32.5 C
Phnom Penh

គម្រោង​រៃអង្គាស​ប្រាក់​តាម​រយៈ​​ការ​បង្ហោះ​​បាឡុង​ទទួួល​បរាជ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គម្រោង​បង្ហោះ​បាឡុង​ដើម្បី​ទាក់​ទាញ​ចំណាប់​​អា​រម្មណ៍​ទៅលើ​ស្ថានភាព​កុមារ​ ដែល​មិន​ទទួល​បាន​កា​រ​អប់រំ​​បាន​ជួប​បរាជ័យ​កាល​ពីថ្ងៃ​សុក្រ​ ​នៅពេល​រថយន្ត​​ដឹក​បាឡុងនោះ​ត្រូវ​បាន​សន្តិសុខ​ស្ទាក់​បញ្ឈប់​ ខណ​ៈ​​ដែល​រថយន្តនោះ​បរកាត់​ឧទ្យាន​វត្តបុទុម​។

រថយន្តដែល​មាន​លោក​ ​អេនឌ្រូ ផាកឃឺ ជាអ្នក​​បើក​​និង​ជាអ្នក​បញ្ជា​បាឡុងហោះ​នោះ​និង​បាន​ផ្តួច​ផ្តើម​គំនិតដាក់​ចេញនូវ​គម្រោង​បាឡុង​ហោះ​ ដើម្បី​រៃ​​អង្គាស​ប្រាក់​ដោយ​សហ​ការ​ជាមួយ​អង្គការ​​យូនីសេហ្វ បាន​បើក​រថ​យន្តនោះ​កាត់​សួន​ឧទ្យាន​ ជា​​ហេតុ​បណ្តាល​ឲ្យ​​ឥដ្ឋ​ក្រាល​នៅទីនោះ​របូត​។

​បន្ទាប់​​ពី​ជួប​ប្រទះ​​ការ​ឃាត់​រថយន្ត​ពីសំណាក់​មន្ត្រី​សន្តិសុខ​នៅ​សួន​ឧទ្យាន​នោះ​ នគរបាល​ក៏បាន​សាកសួរ​លោក​​ផាកឃឺ អស់​មួយ​រយៈពេល​ខ្លី​មុនពេល​​យល់ព្រម​ឲ្យបង់​ថ្លៃ​ខូច​ខាត​ នេះ​បើយោងតាម​លោក ឃួង ស្រេង អភិបាល​​រង​សាលារាជធានីភ្នំពេញ​។ លោក ឃួង ស្រេង បានមាន​ប្រសាសន៍ថា “យើងបានឲ្យគាត់​​បង់​ថ្លៃ​ខូចខាត​ និង​បាន​ណែ​នាំ​គាត់​ឲ្យ​បង្ហាញ​ពីភាពមាន​សីល​ធម៌​នៅក្នុងសង្គម​យើង​ ​ហើយ​ក៏បាន​អនុញ្ញាត​ឲ្យ​គាត់​ចាក​ចេញទៅ​”។

​លោក ផាកឃឺ បាន​បង្ហាញ​​បាឡុង​នោះ​នៅតាម​សាលារៀន​នានាក្នុងរាជធានីភ្នំពេញ​ និង​នៅ​ខេត្ត​សៀមរាប​​កាលពីសប្តាហ៍មុន​ ហើយ​មាន​បំណង​បង្ហោះ​ពីឧទ្យាន​​វត្ត​បុទុម​ ទៅ​ប្រទេស​ឡាវ​កាល​ពីថ្ងៃ​សុក្រ។

លោក​និងក្រុម​​ការងារ​​ដែល​​មាន​សមាជិក​ពីរនាក់​របស់​លោក​​មាន​ផែនការ​ធ្វើ​ដំណើរ​​ទូទាំង​​ពិភពលោក​ដើម្បី​រៃ​​អង្គាស​ប្រាក់​សម្រាប់​អង្គការ​យូនី​សេហ្វ​​​ក្នុងរយៈពេល​បួន​ឆ្នាំ​ខាង​មុខ​ ដោយមាន​ប្រទេស​​ឈីលី​​​ជាគោល​​ដៅ​ចុងក្រោយ​ក្នុងឆ្នាំ​២០១៧​។

លោក មាស ប៊ុនលី ​មន្ត្រី​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អង្គការ​យូនីសេហ្វ​កម្ពុជា​​​បាន​ឲ្យដឹងថា លោក ផាកឃឺ មាន​អារម្មណ៍​សោកស្តាយ​​ដែល​បាន​បើក​រថយន្ត​ចូល​​ទៅក្នុង​ឧទ្យាន​នោះ​ ហើយ​បាឡុង​​ ដែល​កំពុង​ធ្វើ​ដំ​ណើរ​ទៅកាន់​ប្រទេស​​ជាង​​១០០​នោះ​នឹង​ត្រូវបាន​ចាប់​ផ្តើម​ហោះ​នៅកាល​បរិច្ឆេ​ទបន្ទាប់៕ ប៊ុននី​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស