29.6 C
Phnom Penh

នគរបាល​ចាប់ខ្លួន​ស្ត្រីម្នាក់ដែលបាន​នាំចូល​ប្រហិតត្រីខូចគុណភាពខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ នគរ​បាល​ប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ច​បាន​ចាប់​ខ្លួន​ស្ត្រី​​ម្នាក់ និង​រឹបអូស​យក​​ប្រហិត​ត្រី​ខូច​គុណភាព​ចំនួន​៣​តោន ដោយអះអាង​ថា គាត់​បាន​នាំ​ចូល​ប្រហិត​ត្រី​នេះ​ដោយ​ខុស​ច្បាប់​។

អ្នកស្រី​ ចាន់ ធា អាយុ​៣៧​ឆ្នាំ ជា​អ្នក​រស់​នៅ​ខេត្ត​កណ្ដាល​ត្រូវ​បាន​ឃាត់នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​​ខណៈ​ដែល​គាត់​ធ្វើ​ដំណើរ​ទៅខេត្ត​បាត់​ដំបង ដែលនៅទីនោះ​នគរ​បាល​ជឿ​ថា គាត់​មាន​គម្រោង​ផ្ទេរ​ប្រហិត​ត្រី​របស់អ្នកស្រី​។

ឧត្តម​សេនីយ៍ត្រី ឡុង ស្រេង អនុ​ប្រធាន​នគរ​បាល​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ” ប្រហិត​ត្រី​ទាំង​នេះ​ត្រូវ​បាន​នាំ​ចូលដោយ​ខុស​ច្បាប់​ ហើយ​មិនមាន​លិខិតស្នាម​ត្រឹម​ត្រូវ ឬ​ការ​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​ឡើយ”។

លោក​​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ទទួល​បាន​តម្រុយ​ពី​នគរ​បាលមូលដ្ឋាន​នៅ​​ពេល​រថយន្ត​របស់​អ្នកស្រី ចាន់ ធា បាន​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួតពិន​ិត្យ​ព្រំដែន​ ហើយ​បាន​បើក​តាម​អ្នក​ស្រី​​មក​ដល់​រាជ​ធានី​ភ្នំពេញ កន្លែង​ដែល​អ្នកស្រី​បាន​ឈប់​រថយន្ត​របស់ខ្លួនក្នុង​បំណង​ផ្ទេរ​​ប្រហិត​ត្រី​ទៅ​រថយន្ត​មួយ​ទៀត​។

លោក​បាន​មាន​ប្រសាសន៍​ថា ” វា​ជា​ប្រភេទ​ផលិត​ផល​ចំណីអាហារ​ ប៉ុន្តែ​​ពួកគេ​បាន​ដឹក​ដោយ​គ្មាន​លិខិត​ស្នាម​ឬ​បទដ្ឋានត្រឹម​ត្រូវ​ ដូច្នេះ​មិន​អាច​ទទួល​យក​បាន​ទេ​។ ពួកគេ​​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ជំនាញ​ពិនិត្យ[​ប្រហិតត្រីដែល​នាំចូល​] ពីព្រោះយើង​មិន​ដឹង​ថា តើ​មាន​ដាក់​សារធាតុ​គីមី​អ្វី​នៅ​ខាង​ក្នុង ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​​​ប្រជា​ពល​រដ្ឋ​”។

អ្នកស្រី ចាន់ ធា ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​ ហើយ​ប្រហិត​ត្រី​ទាំង​អស់​ត្រូវ​បានបំផ្លាញ​ចោល​។

លោក ស ថេត ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង បាន​មាន​ប្រសាសន៍​ថា នគរ​បាល​កំពុង​​ព្យាយាម​ចាប់សាច់​ខូច​គុណភាព​ទាំងអស់ដែលនាំចូលពីប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​តែង​តែ​ស៊ើប​អង្កេត​ផលិត​ផល​ចំណី​អាហារ​ទាំង​អស់​ដែល​ប្រើ​សារធាតុ​គីមី​ដើម្បី​ធ្វើ​ឲ្យ​វាទន់ស្វិត ​ដូចជា​គុយទាវ​ និង​ត្រី​ក្លាសេជាដើម​​ ពីព្រោះ​នៅ​ពេល​យើង​បរិភោគ​វាទៅ​ វា​ប៉ះ​ពាល់​ដល់​សុខភាព​របស់​យើង​ខ្លាំង​ណាស់​”។

កន្លែង​ផលិត​គុយទាវ​នៅ​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​បិទ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ដោយ​សារ​រក​ឃើញ​សារធាតុ​គីមី​ហាម​ឃាត់​ ខណៈ​ដែល​អ្នកស្រាវ​ជ្រាវ​បាន​រក​ឃើញ​អាស៊ីត​បូរ៉ាក់នៅ​ក្នុង​ប្រហិត​ត្រី​នៅ​ក្នុង​ប្រទេស​តំបន់អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត​​។

លោក យ៉ង សាំងកុមារ ប្រធាន​អង្គការ​សេដាក​ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​កសិកម្ម បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ណា​ជាវា​ខុស​ច្បាប់​ក្ដី​ ក៏​​សារធាតុ​គីមី​បែប​នេះនៅ​តែ​ពេញ​និយម​ដដែល​ ដោយ​សារ​វាអាច​ធ្វើ​ឲ្យ​ច​ំណីអាហារ​រក្សា​ទុក​បាន​យូរ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ដូច្នេះ​ស្ថាប័ន​ជំនាញ​ខាង​ចំណី​អាហារ​ត្រូវ​សិក្សា និង​ត្រួត​ពិនិត្យ​សំណាក​ជា​ប្រចាំនៅ​តាម​ទីផ្សារ និង​អប់រំប្រជា​ពល​រដ្ឋ​ថា តើ​កម្រិត​ណា​អាច​ប្រើ​បាន និង​កម្រិត​ណា​​មិន​អាច​ប្រើ​បាន​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស