28.4 C
Phnom Penh

អង្គការ​មិនមែនរដ្ឋាភិបាល​នឹង​ដាក់ញត្តិ​ថ្វាយព្រះមហាក្សត្រ​ជុំវិញ​ច្បាប់​ស្តីពីប្រព័ន្ធតុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គមស៊ីវិលមួយ​ក្រុម​នឹងដាក់​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី នៅ​ថ្ងៃនេះ អំពាវនាវដល់​ព្រះមហាក្សត្រ​កុំឲ្យឡាយព្រះ​ហស្តលេខា​លើ​ច្បាប់​ចំនួន​បី​ស្ដីពីប្រព័ន្ធ​តុលាការ​ ដែលពួកគេ​លើក​ឡើង​ថា នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​ការ​ត្រួត​ត្រា​កាន់​តែ​ខ្លាំង​លើ​ប្រព័ន្ធ​តុលាការ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ។

បើទោះ​ជា​មាន​ការ​លើក​ឡើង​នូវ​កង្វល់​ពី​សំណាក់អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​ក្នុង​ស្រុកនិង​​អន្តរជាតិ​ក៏ដោយ ក៏ច្បាប់​ស្ដីពី​ប្រព័ន្ធ​តុលាការ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ​នៅក្នុង​​រដ្ឋសភា​ឯកបក្ស​ និង​ព្រឹទ្ធសភា​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ​ដែរ ហើយ​​កាល​ពី​ពីរ​សប្ដាហ៍​​មុន ត្រូវ​បាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែលមានសមាជិក​​សុទ្ធតែ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​ ​ចាត់​ទុក​ថា ស្រប​តាម​រដ្ឋធម្មនុញ្ញ។​មាន​តែ​ព្រះហស្តលេខា​របស់​ព្រះ​មហាក្សត្រ​ សីហមុនី ប៉ុណ្ណោះ​​ទើបធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​។

លោក សៀ ភារម្យ ប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​​ ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​មួយ​ក្នុង​ចំណោម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ប្រាំមួយ ដែល​បានចូល​រួម​ក្នុង​ការ​ដាក់​​ញត្តិ​នៅថ្ងៃ​ស្អែក​បាន​មាន​ប្រសាសន៍​ថា បើទោះ​ជា​អង្គការ​ទាំង​នេះ​មិន​រំពឹង​ថា ព្រះមហាក្សត្រ​នឹង​យក​ព្រះទ័យទុក​ដាក់​ចំពោះ​សំណើ​របស់​ខ្លួន​ក៏ដោយ ក៏ពួកគេ​សង្ឃឹម​ថា នឹង​ធ្វើ​ការ​ជំទាស់​ជា​សាធារណៈ​ មុន​ពេល​ច្បាប់​នេះ​ត្រូវ​បាន​ផ្ដល់​សច្ចានុមតិ​ដែរ។

លោក​បាន​​មាន​ប្រសាសន៍​ថា ” ប្រសិន​បើ​ព្រះ​មហាក្សត្រ​នៅ​តែ​ឡាយព្រះ​ហស្តលេខា​ក្រោម​សម្ពាធ​ ក៏យើង​មិន​អាច​រារាំ​ង​ព្រះ​អង្គ​មិន​ឲ្យ​ឡាយ​ព្រះហស្តលេខា​បាន​ដែរ​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​បង្ហាញ​ថា យើង​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​ប្រាប់​សាធារណជន​ដែរ​”។

លោក សៀ ភារម្យ បាន​ប៉ាន់​ប្រមាណ​ថា មនុស្សពី​៥០​នាក់​ទៅ​៨០​នាក់​នឹង​ចូល​រួម​ដាក់​ញត្តិ​នៅ​ព្រះ​បរម​រាជវាំង​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គិត​ថា អាជ្ញាធរ​នឹង​រារាំង​ពួក​យើង ប៉ុន្តែ​យើង​គ្រាន់​តែ​ព្យាយាម​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស