32.5 C
Phnom Penh

តៃវ៉ាន់​​​ថា​​​ការិយាល័យ​​​ពាណិជ្ជកម្ម​​​បាន​​​ការ​​​យល់​​​ព្រម​​​ពីក្រសួង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមបណ្តាញ​​​ព័ត៌មាន​​​តៃវ៉ាន់​​​ឲ្យ​​​ដឹង​​​ថាបន្ទាប់ពី​​​មាន​​​ការ​​​ប្តេជ្ញា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​ ហ៊ុន សែន មិន​​​ឲ្យ​​​តៃវ៉ាន់​​​បើក​​​ការិយាល័យ​​ពាណិជ្ជ​​​កម្ម​​​​តៃវ៉ាន់​​​នៅ​​​ភ្នំ​​ពេញ​​​កាល​​​ពី​​​ថ្ងៃសុក្រ ក្រុមប្រឹក្សា​​​អភិវឌ្ឍ​​ន៍​​​ពាណិជ្ជកម្ម​​​តៃវ៉ាន់​​​កាលពីថ្ងៃសៅរ៍បាន​​​តប​​​វិញ​​​ថាការិយាល័យ​​​នេះ​​​បាន​​​ទទួល​​​ការយល់ព្រម​​​រួច​​​ហើយ​​​ពី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​កម្ពុជា។

ក្នុង​​​​​​កិច្ចប្រជុំគណៈរដ្ឋ​​មន្ត្រី​​​កាល​​ពី​​​ថ្ងៃសុក្រលោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍លោក​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​តៃវ៉ាន់​​​បើក​​​ការិយាល័យ​​​ពាណិជ្ជកម្មដោយសារ​​​ការ​​​គោរពនយោបាយ​​​ចិន​​​តែមួយ​​​របស់​​​ក្រុង​​​ប៉េកាំងដែល​​​ចាត់​​​ទុក​​​តៃវ៉ាន់​​​ជា​​​ខេត្ត​​​មួយ​​​របស់​​​ចិន។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ប្រតិកម្មទៅ​​​នឹង​​​សេចក្តី​​​រាយការណ៍​​​មួយ​​​របស់​​​ព័ត៌​​មាន Taipei Times ដែល​​​ត្រូវ​​​បាន​​​លើក​​​មក​​​ផ្សាយ​​​ដោយ​​​កាសែតរស្មីកម្ពុជាហើយ​​​លោក​​​បាន​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​កែ​​​តម្រូវ។

យ៉ាងនេះក្តីកាលពី​​​ម្សិលមិញ Taipei Times បាន​​​រាយ​​​ការណ៍​​​ថាក្រុមប្រឹក្សា​​​អភិវឌ្ឍន៍​​​របស់​​​កោះ​​​តៃវ៉ាន់បាន​​​ចេញ​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​មួយ​​​កាលពី​​​ថ្ងៃសៅរ៍ប្រតិកម្ម​​​ទៅ​​​នឹង​​​ការអធិប្បាយ​​​របស់​​​លោក​​​ ហ៊ុន សែន និង​​​បាន​​​លើក​​​ឡើង​​​ថាខ្លួន​​​ពិតជា​​​បាន​​​ទទួលវិញ្ញាបនប័ត្រ​​​​​​​​សាជីវកម្មសម្រាប់​​​ការិយាល័យ​​​ពាណិជ្ជ​​​កម្មនៅ​​​ភ្នំពេញ​​​ពី​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​មែន។

ព័ត៌មាន Taipei Times បាន​​​រាយការណ៍​​​កាលពី​​​ម្សិលមិញ​​​ថា “ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន [ក្រុម​​​ប្រឹក្សា​​​នេះ] បានលើក​​​ឡើង​​​ថាខ្លួន​​​បាន​​​ទទួល ‘វិញ្ញាបនប័ត្រ​​​​​​សាជីវ​​​កម្ម’ ដើម្បី​​​បើក​​​ការិយាល័យ​​​មួយ​​​នៅ​​​ក្រុង​​​ភ្នំពេញដែល​​​នឹង​​​ត្រូវ​​​ចុះ​​​បញ្ជីជាសាខា “Branch of Taiwan Trade Center Inc”។ ក្រុម​​​ប្រឹក្សា​​​នេះ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹងសំណើ​​​សុំ​​​ការ​​​អធិប្បាយ​​​ទេ។

នៅ​​​ក្រសួង​​​ពាណិជ្ជ​​​កម្មលោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយអំពី​​​ថាតើក្រសួង​​​បាន​​​ចេញ​​​វិញ្ញាបនប័ត្រ​​​ឲ្យ​​​ការិយាល័យពាណិជ្ជ​​​កម្ម​​​តៃវ៉ាន់ឬ​​​យ៉ាងណានោះទេ។

លោក ម៉ៅថូរ៉ា ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​​​មាន​​​ប្រសាសន៍​​​ថាលោក​​​មិន​​​បាន​​​ដឹងអំពី​​​កិច្ច​​​ប្រឹងប្រែងណាមួយដើម្បី​​​បើក​​​ការិយាល័យ​​​ណាមួយ​​​បែបនេះ​​​ទេ។  លោក​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​ជា​​​បញ្ហា​​​នយោបាយ។ យើង​​​ទទួល​​​ស្គាល់​​​នយោបាយចិន​​​តែ​​​មួយ”។មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស