30.4 C
Phnom Penh

២៥សប្តាហ៍ដើមឆ្នាំ​នេះ ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​ធ្លាក់​​​ចុះ​​​៨៣​​​ភាគ​​​រយ​​​ធៀប​នឹង​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​របាយការណ៍​​​មួយ​​​របស់​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺគ្រុន​​​ចាញ់ បា៉ារ៉ាសីុតសាស្ត្រ និង​​​បាណក​​​សាស្ត្រ (NMC) បាន​​​ឲ្យដឹង​​​ថា ចំនួន​​​ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​ ដែល​​​ត្រូវ​​​បាន​​​កត់ត្រា​​​ក្នុង​​​រយៈ​​​ពេល​​​២៥​​​សប្តាហ៍​​​​​​ដើម​​​ឆ្នាំ​​​នេះ បាន​​​ធ្លាក់​​​ចុះ​​​៨៣​​​ភាគ​​​រយ​​​បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នាកាល​​​ពីឆ្នាំមុន។​​​

ក្នុង​​​ចំណោមករណីជំងឺ​​​​​​​​នេះជាង​​​១.០០០ករណី​​​នៅ​​​​​​ឆ្នាំ​​​នេះ ​​​មាន​ករណី​ស្លាប់​​​​តែ​​​ប្រាំ​​​មួយ​ប៉ុណ្ណោះ​​​​​​។ អំឡុង​​ពេល​​​ដូច​​​គ្នា​​​​កាល​ពី​ឆ្នាំ​​​មុន​​​ មានករណីស្លាប់​​​​ចំនួន​២៥​​​​​​ក្នុង​​​ចំណោម​​​ករណី​ជំងឺ​នេះ​​ដែល​​​ត្រូវ​​​បាន​​​រាយការណ៍​​​ជាង​​​៦.០០០ករណី។

លោក ច ម៉េង​​​ជួ ប្រធាន​​​ NMC បាន​​​គូស​​​បញ្ជាក់​​​ក្នុង​​​របាយការណ៍​​​នេះ​​​ថា ទោះ​​​បី​​​ជាមាន​​​ករណី​​​ធ្លាក់​​​ចុះ​ខ្លាំង​បែប​នេ​ះក្តី​​​​ ក៏​​​ករណី​​​ជំងឺ​​នេះ​កើត​លើ​មនុស្ស​​​ពេញ​​​វ័យ​​​មាន​​​ការ​​​កើន​​​ឡើង​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ” ៤,៨​​​ភាគ​​​រយ​​​នៃ​​​ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​ទាំង​​​អស់​​​ ដែល​​​ត្រូវ​​​បាន​​​រាយការណ៍​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​​​​ត្រី​​​មាស​​​ដំបូង​​​នេះ​​​ គឺ​​​ជា​​​មនុស្ស​​​ពេញ​​​វ័យ​​​ដែល​​​មាន​​​អាយុ​​​លើ​​​១៥​​​ឆ្នាំ​​​ ចំណែក​​​ឯ​​​​​​​​​ពីឆ្នាំ​​​២០០៧​​​ដល់​​​ឆ្នាំ​​​២០១៣​​​ មាន​​​ករណី​​​មនុស្ស​​​ពេញ​​​វ័យ​​​តែ​​​ពីរ​​​ ឬ​​​បី​​​ភាគ​​​រយ​​​ប៉ុណ្ណោះ”។

ការ​​​ផ្ទុះករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​គឺ​​​វិល​​​ជុំ​​​ ហើយ​​​វា​​​នឹង​​​កើត​​​ឡើង​​​រាល់​​​បី​​​ទៅ​​​ប្រាំ​​​ឆ្នាំ​​​ម្តង​​​។ កាល​​​ពី​​​ឆ្នាំ​​​២០១២ ​​​​​​មាន​​​ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​ប្រហែល​​​១១.២០០ករណី​​​ ហើយ​​​ក្នុង​​​ឆ្នាំ​​​២០០៧​​ដែល​​ជា​ឆ្នាំ​ជំងឺ​​​នេះ​វាយ​​ប្រហារ​ធ្ងន់​ធ្ងរ​​​​ក្នុង​​​រយៈពេល​​​មួយទសវត្សរ៍​​​មកនេះ មានករណី​​​ប្រហែល​​​១៥.៧០០​​​ករណី​​​។ ក្នុង​​​រយៈពេល​​​ប្រាំ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ ​​​​​​មាន​​​ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​តែ​​​០,៤៣​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ដែល​បណ្តាល​​​ឲ្យ​មនុស្សស្លាប់​​​៕សុខុម​​​

​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស