32.5 C
Phnom Penh

ប្រទេសឡាវ​នឹង​ពិគ្រោះ​​​យោបល់​ជាមួយ​ប្រទេស​ជិតខាង​​​ខ្លួន​អំពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អង្គការ​បរិស្ថាន​ WWF បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​បាន​យល់ព្រម​ចំពោះ​ដំណើរ​ការ​ពិគ្រោះ​យោបល់សាធារណៈ​​​ដ៏​​​យូរ​ជាមួយ​ប្រទេស​ជិត​​​ខាង​ខ្លួន​មុនពេល​សាង​សង់​ទំនប់​វារីអគ្គិសនី​ដ៏ចម្រូង​ចម្រាសកាត​់​ទន្លេ​មេគង្គ នៅក្នុង​ព្រំដែន​​កម្ពុជា​ចម្ងាយ​ពីរ​គីឡូ​​​ម៉ែត្រ។

ប្រទេស​​​ឡាវ​​​បាន​ប្រកាសអំ​ពី​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន សាហុង កម្លាំង​២៥៦មេហ្គាវ៉ាត់នេះ​កាលពី​ឆ្នាំមុន បន្ទាប់ពី​ជូនដំណឹង​ទៅ​គណៈកម្មការ​ទន្លេមេគង្គ ជា​​​អង្គការ​អន្ត​រ​រដ្ឋាភិបាល​ដែល​​​មាន​មន្ត្រី​មកពី​ប្រទេស​កម្ពុជា​ ឡាវ ថៃ និង​វៀត​ណាម អំពី​បំណង​របស់ខ្លួនក្នុង​ចាប់​ផ្តើម​ការ​សាងសង់​នៅ​ចុង​ឆ្នាំនេះ។

ជាមួយ​នឹង​​សេចក្តីប្រកាសនោះ ប្រទេស​ឡាវ បាន​រំលង​ដំណើរការ​ “ពិគ្រោះ​យោបល់​ជាមុន” ​​​ក្នុង​​​រយៈពេល​ប្រាំមួយ​ខែ​ជាមួយ​ប្រទេស​ជិតខាង​ដែល​តម្រូវ​ដោយ​គណៈកម្មការ​ទន្លេមេគង្គក្រោម​កិច្ច​ព្រមព្រៀង​ទន្លេមេគង្គឆ្នាំ​១៩៩៥​​​សម្រាប់​​​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​អា​ចប៉ះពាល់ដល់​ផ្លូវ​ទឹក​ប្រទេស​ជិត​ខាង។

​បន្ទាប់ពី​មាន​ការ​រិះគន់​ពី​អ្នក​បរិស្ថាន​រយៈពេល​ជាច្រើន​ខែ ដែល​បាន​ព្រមាន​ថា ទំនប់វារី​អគ្គិសនី​នេះ​នឹ​ងធ្វើ​ឲ្យ​ហិន​ហោច​ដល់​ធន​ធាន​ជលផល​ក្នុង​ប្រទេស​កម្ពុជា និង​សំណើពី​រដ្ឋា​ភិបាល​​កម្ពុជា​និងវៀត​​ណាមឲ្យបញ្ឈប់គម្រោង​នេះមក ប្រទេសឡាវ​បាន​យល់​ព្រម​នៅកិច្ច​ប្រជុំ​ជាមួយ​គណៈកម្មការ​ទន្លេមេគង្គ​កាលពី​សប្តាហ៍មុន​ផ្អាក​ការ​សាងសង់​ទំនប់​នេះ។

លោក Marc Goichot អ្នកគ្រប់គ្រង​ទំនប់​វារី​អគ្គិសនី​និរន្តរភាព​​​និង​​អាងទន្លេ​មេគង្គ​​នៅ​អង្គការ​ WWF បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​ថា “ឥឡូវ​នេះ ឡា​វ​សន្យា​ធ្វើ​អ្វីដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​តាម​​​កិច្ច​ព្រម​ព្រៀង​ទន្លេ​មេគង្គ ហើយ​គួរ​តែ​ធ្វើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​នេះ​”។

លោក​លើក​​​ឡើង​​ថា “សេចក្ដី​សម្រេច​ក្នុង​ការ​ពិគ្រោះ​យោបល់​ស្ដីពី​គម្រោង​ទំនប់​វារីអគ្គិសនី​ដន សាហុង និង​ការ​ផ្តល់ព័ត៌មាន​​លម្អិត​សំខាន់ៗអំពី​ផល​ប៉ះពាល់​គម្រោង​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ប្រទេស​ជិត​ខាង​។ វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​ដាក់​សម្ពាធ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ឡាវ​បាន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​”។

លោក កុល វឌ្ឍនា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ឡាវ​ទេ ពីព្រោះ​លោក​មិន​បានទៅ​ប្រជុំ​កាលពី​សប្ដាហ៍​មុន។ ទាំង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​លោក​ ចាន់ យុត្ថា ប្រធាន​ខុទ្ទកាល័យ​របស់​លោក​មិន​អាច​ទាក់​ទង​សុំអត្ថាធិប្បាយ​បានទេ។

ឡាវ​បាន​សាង​សង់​ទំនប់​វារីអគ្គិសនី​កាត់​ទន្លេ​មេគង្គ​មួយ​រួចហើយ គឺ​ទំនប់់​វារីអគ្គិសនី​សាយ៉ាប៊ូរី​ ដែល​បាន​ដំណើរ​ការ​​​សាង​​​សង់ បើ​ទោះ​ជា​មាន​ការ​ជំទាស់​ពី​ប្រទេស​កម្ពុជា​ និង​វៀតណាម​ក៏ដោយ​។ កិច្ចព្រមព្រៀង​ទន្លេ​មេគង្គនេះ​ក៏តម្រូវ​ឲ្យ​មាន​ការព្រម​​​ព្រៀង​​​គ្នា​​​​ក្នុង​ចំណោម​ប្រទេស​​​ជា​​​សមាជិក​គណៈកម្មការ​ទន្លេង​មេគង្គផងដែរ​ មុនពេលការ​​សាង​សង់​ទំនប់​វារីអគ្គិសនី​។

លោក Goichot បាន​មាន​ប្រសាសន៍​ថា “បច្ចុប្បន្ន​នេះ មាន​ជំនឿ​តិច​តួចទៅ​លើ​ដំណើរ​ការ​របស់​គណៈកម្មការ​ទន្លេមេគង្គ​ដើម្បីធ្វើឲ្យប្រាកដថា ត្រូវ​មាន​សេចក្ដី​សម្រេច​រួម​ដើម្បី​ផល​ប្រយោជន៍ដល់​ប្រទេស​ទាំង​អស់​នៅ​តាម​ដង​ទន្លេ​មេគង្គ។ ប្រសិន​បើ​ឡាវ​មិន​ទទួល​ខុស​ត្រូវទេ​ នៅពេល​ឆាប់ៗនេះគណៈកម្មការ​ទន្លេមេគង្គ​នឹង​បាត់​បង់​ភាព​ត្រឹម​​​ត្រូវ​​​របស់​ខ្លួន​ ហើយ​ប្រជាជន​៦០​លាន​នាក់​ដែល​រស់​នៅ​តាម​អាង​ទន្លេមេគង្គ​នឹង​រង​ផល​ប៉ះពាល់​”៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស