32 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​ស្រមោល​នៅ​ក្នុង​រដ្ឋ​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈរដ្ឋមន្ត្រី​ស្រមោល​នឹង​បង្កើត​ឡើង​នៅ​ក្នុង​រដ្ឋសភា​ នៅ​ពេល​ដែល​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​កាន់​តំណែង​ ជា​ទង្វើ​មួយ​ដែល​កាលពី​៩​ឆ្នាំ​មុន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ជាប់​ពន្ធនាគារតាមការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​បះបោរ​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ព្រម​ព្រៀង​គ្នា​កាលពី​​ថ្ងៃ​អង្គារ សម្រាប់​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ចូល​​រដ្ឋសភា បន្ទាប់ពី​គណបក្ស​នេះ​​បាន​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​ចំនួន​៥៥​របស់​ខ្លួន​អស់​រយៈ​ពេល​១០​ខែ ចំពោះ​ការ​ចោទ​ប្រកាន់​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣។

មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​មួយ​ចំនួន​បាន​និយាយ​កាលពី​ដើម​​សប្ដាហ៍​នេះ​ថា ពួកគេ​គិត​ថា ការ​ស្បថ​ចូល​កាន់​តំណែង​នឹង​ធ្វើ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​លោក យឹម​ សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា នៅ​​មាន​ការ​គិត​គូរ​បញ្ហា​ជា​ច្រើន​ទៀត​អំពី​របៀប​ដាក់​បញ្ចូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​បន្ទាប់​ពី​ពួកគាត់​ស្បថ​ចូល​កាន់​តំណែង​ហើយ ​សមាជិក​សភា​ជាច្រើន​​រូប​របស់​គណបក្ស​នេះ នឹងធ្វើ​ឲ្យគណបក្ស​នេះ​​អាច​បង្កើត​គណៈរដ្ឋមន្ត្រី​មួយ​ទៀត​បាន​។

លោក​ សុន ឆ័យ ដែល​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ែដរ​នោះ​ បាន​មាន​ប្រសាសន៍​ថា មិន​ដែល​មាន​គណបក្ស​ប្រឆាំង​បែប​នេះ​ជួយ​ប្រទេស​ជាតិ​ទេ​កាលពី​មុន។ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ច្រាន​ចោល​សំណើ​របស់​យើង​សុំ​បង្កើត​គណៈរដ្ឋមន្ត្រី​ស្រមោល​ ប៉ុន្តែ​យើង​នឹង​បង្កើត​គណៈរដ្ឋមន្ត្រី​នេះ​។ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ ទោះ​បី​មិន​មាន​ចែង​ក្នុង​ច្បាប់​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​អាច​ធ្វើ​ដូច្នេះ​បាន​ដែរ។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​បង្កើត​រដ្ឋ​មន្ត្រី​ស្រមោល​ថ្មី​សម្រាប់​ក្រសួង​នីមួយៗ​ទេ ប៉ុន្តែ​នឹង​ជ្រើស​រើស​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ឲ្យ​ទទួ​ល​ខុស​ត្រូវ​លើ​ក្រសួង​មួយ​ចំនួន​។

លោក សុន ឆ័យ បាន​ពន្យល់​ប្រាប់​ថា “យើង​នឹង​មិន​បង្កើត​ក្រសួង​២០​ដូច​ដែល​មាន​សព្វ​ថ្ងៃ​នេះ​ទេ។ កម្ពុជា​​ត្រូវ​ការ​ក្រសួង​ប្រហែល​១១​ប៉ុណ្ណោះ។​ យើង​នឹង​បញ្ចូល​ក្រសួង​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ស្រដៀង​គ្នា​ទៅជា​ក្រសួង​តែ​មួយ។ ឧទាហរណ៍​ យើង​មិន​ត្រូវ​ការ​ក្រសួង​ធនធាន​ទឹក​ទេ ព្រោះ​ក្រសួង​នេះ​អាច​ធ្វើ​ជា​នាយក​ដ្ឋាន​នៅ​ក្នុង​ក្រសួង​កសិកម្ម​បាន​ ហើយ​ក្រសួង​ពាណិជ្ជកម្ម​គួរ​តែ​ដាក់​បញ្ចូល​ជាមួយ​ក្រសួង​ការ​បរទេស​។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​បង្កើត​គណៈរដ្ឋមន្ត្រី​ស្រមោល​បែប​នេះ​នៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា វា​មិន​មែន​ជា​រឿង​អាទិភាព​ទេ។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យមាន​ការ​ទទួល​ស្គាល់​គណបក្ស​ប្រឆាំង​ដូច​នៅ​ក្នុង​ប្រព័ន្ធ​អង់គ្លេស​។ ប្រការ​នេះ​បង្ហាញថា មាន​ការ​បង្កើត​គណៈរដ្ឋ​មន្ត្រី​ស្រមោល​”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ស្រមោល​​បែប​នេះ​មិន​មែន​ជា​ការ​ងារ​របស់​លោក​ទេ វា​ជាការ​ងារ​របស់​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​​និង​គណបក្ស​ប្រឆាំង​ក្នុង​ការ​សម្រេច​ជាមួយ​គ្នា​។

លោក​បាន​មាន​ប្រសាសន៍​ថា ” សម្រាប់​ពេល​នេះ​ ខ្ញុំ​មិន​កេង​យក​ចំណេញ​ពី​អ្វី​មួយ​ទេ។ ទុក​ឲ្យពួកគាត់​អង្គុយ​នៅ​ក្នុង​រដ្ឋសភា​ និង​សម្រេច​ថា ត្រូវ​ធ្វើ​ដូច​ម្ដេច​។ គោល​បំណង​របស់​លោក សុន ឆ័យ និង​គណបក្ស​របស់​លោក​ គឺ​ជា​គោល​បំណង​របស់​ពួកគេ​។ ប្រសិន​បើ​វា​ជា​ការ​ចង់​បាន​របស់​រដ្ឋសភា​ អនុញ្ញាត​ឲ្យ​ពួកគាត់​បង្កើត​ទៅ​”។

ប៉ុន្តែ​លោក​ ជាម យៀប អ្នក​នាំពាក្យ​​និង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​គណៈរដ្ឋមន្ត្រី​បែប​នេះ​ទេ។​លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​ចង់​ប្រាប់​សាធារណជន​ថា នៅ​កម្ពុជា​មិន​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​​រដ្ឋាភិបាល​ស្រមោល​ទេ។ មិន​ធ្លាប់​មាន​គណៈរដ្ឋមន្ត្រី​ស្រមោល​នៅ​កម្ពុជា​ទេ​”។ លោក​បាន​ឲ្យ​ដឹងទៀត​ថា ” ពិត​មែន​ហើយ​​មាន​រដ្ឋាភិបាល​ស្រមោល​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ដែល​ជា​ប្រទេស​អនុវត្ត​ប្រព័ន្ធ​អង់ក្លូសាក់សុង ប៉ុន្តែ​យើង​ធ្វើ​តាម​ប្រព័ន្ធបារំាង ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​រដ្ឋាភិបាល​ស្រមោល​”។

លោក ជាម យៀប បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បែប​នេះ​មិន​ស្រប​ច្បាប់​ទេ។ ” ប្រសិន​បើ​លោក​ សុន ឆ័យ គ្រាន់​តែ​និយាយ​ពី​រឿង​នេះ វា​មិន​អី​ទេ។ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​បង្កើត​ពិត​មែន​នោះ វា​ជា​អំពើ​ខុស​ច្បាប់​។ គណបក្ស​ប្រឆាំង​ត្រូវ​អាន​ច្បាប់​”។

កាលពី​ខែ​កក្កដា ឆ្នាំ​២០០៤​ លោក ហ៊ុន សែន បាន​ចោទ​លោក ជាម ច័ន្ទនី តំណាង​រាស្ត្រ​គណបក្ស​ សម រង្ស៊ី ថា បាន​រៀបចំ​ផែន​ការ​បះបោរ​ ដោយ​ការ​បង្កើត​ ” កង​ទ័ព​ស្រមោល​” បន្ទាប់ពី​លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈកម្មាធិការ​ការ​ពារ កិច្ច​ការ​យុទ្ធជន រំសាយ​ និង​សន្តិសុខ​សាធារណៈ​របស់​គណបក្ស​ប្រឆាំង​”។

គណៈកម្មាធិការ​នេះ​ គឺ​ជា​គណៈកម្មាធិការ​មួយ​ក្នុង​ចំណោម​គណៈកម្មាធិការ​ចំនួន​ប្រាំ​បួន ដែលគណបក្ស​របស់​លោក​ សម រង្ស៊ី បាន​បង្កើត​ឡើង​ដើម្បី​ឲ្យឃ្លាំ​មើល និង​ឆ្លើយ​តប​ចំពោះ​ក្រសួង​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​បាន​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក ជាម ច័ន្ទនី កាលពី​ឆ្នាំ​២០០៥ ហើយ​លោក​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ជិត​១ឆ្នាំ​ក្នុង​ចំណោម​ទោស​ជាប់ពន្ធនាគារ​៧​ឆ្នាំ​។

លោក​ស្រី មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​ឥឡូវ​នេះ​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​មណ្ឌល​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី​ស្រមោល​របស់​គណបក្ស​នេះ​នឹង​​មាន​ការ​ការ​ពារ​ពី​ការ​ចោទ​ប្រកាន់​​ នៅ​ពេល​នេះ​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “នីតិវិធី​ខុស​គ្នា​ពី​លើក​មុន។ ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ ត្រូវ​មាន​សំឡេង​២ភាគ៣​ គឺ​មាន​ន័យ​ថា ត្រូវ​មាន​៨២​សំឡេង ហើយ​គ្មាន​គណបក្ស​ណាមួយ​មាន​សំឡេង​៨២​ទេ”។

​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​ទទួល​អាសនៈ​ផ្លូវ​ការ​៦៨​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន​។  លោកស្រី​បាន​មាន​ប្រសាសន៍​ថា “នោះ​គឺ​ជា​ការ​ធានា​ថា តំណាង​រាស្ត្រ​របស់​យើង​មិន​អាច​រង​ការ​គំរាម​កំហែង​ដក​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ពេល​បំពេញ​តួនាទី​ជា​តំណាង​រាស្ត្រ​ទៀត​ទេ។ វា​ពិត​ជា​មិន​ដូច​ជា​ករណី​លោក ជាម ច័ន្ទនី ទេ​”។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ថា តើ​នរណា​ជា​អ្នក​កាន់​កាប់​តួនាទី​ផ្សេង​ៗ​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ស្រមោល​នេះ​នឹង​ត្រូវ​សម្រេច​ដោយ​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​ប្រឆាំង​។ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា មិន​មាន​ការ​ប្រញាប់​នោះ​ទេ។

ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹក​នាំ​ប្រទេស​អស់​រយៈ​ពេល​៣៥​ឆ្នាំ​មក​ហើយនោះ មាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ពីរ​បី​រូប​ប៉ុណ្ណោះ ដែល​មាន​បទ​ពិសោធន៍​ការ​ងារ​ផ្ទាល់​នៅ​តាម​ក្រសួង​។

លោក សម រង្ស៊ី ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ មក​ពី​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​១៩៩៤​ ហើយ​លោកស្រី មូរ សុខហួរ ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី មក​ពី​គណបក្ស​រាជានិយម​នេះ​​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៤​ មុន​ពេល​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​។

លោក ឡុង បូតា តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​បាត់​ដំបង​ ធ្លាប់​ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ហើយ​ក្រោយ​មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ក្រោម​រដ្ឋាភិបាល​របស់​ លន់ នល់ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០​។

លោក ប៉ែន សុវណ្ណ ដែល​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​កំពង់ស្ពឺ ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​​នៃ​របប​ដែល​លើក​បន្តុប​ដោយ​វៀតណាម​ ដែល​បាន​បណ្ដេញ​ខ្មែរ​ក្រហ​ម​នៅ​ក្នុង​ឆ្នាំ​១៩៧៩​។​លោក​​ត្រូវ​បាន​ដក​ចេញ​ពី​អំណាច​នៅ​ឆ្នាំ​១៩៨១​ និង​បញ្ជូនទៅ​ទីក្រុង​ហាណូយ​៕ គឹមហឿន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស