគេ​បាន​រក​ឃើញ​ស្ត្រី​ឈ្មោះ ចិន្តា ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​បន្ទប់។ នាង​ទំនង​ជា​មិន​ត្រូវ​បាន​វាយ​ដំ​ ឬបង្អត់​អាហារ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​បង្ខាំង​ទុកនៅទីនោះ​​តាំងពីថ្ងៃច័ន្ទ​មក។

នាង​បាន​ប្រាប់​នគរ​បាល​ថា អ្នកស្រី គន្ធា បាន​ចង​ជើងនាង​​​និង​យក​ស្កុត​បិទ​មាត់​រហូត​ដល់នាង​សារភាព​ថា បាន​លួច​លុយ​៥០​.០០០​ដុល្លារ ដែល​បាន​បាត់​ពីប្រតិបត្តិការ​វីងនោះ​។ អ្នកស្រី ចិន្តា បាន​និយាយ​ថា ទីបំផុត​គាត់​បាន​ប្រាប់​អ្នកស្រី គន្ធា ថា គាត់​បាន​លួច​លុយ​៥.០០០​ដុល្លារ​ដើម្បី​ឲ្យគេដោះលែង​ខ្លួន​​។

លោកស្រី ដានី បាន​មាន​ប្រសាសន៍​ថា ” ក្រុមគ្រួសារ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​បង្ខាំង​បន្ទាប់ពី​ពួកគាត់​ទទួល​បាន​ការ​ហៅទូរស័ព្ទ​ពីជន​រង​គ្រោះ​នៅ​យប់​ថ្ងៃទី​១៦ ខែមិថុនា។ ស្ត្រីជាថៅកែ​បាន​អនុញ្ញាត​ឲ្យ​ជន​រង​គ្រោះ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ ពីព្រោះ​គាត់​ចង់​ឲ្យ​គ្រួសារ​របស់​នាង​យក​លុយដែល​នាង​បាន​លួច​មក​សង​វិញ”។

លោក ប៊ុត ហេង នា​យ​ប៉ុស្តិ៍​ឃុំ​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី ចិន្តា ត្រូវ​បាន​បង្ខាំង​ទុក​នៅ​​ក្នុង​បន្ទប់​ដេក​ ហើយ​មើលទៅ​មាន​ទឹក​មុខ​ស្លេក​ស្លាំង​ និង​ភ័យ​ខ្លាច”។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំបាន​ឃើញ​ ចិន្តា ត្រូវ​គេ​បង្ខាំង​នៅ​ក្នុង​បន្ទប់​ដេក​។ គេ​មិន​អនុញ្ញាត​ឲ្យ​នាង​ចេញ​ក្រៅ​ឡើយ​”។

យោងតាម​លោកស្រី ដានី បាន​ឲ្យ​ដឹង​ថា អ្នកស្រី គន្ធា មិន​ព្រម​សារភាព​ថា គាត់​បាន​បង្ខាំង​បុគ្គលិក​របស់​ខ្លួន​ដោយ​ខុស​ច្បាប់​ឡើយ​ ហើយ​បានអះអាង​ថា គាត់​គ្រាន់តែឲ្យ​​នាង​ “នៅក្នុង​បន្ទប់​រង់ចាំ​បណ្ដោះ​អាសន្ន​” ទម្រាំ​ក្រុម​គ្រួសារ​របស់​នាង​យក​ប្រាក់​ចំនួន​៥០.០០០​ដុល្លារ​មក​សង​តែប៉ុណ្ណោះ ។ អ្នកស្រី ចិន្តា បដិសេធ​ថា គាត់​មិ​ន​បា​នលួច​លុយ​នោះទេ។

លោក អេនថូនី ភើគីន (AnthonyPerkins) នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​វីង បាន​មាន​ប្រសា សន៍​ថា លោក​បាន​ដឹង​ពីរឿង​នេះ ប៉ុន្តែ​ថា ហាង​របស់​អ្នកស្រី គន្ធា មិន​មែន​ជា​កន្លែង​ផ្ទេរ​ប្រាក់​របស់ក្រុមហ៊ុន​វីង​ទៀតទេចាប់​តាំង​ពីខែមេសាមក។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​សោក​ស្ដា​យ​ណាស់​​ដោយទទួល​បាន​ព័ត៌មាននេះ ប៉ុន្តែ​ហាង​នោះ​លែង​ជា​កន្លែង​ផ្ទេរ​ប្រាក់​របស់​ក្រុម​ហ៊ុន​វីង​ទៀត​ហើយ។ មិន​ ថាលុយនោះ លួចយក ទៅធ្វើអ្វីទេ​ យើង​មិន​មាន​តម្រុយ​ណាមួយ​ឡើយ​។ នៅថ្ងៃ​ដែល​ពួកគេ​បិទ​ហាង​ គឺគេ​បាន​បិទ​គណនេយ្យ​ជាមួ​យ​យើង​ដែរ”។

ទោះជាយ៉ាង​ណា ទាំង​លោកស្រី ដានី និង​លោក ហេង បាន​អះអាង​ថា សេវា​កម្ម​ផ្ទេរ​ប្រាក់នៅតែ​ដំណើរ​ការ​នៅផ្ទះរបស់​អ្នកស្រី គន្ធា ដដែល​។លោក ហេង បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំឃើញ​ក្រុម​ហ៊ុន​វីង​នៅតែ​បើក​ដំណើរ​ការផ្ទេរប្រាក់​​នៅ​ផ្ទះ​របស​់​គាត់​់​ដដែល​”៕ សារុន (រាយការណ៍​បន្ថែម​ដោយ JoshuaWilwohl)​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស