38 C
Phnom Penh

ក្រុមហ៊ុន​សម្លៀក​​​បំពាក់ល្បីៗលំ​ដាប់​​​ពិភព​​​លោកត្រូវ​​​បាន​​​ភ្ជាប់​​​ទៅ​​​នឹង​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ដែល​​​អាមា៉ស់​​​មុខ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ដែលត្រូវ​បាន​ដាក់​បញ្ចូល​​​​បន្ថែម​​​​​​ចុង​​​ក្រោយ​​​បំផុត​​​​ទៅក្នុង​​​បញ្ជី​​​​​ឈ្មោះ​​​​រោង​​​ចក្រ​​​គោរព​​​ច្បាប់​​តិច​​​​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ ILO  ផលិត​​​សម្លៀក​​​បំពាក់​​​ផ្គត់ផ្គង់​ឲ្យ​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​កីឡា​​​ Kappa របស់​​​អីុតាលី និង​​​ក្រុមហ៊ុន​​​លក់​​​រាយ​​​ដ៏​​​ធំ​​​ Walmart ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ម្នាក់​​​នៅ​​​រោង​​​ចក្រ​​​​​ដែល​​​​ប្រើ​ប្រាស់​​​​ស្លាក​យីហោ​​​​​ទាំង​​​​​​នេះ​​​លើ​​​សម្លៀក​​​បំពាក់​​​ដែល​​​សមាជិក​​​របស់​​​គាត់​​​កាត់​​​ដេរ។

កាល​​​ពី​​​សប្តាហ៍​​​មុន រោង​​​ចក្រ​​​ហុងតាក់ (Hung Tak Garment ​​​​​​​​) ត្រូវ​​​បាន​​​ដាក់​ចូល​​​​បន្ថែម​​​ទៅ​​​ក្នុង​​​ក្រុម​​​ “រោង​​​ចក្រ​​​គោរព​​​ច្បាប់​​តិច​បំផុត” នៃ​​​សន្ទស្សន៍​​​តម្លាភាព​​​​​​របស់​​​​កម្ម​​​វិធី​​​រោង​​​ចក្រ​​​ល្អប្រសើរ​​​នៅកម្ពុជា (BFC) ​​​នៃអង្គការ​​​ ILO។ ក្រុម​​​អធិការកិច្ច​​​របស់​​​ BFC បាន​​​រក​​​ឃើញ​​​១៩​​​ចំណុច​​​ដែល​​​រោង​​​ចក្រ​​​នេះ មិន​​​បាន​​​បំពេញ​​​តាម​​​បទ​​​ដ្ឋាន​​​ជា​​​មូល​​​ដ្ឋាន​​​ រួម​​​ទាំង​​​ការ​​​កាត់​​​ប្រាក់​​​ខែ​​​ខុស​​​ច្បាប់​​​ និ​​​ងការ​​​មិន​​​ផ្តល់​​​ច្បាប់​​​ឈប់​​​សម្រាក​​​ប្រចាំ​​​ឆ្នាំ​​​ ឬ​​​គិត​​​ប្រាក់​​​បៀរ​​​វត្សរ៍​ឲ្យ​​​កម្ម​​​ករ​​​​​​សម្រាប់​​​ការ​​​សុំ​​​ច្បាប់​​​ឈប់​​​សម្រាក​​​​​​ពេល​​​មាន​​​ជំងឺ​​​ផង​​​ដែរ។

អ្នក​​​ស្រី យឹម ចាន់ អាយុ​​​៤០​​​ឆ្នាំ​​​ ជា​​​តំណាង​​​សហជីព​​​សេរី​​​កម្មករ​​​នៅ​​​រោង​​​ចក្រហុងតាក់​​​ បាន​​​ផ្តល់​​​ស្លាក​​​យីហោ​​​ទាំង​នេះឲ្យ​​ទៅ​​​អ្នក​​​យក​​​ព័ត៌​​​មាន។

ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​​​​ពីរ​​​​​​​​​​​​​​​​​​នៅ​​​លើ​​​ស្លាក​​យីហោ​ទាំង​​​នេះ​​​ គឺ​​​ក្រុមហ៊ុន Kappa គ្រប់គ្រង​​​ដោយ​​​ក្រុមហ៊ុន Basic Net SpA ​​​ជាក្រុមហ៊ុន​​​រួម​​​ដ៏ធំ​​​របស់​​​អីុតាលី​​​ រក​​​ស៊ី​​​ផ្នែក​​​សម្លៀក​​​បំពាក់​​​ ដែល​​​ចុះ​​​បញ្ជី​​​នៅលើ​​​ផ្សារ​​​ហ៊ុន​​​ក្នុងក្រុង​​​មីលែន និងក្រុមហ៊ុន George ជា​​​ក្រុមហ៊ុន​​​លក់​​​សម្លៀ​​ក​​​បំពាក់​​​តម្លៃ​​​ថោកផ្គត់​​​ផ្គង់​​​ដោយ​​​ក្រុម​​​ហ៊ុន​​​លក់រាយ​​​ Asda របស់​​​ចក្រ​​​ភព​​​អង់គ្លេស និង​​​ក្រុមហ៊ុន Walmart ដែល​​​ជា​​​ក្រុមហ៊ុន​​​មេ​​​របស់​​​​​​ Asda។

លោក​​​ស្រី ម៉ែមី ម៉ែកក្វាយ​​​អឺ (Mammy Maguire) តំណាង​​​ផ្នែក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​របស់​​​ក្រុម​​​ហ៊ុន Asda បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា ក្រុមហ៊ុន​​​មិន​​​បាន​​​ទទួល​​​សម្លៀក​​​បំពាក់​​​ពី​​​រោង​​​ចក្រ​​​ហុង​​​តាក់ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៧​​​មក​​​ម្លេ៉ះ។ បន្ទាប់​​​ពី​​​ឃើញ​​​រូប​​​ថត​​​ស្លាក​​​យីហោ​​​ទាំង​​​​​​នេះ ​​​លោក​​​ស្រី​​​បានមាន​​​ប្រសាសន៍​​​ថា ស្លាក​​​យីហោ​​​ក្រុមហ៊ុន George គឺ​​​ក្លែង​​​ក្លាយ​​​ ហើយ​​​ថា ក្រុម​​​ហ៊ុន​​​នឹង​​​សើុប​​​អង្កេត​​​ថា តើ​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​ក្លែង​​​ក្លាយ​​​ ឬ​​​យ៉ាង​​​ណា​​​។

លោ​កស្រី​​​បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​ទៅ​​​ក្រុម​​​ហ៊ុន Walmart ដែល​​​ប្រើ​​​ប្រាស់​​​យីហោ​​​ក្រុមហ៊ុន George ដែរ​​​។

លោកស្រី បេតស៊ី ហាដេន (Betsy Harden) មន្ត្រី​​​ផ្នែក​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ ​​​បាន​​​មាន​​​​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​ស្រី​​​នឹង​​​បញ្ជូន​​​សំណើ​​​​សុំ​ការ​ឆ្លើយ​បំភ្លឺ​​​​ទៅ​​​សហការី​ដែល​មិន​​​​អាច​​​ឆ្លើយ​តប​បាន ប៉ុន្តែមាន​​​ប្រសាសន៍​​​ថា ការ​​​ឆ្លើយ​​​តប​​​ឲ្យ​​​បាន​​​ទាន់​​​ពេល​​​សម្រាប់​​​ការ​​​ចុះ​​​ផ្សាយ​​​ ទំនង​​​ជា​​​មិ​​​ន​​​អាច​​​ទៅ​​​រួច​​​ឡើយ។

លោក​​​ ភូនីត ហ្គឺតហា (Puneet Girdhar) ប្រធាន​​​នាយក​​​ប្រតិបត្ត​ិ​​​ក្រុមហ៊ុន CTX North America ដែល​​​គ្រប់​​​គ្រង​​​យីហោ​​​ក្រុមហ៊ុន Kappa នៅ​​​​ក្នុង​សហ​​​រដ្ឋ​​​អាមេរិក និង​​​កាណាដា បាន​​​ឆ្លើយ​​​តប​​​​ទៅ​​នឹង​សំណើ​សុំការ​ឆ្លើយ​បំភ្លឺ​​​​តាម​​​អីុម៉េល ប៉ុន្តែ បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​ក្រុមហ៊ុន Basic Net ដែល​​​ជា​​​ម្ចាស់​​​យីហោ​​​របស់​​​ក្រុមហ៊ុន Kappa។

លោក ភូនីត ហ្គឺត​​​ហា មិន​​​បាន​​​ឆ្លើយ​​​តប​​​​នឹងសំណើ​​​សំុ​​​ព័ត៌​​​មាន​​​ទំនាក់​​​ទំនង​​​ទៅ​​​ក្រុមហ៊ុន​​​
Basic Net ទេ ហើយ​​​សំណើសុំការ​​​បំភ្លឺ​​​បញ្ជូន​​​តាម​​​គេ​​​ហទំព័រ​​​របស់​​​ក្រុមហ៊ុន Basic Net ​​​ក៏មិន​​​បាន​​​ទទួល​​​ចម្លើយ​​​ទាន់​​​ពេល​​​សម្រាប់ការ​​​ចុះផ្សាយ​​​ដែរ។

ស្ត្រី​​​ម្នាក់​​​ឈ្មោះ ចាន​​​់ ស្រី​​​និច ជា​​​កម្មការិនី​​​នៅ​​​រោង​​​ចក្រ​​​ហុង​​​តាក់ បាន​​​ត្អួញ​​​ត្អែរអំពី​កម្តៅ​ក្តៅ​​​​ខ្លាំងនៅ​​​ក្នុង​​​រោង​​​ចក្រ​​​នេះ ហើយ​​​និយាយ​​​ថា ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​របស់​​​ពួ​​​​​​ក​​​គេ​​​នឹង​​​ត្រូវ​​​រោង​​​ចក្រ​​​កាត់​​​យក​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​យក​​​ច្បាប់​​​ឈប់​​​សម្រាក​​​ប្រចាំ​​​ឆ្នាំ​​​ ដែល​​​ពួក​​​គេ​​​មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​តាម​​​ច្បាប់​​​ការងារ​​​។

គាត់​​​និយាយ​​​ថា ” គ្មាន​​​មា៉​​​ស៊ីុន​​​ត្រជាក់​​​ទេ មាន​​​តែ​​​កង្ហារ​​​ពីរ​​​ប៉ុណ្ណោះ។ ខ្ញុំ​​​អាច​​​នឹង​​​សន្លប់​​​ដោយ​​​សារ​​​ការ​​​ធ្វើ​​​ការ​​​ក្រោម​​កម្តៅក្តៅ​​​បែប​​​នោះ​​​”។ កម្មការិនី​​​រូប​​​នេះ​​​ដែល​​​ជា​​​តំណាង​​សហ​ជីព​​​សេរី​​​កម្មករ​​​និយាយថា កម្មករ​​​​​​​​​​​​​​​​​​​​​​​​ដែល​​​ត្រូវ​​​បាន​​​ធានា​​​ឲ្យ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​គោល​​​១០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ ក៏​​​ត្រូវ​​​គេ​​​កាត់​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​​​​សម្រាប់​​​វត្ត​​​មាន​​​ទៀង​​​ទាត់​​​១០​​​ដុល្លារ​​​​​​ដែរ ប្រសិ​​​ន​​​បើ​​​ពួក​​​គេ​​​ឈប់​​​សម្រាក​ពេល​មាន​ជំងឺ​​​។ គាត់​​​និយាយ​​​ថា “ប្រសិន​​​បើ​​​យើង​​​ឈឺ​​​អំឡុង​​​ពេល​​​ធ្វើការ​​​ គេ​​​អនុញ្ញាត​​​ឲ្យទៅ​​​ផ្ទះ ប៉ុន្តែ គេ​​​នៅ​​​តែ​​​កាត់​​​លុយ​​យើង​​​”។តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​គាត់​​​និយាយ​​​ថា ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ គាត់​​​មើល​​​ឃើញ​​​ថា ស្ថានភាព​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​នេះ​​​ល្អ​​​ប្រសើ​​​រ​​​ជាង​​​មុន​​​។ គាត់​​​បាន​​​បន្ត​​​ថា ” បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​រោង​​​ចក្រ​​​ក្បែរ​​​ៗនេះ វា​​​គ្រាន់​​​បើ​​​ជាង​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស