42.2 C
Phnom Penh

រដ្ឋសភា​​អនុម័តផែនការ​ចំណាយ​សម្រាប់​រយៈពេល​ប្រាំ​​​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ រដ្ឋសភា​ឯក​បក្សបាន​អនុម័តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​ (NSDP) ឆ្នាំ​២០១៤-២០១៨ ដែល​នឹង​ចំណាយ​​អស់​ប្រមាណ​២៦,៥៨ពាន់លាន​ដុល្លារ។ កិច្ចព្រមព្រៀងធ្វើបត្យាប័ន​មួយ​​​រវាង​ប្រទេសកម្ពុជា​​និងប្រទេស​វៀតណាម​ក៏ត្រូវបាន​​អនុម័តដែរ​។

ដោយ​ត្រូវទីស្តីការ​​គណៈរដ្ឋមន្ត្រី​​អនុម័តនៅដើមខែនេះ​ វាជាលើកដំបូងហើយ ដែល​​​ NSDP ជា​​ផែនការលម្អិត​​​របស់​រដ្ឋាភិបាល​សម្រាប់​គោល​នយោបាយ​និង​ចំណុច​ដៅ​​អភិវឌ្ឍន៍ជាតិ ត្រូវបាន​ជំរុញ​ឲ្យ​​​ចេញ​​​តាម​រយៈ​​រដ្ឋសភា​​ដោយគ្មាន​វត្តមាន​​តំ​ណាង​រាស្រ្ត​​គណ​បក្សប្រឆាំង​។

លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួង​ផែនការ​បាន​ថ្លែង​ទៅកាន់​អង្គសភាថា ដោយប្រើ​ប្រាស់​ហិរញ្ញវត្ថុ​ក្នុងស្រុកនិងក្រៅស្រុក​ រួមទាំង​​ការ​វិនិយោគទុន​​​ពីវិស័យ​សាធារណៈ​ និង​ឯកជន​ផង​​​នោះ ផែន​​​ការ​​​រយៈពេល​​ប្រាំ​​​ឆ្នាំ​ប្រកប​ដោយ​មហិច្ឆតានេះ នឹងត្រូវការ​ថវិកា​ប្រមាណ​​៥,៣ ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗ ដើម្បី​បន្តដំណើរការ​ទៅមុខ។

លោកបានមាន​ប្រសាសន៍​តាម​រយៈការ​​អាន​សេចក្តីថ្លែងការណ៍មួយថា” កំណែទម្រង់​ NSDP បាន​ក្តោប​លើ​វិស័យ​ស្ទើរតែ​ទាំងអស់​រួចទៅហើយ ហើយការ​​វិនិយោគ​លើ​ហេដ្ឋា​រចនាសម័្ពន្ធ​សំខាន់ៗ បាន​បង្កើត​បរិយាកាសមួយ ដែលធ្វើ​ឲ្យវិនិយោគិន​ក្នុងស្រុកនិង​ក្រៅស្រុក​ចាប់​អារម្មណ៍​លើកម្ពុជា”។ លោកបានបន្តថា “ជាលទ្ធផល​ ជីឌីភី (ផលិតផលក្នុងស្រុកសរុប) ក្នុងមនុស្សម្នាក់ៗ​បាន​កើន​​​ឡើង​​​ដល់​ប្រហែល​១.០៤០​ដុល្លារ​នៅដំណាច់ឆ្នាំ​២០១៣ ហើយ​បាន​ធ្វើ​ឲ្យ​​​អត្រាភាព​ក្រីក្រ​ធ្លាក់ចុះ​មក​​​នៅ​​​ក្រោម​​​២០ភាគ​រយ​ក្នុងឆ្នាំ​២០១៤”។

លោកមាន​ប្រសាសន៍ថា ផែនការ​ថ្មីនេះ​មាន​បំណង​បង្កើត​មូល​ដ្ឋាន​​សេដ្ឋកិច្ច​ធំទូលាយ​មួយ​នៅក្នុងប្រទេស​កម្ពុជា​ តាម​រយៈការ​​ធ្វើឲ្យ​ផលិតកម្មមាន​លក្ខណៈ​សម្បូរ​បែប​ ដោយ​ផ្តោតលើ​វិស្វកម្ម​ ពង្រីក​ឧស្សា​ហកម្ម​អេឡិចត្រូនិក និងវាយនភណ្ឌ​ និងធ្វើឲ្យ​ការ​ភ្ជាប់​បណ្តាញ​​អគ្គិសនីប្រសើរឡើង​។ លោក​បាន​លើកឡើងទៀតថា ការអភិវឌ្ឍ​​ធនធាន​មនុស្ស​​​និងវិស័យកសិកម្ម​គឺជា​ចំណុចផ្តោត​​ជាពិសេស​នៅក្នុងយុទ្ធសាស្ត្រនេះ​។ លោកថ្លែងថា ” យើង​បាន​ត្រៀម​ការវិនិយោគទុនរួចហើយ ដោយក្នុងនោះ​មាន​​៦០​ភាគរយ​ត្រូវបានលៃ​​ទុក​សម្រាប់​តំបន់ជនបទ​ និង​៤០ភាគរយសម្រាប់​អភិវឌ្ឍ​​​តំបន់ប្រ​ជុំ​ជននិងក្រុង​”។

អំឡុងសម័យប្រជុំនេះ លោកស្រី និន សាផុន តំណាង​​រាស្ត្រ​​មកពីគណបក្សប្រជាជន​កម្ពុជា​ បានមាន​ប្រសាសន៍ថា កម្ពុជា​គួរតែមាន​មោទនភាព​ចំពោះ​ការ​រីកចម្រើន​និងការ​អភិវឌ្ឍ​ ដែល​រដ្ឋាភិបាល​ដឹកនាំ​​ដោយគណបក្សប្រជាជន​កម្ពុជាសម្រេចបាន​ ហើយបាន​រិះគន់​គណបក្សសង្គ្រោះ​​ជាតិ​ចំពោះ​​ការ​សន្យា​ខ្យល់​ដើម្បី​កេង​ចំណេញ​នយោបាយ​។ លោកស្រីបានមាន​ប្រសាសន៍ទៀតថា “ប្រសិនបើ​ពួកគេ​ចង់​និយាយថា ពួកគេ​នឹង​ឲ្យ​​៤០.០០០រៀលក្នុងមនុស្សម្នាក់ៗ [ក្នុងមួយខែដល់​អ្នកចូលនិវត្តន៍] ពួកគេអាចនិយាយបាន​។​ប្រសិនបើពួកគេ​ចង់និយាយថា ពួកគេ​នឹង​ឲ្យ​១៦០ដុល្លារសម្រាប់​ប្រាក់ខែ​​គោល​​របស់​កម្មករ​ ក៏​​ពួកគេ​​អាចនិយាយ​បាន​ដែរ​”។

លោក សន ជ័យ តំណាង​អង្គការ​បណ្តាញ​គណនេយ្យភាព​សង្គមអាស៊ីបូពា៌ ជា​ស្ថាប័ន​ថ្នាក់​តំបន់មួយ ដែល​ជំរុញឲ្យមានតម្លាភាព​ក្នុងជួរ​រដ្ឋាភិបាល​​​​បានមាន​ប្រសាសន៍ថា ការ​អនុម័ត​​​គោល​នយោបាយ​ជាតិ​ ដោយ​​​គ្មានការ​ពិភាក្សា​ដេញដោល​ជាក់​ស្តែង​ ឬទិន្នន័យ​ពី​ខាង​ក្រៅ​ បាន​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​គោល​នយោបាយនេះ​មាន​ភាព​មិនប្រាកដប្រជានៅ​ពេល​អនាគត​។ លោកបានមាន​ប្រសាសន៍ទៀតថា “សភាឯក​បក្ស​របស់​​គណបក្ស​ប្រជាជន​កម្ពុជាបានធ្វើ​រឿងចម្លែកៗ​ ដោយមិនស្តាប់​យោបល់​​សង្គម​ស៊ីវិល​​ ដែល​តំណាង​ឲ្យពលរដ្ឋ​ពិតប្រាកដ​ឡើយ។ បើគ្មាន​តម្លាភាព​ យើងមិនដឹងថានឹងមាន​អ្វី​​កើតឡើងទេនៅពេលអនាគត​”។

ប៉ុន្តែលោក តឹក វណ្ណរ៉ា នាយក​​​ប្រតិបត្តិ​វេទិកា​​​នៃ​​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ ដែល​​ជា​បណ្តាញ​អង្គការ​ដ៏​​​ធំ​​​មួយ​ បាន​​​មាន​ប្រសាសន៍​​​ថា សង្គម​​​ស៊ីវិល​​បាន​ដាក់​អនុសាសន៍​ជា​​​បន្ត​បន្ទាប់​​ទៅ​​​បណ្តា​ក្រសួង​និង​​​រដ្ឋសភា​​​រួច​​​ហើយ​​​ មុន​​​ពេល​អនុម័ត NSDP នេះ​។ លោក​​​ថ្លែង​​​ថា “រដ្ឋាភិបាល​​​បាន​ឆ្លើយ​​​តប​​​មក​​​យើង​​​វិ​​​ញ​តាម​រយៈ​លិខិតផ្លូវការ​ ហើយ​​និយាយ​​​ថា ពួកគេ​ទទួល​​​ស្គាល់​​​អនុសាសន៍​​របស់​យើង​ ហើយ​​​បាន​ប្រាប់​យើង​​​ថា ២០ទៅ៣០ភាគ​រយ​នៃ​​អនុសាសន៍​​របស់​​​យើង​​​ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​ផែនការ​ថ្មីនេះ​”។

លោកមានប្រសាសន៍ថា ទោះជាយ៉ាងណា មិនមែន​សំណើទាំងអស់​សុទ្ធតែត្រូវ​​​​បាន​​​ទទួល​​យកនោះទេ។ អង្គការ​​នេះកំពុង​ស្ថិត​ក្នុងដំណាក់កាល​ធ្វើ​​​សេចក្តីសម្រេចចុងក្រោយ​នៅឡើយ​​​​ ចំពោះ​​​​​​អនុសាសន៍​​របស់​​​ខ្លួន​​​ស្តីពី​​​ការពង្រីក​មុខងារ​​សូចនាករ​​តាមដាន​រួមគ្នា​(JMI) ដែលមាន​ស្រាប់ ជាយន្តការ​​ដ៏សំខាន់មួយ​​​​ដែល​អនុញ្ញាត​ឲ្យម្ចាស់​ជំនួយ​និង​សង្គម​ស៊ីវិល​ពិនិត្យ​​​តាម​ដាន​​​ភាពជោគ​ជ័យ​របស់​រដ្ឋាភិបាល​នៅ​ក្នុងការ​​អនុវត្ត NSDP។

លោកបានលើកឡើង​​ទៀតថា” ទាំងនេះ​គឺជា​សូចនាករល្អបង្ហាញ​​ពីការរីក​ចម្រើន​​​របស់​រដ្ឋាភិបាល ហើយ​យើងចង់​ឲ្យរដ្ឋាភិបាលធ្វើ​ឲ្យប្រសើរ​ឡើង​​​នូវការរីកចម្រើននេះ​។ ប៉ុន្តែ​យើង​ចង់​​បានការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​​​ ដើម្បី​​ដឹង​ពីទិន្នន័យ​គុណវិស័យ​ ដែលនឹង​ឲ្យ​យើងដឹងកាន់​តែច្បាស់​​ថាមាន​អ្វីកំពុង​កើតឡើង​”។

យោងតាម​សេចក្តីថ្លែងការណ៍​​របស់់ក្រសួង​ផែនការ​​បានឲ្យដឹងថា ផែនការ​អភិវឌ្ឍន៍ថ្មី​នេះ​បាន​បង្កើន​ចំនួន​ JMI ដើម្បី​ឲ្យមានការ​ត្រួតពិនិត្យ​កាន់តែប្រសើរ។ សេចក្តីថ្លែងការណ៍នេះមាន​ខ្លឹមសារ​ដូច្នេះថា ” បញ្ជី​សូចនាករ​ពិនិត្យតាម​ដាន​និងវាយ​តម្លៃ​ការ​​អនុវត្ត​ NSDP ឆ្នាំ​២០១៤-២០១៨ ត្រូវបាន​កែសម្រួល​ពី​៦៣ទៅ​៦៧សូចនាករ​ ២០សូចនាករសម្រាប់គោលដៅអភិវឌ្ឍន៍ ហើយ​៤៧សូចនាករ​​ពាក់​​ព័ន្ធនឹង​លទ្ធផល ចំណែកឯ៨០សូចនាករទៀត​ត្រូវបាន​ដាក់​បន្ថែម​ទៅក្នុង​ឧបសម្ព័ន្ធ”។

នៅមុនពេលអនុម័ត NSDP តំណាងរាស្ត្រ​​​​​៦៥រូប​​​របស់​គ​ណបក្ស​​​ប្រជា​​​ជន​កម្ពុជា​ ដែល​មាន​វត្តមាន​នៅក្នុងសភាបាន​អនុម័ត​ជាឯកច្ឆន្ទ​នូវ​​​ច្បាប់​​​ស្តីពី​​ជំនួយ​ផ្លូវច្បាប់​ក្នុង​​​សំណុំ​រឿង​​រដ្ឋប្ប​វេណី​រវាង​ប្រទេស​កម្ពុជា​និងប្រទេស​វៀតណាម​ ចំណែកឯ​​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​មួយ​ក៏ត្រូវបាន​ចុះ​ហត្ថលេខា​ដែរ​​​ ក្នុងកិច្ច​​​ប្រឹង​​​ប្រែង​​​​ព្យាយាម​ទប់ស្កាត់​បទល្មើស​ឆ្លងដែន។រដ្ឋសភា​​បន្ត​សម័យប្រជុំ​របស់​ខ្លួននៅ​ថ្ងៃនេះដើម្បីពិនិត្យ​ផ្ទៀង​ផ្ទាត់​ច្បាប់​ធានា​រ៉ាប់​រង​ថ្មី​មួយ​​ក្នុងគោល​បំណងធ្វើ​និយត​កម្ម​លើ​វិស័យក្មេង​ខ្ចីនេះ។

គួរបញ្ជាក់ថា តំណាងរាស្ត្រ​​ជាប់ឆ្នោតទាំង​៥៥រូប​​​របស់គ​ណបក្សប្រឆាំង​​ បាន​ធ្វើ​ពហិការ​មិនចូល​សភា​​ចាប់​តាំង​​ពីការ​បោះឆ្នោត​ជាតិ​កាលពីខែ​កក្កដាឆ្នាំ​២០១៣មក ដែល​ខ្លួន​អះអាង​ថា ​គណបក្សកាន់​អំណាច​​បាន​ប្លន់​ជ័យ​ជម្នះ​​របស់​ខ្លួន​៕ សុខុម​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស