30.4 C
Phnom Penh

គ្រូបង្រៀន​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​គឺ​ជា​ឧក្រិដ្ឋ​ជន​ដែល​អាមេរិក​ស្វែង​រក​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរ​​​បាល​​​មូល​​​ដ្ឋាន​​​ម្នាក់​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា បុរស​​​ជនជាតិ​​​អាមេរិក​​​អាយុ​​​៤៤​​​ឆ្នាំ​​​ម្នាក់​​​ ដែល​ត្រូវ​​​គេ​​​ធ្វើ​​​ឃាត​​​កាលពី​​​សប្ដាហ៍​​​មុន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ស៊ើប​​​អង្កេត​​​រឿង​​​ព្រហ្មទណ្ឌ​​​ពី​​​អាជ្ញាធរ​​​អាមេរិក​​​មុន​​​ពេល​​​គាត់​​​ស្លាប់​​​។

លោក វីលៀម ហ្គ្លិន ជា​​​អ្នក​​​រស់​​​នៅ​​​រដ្ឋមីស៊ីស៊ីពី បាន​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ពីរ​​​ខែ​​​មុន​​​ពីទីក្រុង​​​បាង​​​កក និង​​​ធ្វើការ​​​នៅ​​​សាលា​​​បង្រៀន​​​ភាសា​​​អង់​​​គ្លេស​​​មួយ​​​ចំនួន​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ ប៉ុន្តែ​​​គេ​​​បាន​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​ដោយ​​​សារ​​​​​រឹត​​​ក​​​កាលពី​​​ព្រឹក​​​ថ្ងៃពុធ នៅ​​​តា​​​ម​​​ផ្លូវ​​​លំ​​​មួយ​​​នៅ​​​ក្នុង​​​សង្កាត់​​​គោករកា ខណ្ឌព្រែក​​​​​​ព្នៅ។

លោក សួន សាមឿន នាយ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​សង្កាត់​​​គោករកា បាន​​​មាន​​​ប្រសាសន៍​​​​​​កាលពី​​​ម្សិលមិញ​​​ថា ទោះបី​​​ជាការ​​​ស៊ើប​​​អង្កេត​​​លើ​​​ករណី​​​ឃាត​​​កម្ម​​​នេះមិនទាន់​​​រក​​​ឃើញ​​​មូល​​​ហេតុ​​​ ឬ​​​រកឃើញ​​​ជន​​​សង្ស័យ​​​ក៏ដោយ ក៏​​​មន្ត្រី​​​អាមេរិក​​​បាន​​​ជូន​​​ដំណឹង​​​លោក​​​ថា ពួកគេ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​លោក វីលៀម ហ្គ្លិន មុន​​​ពេល​​​គាត់​​​ស្លាប់​​​។ លោក​​​ សាមឿន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” មន្ត្រី​​​ស្ថានទូត​​​បានបញ្ជាក់​​​ថា អាជ្ញាធរ​​​អាមេរិក​​​​​កំពុង​​​​​​ស្វែង​​រក​​​ចាប់​​​បញ្ជូន​​​ជន​​​រងគ្រោះ​​​នេះ​​​ត្រឡប់​​​ទៅ​​​អាមេរិក​​​វិញ ពីព្រោះ​​​គាត់​​​គឺ​​​ជា​​​ឧក្រិដ្ឋជន​​​”។

មន្ត្រី​​​ស្ថានទូត​​​​​អាមេរិក​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍ បានអម​​​ដំណើរ​​​មន្ត្រី​​​នគរ​​​បាល​​​​​​កម្ពុជា​​​ចុះ​​​ទៅ​​​ផ្ទះ​​​សំណាក់​​​ចំនួន​​​ពីរ​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ ជា​ផ្ទះ​សំណាក់​ដែល​​​លោក​​​ វីលៀម ហ្គ្លិន បាន​​​ស្នាក់​​​នៅ ហើយ​​​បាន​​​ដក​​​យក​​​របស់របរ​​​របស់គាត់​​​ពី​​​ផ្ទះ​​​សំណាក់ Tattoo នៅ​​​ក្នុង​​​ខណ្ឌ​​​៧​​​មករា ជា​​​កន្លែង​​​ដែល​​​គាត់​​​ស្នាក់​​​នៅ​​​ចុង​​​ក្រោយ​​​។

នៅពេល​​​សួរ​​​កាលពី​​​ម្សិលមិញ​​​ថា តើ​​​រូបភាព​​​វី​ដេអូពី​​​កាមេរ៉ា​​​សុវត្ថិភាព​​​នៅ​​​ផ្ទះ​​​សំណាក់​​​ទាំង​​​ពីរ​​​បាន​​​បង្ហាញពី​​​តម្រុយ​​​ណាមួយ​​​ឬអត់​​​នោះ លោក អេង សោភា នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​រាជ​​​ធានី​​​ បានមាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​អាមេរិក​​​បាន​​​​​​ប្រមូល​​​ភ័ស្តុតាង​​​សម្រាប់​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យរួច​​​ហើយ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​រឿង​​​ទេ ពីព្រោះ​​​យើង​​​បានបញ្ជូន​​​រឿង​​​នេះ​​​ទៅ​​​ឲ្យ​​​ស្ថានទូត​​​រួច​​​ហើយ”។

លោក ចន ស៊ីម៉ុន អ្នក​​​នាំពាក្យ​​​ស្ថានទូត​​​អាមេរិក បាន​​​មាន​​​ប្រសាសន៍​​​ថា ដោយសារ​​​ច្បាប់​​​ស្ដីពី​​​ភាព​​​ឯកជន​​​ លោក​​​មិន​​​អាច​​​និយាយ​​​ពី​​​រឿង​​​នេះ​​​បាន​​​ទេ ប៉ុន្តែ​​​លោក​​​បាន​​​បដិសេធ​​​ថា ស្ថាន​​​ទូត​​​អាមេរិក​​​មិនជាប់ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ទេ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” យើង​​​កំពុង​​​ធ្វើ​​​អ្វី​​​ដែល​​​យើង​​​អាច​​​ធ្វើ​​​បាន​​​ដើម្បី​​​ជួយ​​​អាជ្ញាធរ​​​កម្ពុជា ប៉ុន្តែ​​​នេះ​​​ជា​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​នគរ​​​បាល​​​កម្ពុជា”។

អ្នកស្រី នីតាយ៉ា ហ្គ្លិន អាយុ​​​៤៤​​​ឆ្នាំ​​​ ដែល​​​ជា​​​ប្រពន្ធ​​​របស់​​​ជន​​​រងគ្រោះ​​​អស់​​​រយៈពេល​​​ប្រាំ​​​ឆ្នាំ​​​​​​បាន​​​និយាយ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា ប្ដី​​​របស់​​​អ្នកស្រី​​​ដែល​​​បាន​​​បែក​​​គ្នា​​​កាលពី​​​ពី​រ​​​ខែ​​​មុន បាន​​​ប្រាប់​​​អ្នកស្រី​​​ជា​​​ច្រើន​​​ដង​​​ថា គាត់​​​មិន​​​អាច​​​ត្រឡប់​​​ទៅ​​​អាមេរិក​​​វិញ​​​ទេ ប៉ុន្តែ​​​គាត់​មិន​​​ដែល​​​បាន​​​ប្រាប់​​​ពី​​​មូល​​​ហេតុ​​​ឡើយ។

អ្នកស្រី​​​បាន​​​និយាយ​​​ថា FBI បាន​​​មក​​​ផ្ទះ​​​​អ្នក​ស្រី​នៅ​​​ទីក្រុង​​​បាងកក​​​កាលពី​​​សប្ដាហ៍មុន។ ” ពួកគេ​​​បាន​​​ទូរស័ព្ទ​​​មក​​​ខ្ញុំ​​​ និង​​​បានមក​​​ជួប​ខ្ញុំ​​​នៅ​​​​​ក្នុង​​​ផ្ទះខ្ញុំ ហើយ​​​ខ្ញុំ​​​បាន​​​ផ្ដល់​​​ព័ត៌មានជាច្រើន​​​ឲ្យ​​​ពួកគេ​​​”។

អ្នកស្រី​​​ ហ្គ្លិន បាន​​​និយាយ​​​ថា ប្ដី​​​គាត់​​​បាន​​​ទៅ​​​ស្ថានទូត​​​អាមេរិក​​​​​​ប្រចាំ​​​ក្រុង​​​ភ្នំពេញ​​​កាលពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​កក្កដា ដើម្បី​​​បន្ថែមទំព័រលិខិត​​​ឆ្លង​​​ដែន​​​របស់​​​គាត់ ពីព្រោះ​​​គាត់​​​ចង់​​​ចាក​​​ចេញ​​​ពី​​​កម្ពុជា​​​ទៅ​​​ប្រទេស​​​ចិន​​​ភ្លាមៗ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ” គាត់​​​បាន​​​ផ្ញើ​​​សារ​​​មក​​​ខ្ញុំ​​​ថា គាត់​​​ព្រួយ​​​បារម្ភ​​​ ពីព្រោះ​​​ស្ថានទូត​​​បាន​​​យក​​​លិខិត​​​ឆ្លង​​​ដែន​​​ពីគាត់​​​ ហើយ​​​គាត់​​​មិន​​​ដឹង​​​ថា​​​ដោយ​សារ​មូល​​​ហេតុ​​​អ្វី​​​ទេ​​​”៕ គឹមហឿន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស