29.6 C
Phnom Penh

កម្មករ​នឹង​ហែក្បួន​​បន្ទាប់ពីរោងចក្រ​មិន​អើពើនឹង​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​អាជ្ញាកណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​រោងចក្រ​កាត់​ដេរ​អូសេអង់ស្ថិត​ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ​បាន​បន្ត​តវា៉​កាលពី​ម្សិលមិញ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​អ្នក​គ្រប់​គ្រងរោងចក្រ​ដែល​មិន​អើពើ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ឲ្យ​បើក​ប្រាក់​ដល់ពួកគេ​។

លោក ចេង ឆន អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្មករ​នឹង​ហែក្បួន​ទៅកាន់​ក្រសួង​ការ​ងារ​នៅ​ថ្ងៃ​នេះ ហើយ​ប្រហែល​ជា​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ផងដែរ ដែល​តាម​ធម្មតា​មានជំនួប​ខ្លី​ជាមួយ​តំណាង​ខុទ្ទកាល័យ​ម្នាក់​​នៅ​សួន​មុខ​វត្តបទុម​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ប្រាកដជានឹង​ហែក្បួន​ទៅ​កាន់​ខុទ្ទកាល័យ​លោក ហ៊ុន សែន ពីព្រោះ​តំណាង​ក្រសួង​ការ​ងារ​មិន​អើពើ​នឹង​ពួកយើង​”។

ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​បាន​សម្រេច​កាលពី​សប្ដាហ៍​មុន​ថា កម្មករ​រោងចក្រ​​ដែល​បាន​ផ្អាក​ប្រតិបត្តិ​ការ​កាលពី​ខែ​ឧសភា ដោយ​សារ​មិន​មាន​ការ​បញ្ជា​ទិញ​នោះ ក្នុង​ម្នាក់​ៗ​អាច​ទទួល​បាន​ប្រាក់​១២០​ដុល្លារ​​សម្រាប់​ពេល​គ្មាន​ការ​ងារ​ធ្វើ​នេះ​។

លោក​ វង្ស សុវណ្ណ អគ្គនាយក​រង​នៃ​អគ្គ​នាយក​​ដ្ឋាន​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នៅ​ក្រសួង​ការ​ងារ​ បាន​ស្នើ​ឲ្យ​សហជីព​លុប​ចោល​ការ​ហែក្បួន​ និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​វិញ។

អ្នកស្រី ដឹម ស្រីមុំ អាយុ​២៩​ឆ្នាំ​ជា​កម្មការិនីម្នាក់​បាន​និយាយ​ថា ពួកគេ​គ្មាន​ពេល​រង់ចាំ​ទេ។ “នៅថ្ងៃ​ស្អែក​ ប្រសិន​បើ​រោងចក្រ​មិន​ផ្ដល់​លទ្ធផល​ដល់​ពួក​យើង​ទេនោះ យើង​ត្រូវ​តែហែក្បួន​ទៅ​ក្រសួង​ការ​ងារ​ ពីព្រោះខ្ញុំ​ត្រូវ​ការ​លុយ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ និង​ថ្លៃ​ទឹក​ភ្លើង​”៕ សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស