32.5 C
Phnom Penh

ប្រជាជន​បឹង​កក​់​ស្នើ​ឲ្យ​​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​ការ​លក់​ដី​បឹង​កក​់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាជន​នៅ​តំបន់​បឹង​កក់​ រាជធានី​ភ្នំពេញ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) កាលពី​​​ម្សិលមិញ ដោយ​ស្នើ​ឲ្យ​​​អង្គភាព​នេះ​ស៊ើប​អង្កេត​អតីត​មន្ត្រី​ និង​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​១២​រូប និង​សមាជិក​ព្រឹទ្ធសភា​ លោក ឡាវ ម៉េងឃិន ជុំវិញ​ផែន​ការ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​លក់​ដី​ ដែល​អ្នក​ភូមិ​និយាយ​ថា ត្រូវ​បាន​លួច​ពី​អ្នកភូមិ​។boeng-kak

បណ្ដឹង​របស់​អ្នកភូមិ​ទាំង​នោះ ក៏​​​ស្នើ​ឲ្យ​ ACU ស៊ើប​អង្កេត​សំណង់​ទី​​​បញ្ជា​​​ការដ្ឋាន​​​កង​រាជ​​​អាវុធ​ហត្ថ​នៅ​កណ្ដាល​ដី​របស់​ខ្លួន​ គឺ​លើ​ដី​ដែល​ពួកគេ​និយាយ​ថា ត្រូវ​បាន​ទុក​ដោយ​ឡែក​សម្រាប់​គ្រួសារ​ប្រជាជន​តំបន់​បឹង​កក់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​ផ្សារ​ហ៊ុន​សិង្ហបុរី​កាលពី​ចុង​ខែមុន​ ក្រុមហ៊ុន​ HLH Group ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​បុត្រ​​សម្ព័ន្ធ​​របស់​ខ្លួន​គឺ D’Lotus Development បាន​ព្រមព្រៀង​ទិញ​ដី​ទំហំ​១,៣៥​ហិកតា​​​ពី​​​ក្រុមហ៊ុន​ស៊ូកាគូអុីន របស់​​​លោក ឡាវ ម៉េងឃិន ដែល​ក្រុម​អង្គការ​សិទ្ធិ​​​មនុស្ស​ និង​អ្នក​ភូមិ​បឹង​កក់​ចោទ​​​ថា បាន​បណ្ដេញ​ដោយ​ខុស​ច្បាប់​នូវ​​​ប្រជាជន​ប្រហែល​៣.០០០​គ្រួសារ​ចេញពី​ផ្ទះ​សំបែង​របស់​ពួកគេ។

កាលពី​ឆ្នាំ​២០០៧ សាលា​រាជធានី​​​ភ្នំពេញ បាន​​​យល់ព្រម​​​ជួល​​​ដី​​​បឹង​​​កក់​ទំហំ​​​១៣៣​ហិកតា​​​រយៈ​ពេល​៩៩​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអុិន ហើយ​ក្រុម​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា លក្ខខណ្ឌ​​​នៃ​ការ​ជួល​មិន​អនុញ្ញាត​ឲ្យ​លក់​ទៅ​ឲ្យ​ភាគីទី៣​ទេ។

កាលពី​​​ឆ្នាំ​២០១១​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​កាត់​ផ្ទៃដី​ទំហំ​១២,៤៤ហិកតា​ចេញពី​តំបន់​គម្រោង​នេះ ដើម្បី​ឲ្យ​ប្រជា​ជន​ប្រហែល​៦៥០​គ្រួសារ​អាច​រក្សា​ផ្ទះ​សំបែង​របស់​ខ្លួន​បាន​។

លោកស្រី ទេព វន្នី ជា​អ្នកភូមិ​ម្នាក់​ក្នុងចំណោម​អ្នកភូមិ​បឹង​កក់​ប្រហែល​៣០​នាក់​ ដែល​បាន​ទៅ​ ACU ដើម្បី​ដាក់​ពាក្យ​បណ្ដឹង បាន​និយាយ​ថា ” បើ​ [ស៊ូកាគុ] លក់​ដី​ដែល​រដ្ឋាភិបាល​បាន​ជួល​ឲ្យ​ដើម្បី​អភិវឌ្ឍ​ ក្រុម​ហ៊ុន​នេះ​គ្មាន​សិទ្ធិ​ទេ។ ហើយ​បើ​ពួកគេ​លក​់​ដី​នៅ​ក្នុង​ផ្ទៃ​ដី​១២,៤៤ហិកតា​…​វា​គ្មាន​សិទ្ធិ​ទេ ពីព្រោះ​វា​រំលោភ​អនុក្រឹត្យ​”។

ប្រជា​ជន​១២​នាក់​ដែល​មា​ន​ឈ្មោះ​ក្នុង​បណ្ដឹង​នោះ រួម​មាន​លោក ម៉េងឃិន អភិបាល​រាជ​ធានី​​​ភ្នំពេញ បា៉ សុជាតិវង្ស អតីត​អភិបាល​រាជធានី​ កែប ជុតិមា និង​មន្ត្រី​រាជ​ធានី​ ខណ្ឌ​ និង​សង្កាត់​ជាច្រើន​នាក់​ផ្សេង​ទៀត​។

លោក​ ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា អ្នកភូមិ​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ ប៉ុន្តែ​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​របស់​ក្រុម​ហ៊ុន​ស៊ូកាគុ ជាមួយ​ក្រុម​​ហ៊ុន D’Lotus​ គឺ​ស្រប​ច្បាប់​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​​​ថា ” ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​ជ្រើស​រើស​ដៃគូ​ឯកជន​ណា​​​មួយ​​ដើម្បី​​​អភិវឌ្ឍ​ទីតាំង​នេះ​” ក៏ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​លម្អិត​អំពី​របៀប​ដែល​ក្រុម​ហ៊ុន​អាច​លក់​ដី​ដែល​ខ្លួន​កំពុង​ជួល​នោះ​ទ។

លោក​បាន​មាន​ប្រសាសន៍​​​ថា លោក​មិន​ដឹង​ជាក់​លាក់​ថា ដី​មួយ​ផ្នែក​ណា​ដែល​ក្រុម​ហ៊ុន​ស៊ូកាគុ​លក់​នោះ​​​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា វា​មិន​ស្ថិត​នៅ​ក្នុង​ដី​១២,៤៤ហិកតា​ ដែល​ទុក​សម្រាប់​គ្រួសារ​ប្រជា​ជន​​​នោះ​​​ឡើយ។

អ្នកនាំពាក្យ​រូប​នេះ ក៏បាន​ការ​ពារ​សេចក្ដី​សម្រេច​របស់​សាលា​រាជ​ធានី​ ដើម្បី​សាង​សង់​​បញ្ជា​​ការដ្ឋាន​​ថ្មី​​​មួយ​សម្រាប់​កង​រាជ​​​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​​​នៅ​បឹង​កក់ និង​បាន​ឲ្យ​ដឹង​ទៀត​ថា សាលា​រាជធានី​មាន​ផែន​ការ​សង់​ទីស្នាក់ការ​​នគរ​បាល​​នៅ​ក្បែរ​នោះ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ” យើង​នឹង​សង់​កន្លែង​​ឲ្យកម្លាំង​ចម្រុះ​​ កន្លែង​នគរ​បាល​នៅ​ជាប់​នឹង​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ”។

កន្លែង​នោះ​កំពុង​ត្រូវ​សង់​នៅ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​​​ផ្ទះ​របស់​លោកស្រី វន្នី និង​សកម្ម​ជន​មួយ​ចំនួន​ក្នុង​ចំណោម​សកម្ម​ជន​ដ៏​​​លេច​ធ្លោ​បំផុត​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​នគរ​បាល​ អំឡុង​ការ​តវ៉ា​ដោយ​សន្តិវិធី​ ត្រូវ​គេ​ចាប់​ខ្លួន​ និង​កាត់​ទោស​ព្រោះ​ភាព​សកម្ម​របស់​ខ្លួន​។

លោក ឌីម៉ង់ បាន​បដិសេធ​ថា ទីតាំង​​​ថ្មី​របស់​​នគរ​បាល​ និង​កង​រាជ​អាវុធហត្ថ​មិន​មែន​ជា​ការ​បំភិត​បំភ័យ​ក្រុម​សកម្មជន​នោះ​​​ទេ ហើយ​បាន​និយាយ​ថា ទីតាំង​នោះ​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​ដិត​ដល់​ ដើម្បី​ផ្ដល់​សន្តិសុខ​ដល់​ប្រជាជន​តំបន់​នោះ​។

ការ​ចាក់​គ្រឹះ​អគារ​នោះ​ បាន​ចាប់​ផ្ដើម​រួច​ហើយ។ ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ ក្រុម​អ្នកភូមិ​បាន​ស្នើ​ឲ្យ​ផ្អាក​ការ​សាង​សង់​រហូត​ដល់​ការ​ចរចា​បញ្ចប់​រវាង​សាលា​រាជធានី​ និង​អ្នកភូមិ​ប្រហែល​៤០​គ្រួសារ​ ដែល​នៅ​តែ​សង្ឃឹម​​​ថា នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ក្នុង​តំបន់​​​នោះ​៕ មានិត​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស