42.2 C
Phnom Penh

កម្មករ​ជិត​​២០០នាក់​ដួលសន្លប់​នៅ​រោង​ចក្រ​កា​ត់ដេរ​ចំនួន​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹក​​​នាំ​​​សហជីព​​​ និង​​​កម្មករ​​​បាន​​​ឲ្យ​ដឹង​​​ថា កម្មករ​​​ជាង​​​១៩០​​​នាក់​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ចំនួន​​​ពីរ​​​ផ្សេង​​​គ្នា បាន​​​ដួល​​​សន្លប់​​​នៅ​​​ពេលកំពុង​​​​​ធ្វើ​​​ការ​​​កាល​​​ពីថ្ងៃ​​​សុក្រ និង​​​ថ្ងៃ​​​សៅរ៍ ហើយ​ការ​ដួល​សន្លប់​​​​ទាំងពីរ​លើក​នេះ​កើត​មាន​ឡើង​បន្ទាប់​​​ពី​​​មាន​​​ការ​​​ត្អូញ​​​ត្អែរ​​​អំពី​ក្លិន​​​មិន​​​ល្អ។

យោង​​​តាម​​​អ្នកស្រី មឿន ចន្ធី ប្រធាន​​​ផ្នែក​​​ដេរ​​​នៅ​​​រោង​​​ចក្រ​​​ SixplusIndustry ​​​ បាន​​​ឲ្យដឹង​​​ថា នៅ​​​រោង​​​ចក្រ​​​​កាត់​ដែរ​ដែល​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​ក្នុងស្រុក​​​​​​មុខ​​​កំពូល​​​ខេត្ត​​​កណ្តាល​ ដែល​​​ផលិត​​​សម្លៀក​​​បំពាក់​​​កីឡា​​​ឲ្យក្រុមហ៊ុន Adidas នេះ មាន​កម្មការិនី​​​ប្រហែល​​​១៦០​​​នាក់​​​បាន​​​​ដួល​​​​សន្លប់​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍។

អ្នក​ស្រី​​​ ចន្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្លិន​​​មិន​​​ល្អនេះ​​​​​​ពិបាក​​​ពិពណ៌នា​​​ណាស់​​​ វា​​​មាន​​​ក្លិន​​​ដូច​​​ជាឧស្ម័ន វា​​​មាន​​​ក្លិន​​​មិន​​​ល្អ ដូច​​​សារធាតុ​​​គីមី​​​ពុល​​​អ៊ីចឹង​​​…ប៉ុន្តែ យើង​​​​​​មិន​​​ដឹង​​​ថា មក​​​ពី​​​ណា​​​ឡើយ​​​”។

យោង​​​តាម​​​លោក​​​ សុន​​​ សុផល ជា​​​វេជ្ជ​​​បណ្ឌិត​​​ប្រចាំការ​នៅរោង​ចក្រ​​​​នេះ​​បាន​​​​​​ឲ្យ​​​ដ​​​ឹង​​​ថា កម្មករ​​​មួយ​​​ចំនួន​​​ដែល​​បាន​​​ដួល​​​សន្លប់​​​​​​​​​នោះ​​​​​​មាន​​​អាការ​​​ក្អួត​​​ចង្អោរ​​​ និង​​​វិល​​​មុខ​​​ ហើយ​​​ភាគ​​​ច្រើន​​​​​​ត្រូវ​បាន​​​បញ្ជូន​​​​​​ទៅ​​​ព្យាបាល​​​​​​នៅ​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​ព្រែក​​​អញ្ចាញ។ កម្មការិនី​​​បី​​​នាក់​​​ដែលមាន​​​រោគ​​​​សញ្ញា​​​ធ្ងន់​​​ធ្ងរ​​​ ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​មន្ទីរ​​​ពេទ្យ​​​​កាល់​​​ម៉ែត​​​។

លោក​​​វេជ្ជបណ្ឌិត សុផល បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​គេ​​​មើល​​​ទៅ មាន​​​អាការ​​​ធ្ងន់​​​ធ្ងរ​​​ ពួក​​​គេ​​​សន្លប់​​​ ហើយ​​​រឹង​​​ថ្គាម និង​​​ត្រជាក់​​​ដៃ​​​ជើង​​​”។

លោក គង់ ផានិត ប្រធាន​​​រដ្ឋ​​​បាល​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​បញ្ជាក់​​​ថា ហេតុការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​មែន​​​ ប៉ុន្តែ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​កម្មករ​​​ប្រហែល​​​១៣០​​​នាក់​​​ប៉ុណ្ណោះ​​​បាន​​​ដួល​​​សន្លប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​កំពុង​​​ធ្វើ​​​ការ​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ពី​​​ប្រភព​​​នៃ​​​ក្លិន​​​ស្អុយ​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​កម្មករ​​​ដួល​​​សន្លប់នេះ ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា វា​​​មិន​​​មែន​​​ជា​​​ក្លិន​​​មក​​​ពី​​​រោង​​​ចក្រ​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្លិន​​​នេះ​​​មក​​​ពី​​​ក្រៅ​​​។យើង​​​មិន​​​ដឹង​​​ថា វា​​​មក​​​ពីណា​​​ទេ​​​ ប៉ុន្តែ នៅ​​​ជិត​​​រោង​​​ចក្រ​​​មាន​​​ចម្ការ​​​ចេក និង​​​​​​ចម្ការ​​ស្វាយ​​​”។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ និង​​​ថ្ងៃ​​​សៅរ៍ កម្មករ​​​សរុប​​​៣៣នាក់​​​ក៏​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​រោង​​​ចក្រ ប៉ាក់​​​សុន ក្នុង​​​ខណ្ឌមាន​​​ជ័យ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ផង​​​ដែរ បន្ទាប់​​​ពី​​​មានការ​​​ជះ​​​ក្លិន​​​មិន​​​ល្អ​​​។

លោក ជា​​​ មុនី ប្រធាន​​​សហជីព​​​សេរីកម្មករ ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​សន្មត​​​ការ​​​ដួល​​​សន្លប់​​​របស់​​​កម្មករ​​​ថា បណ្តាល​​​មក​​​ពី​​​ការ​​​ស្ទះ​ប្រព័ន្ធ​​លូ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រោង​​​ចក្រ​​​មាន​​​ប្រព័ន្ធ​​​លូ ហើយ​​​នៅ​​​ពេល​​​មាន​​​ទឹក​​​ភ្លៀង​​ ​​​លូ​ទាំង​នោះ​​ស្ទះ វាបណ្តាលឲ្យ​​​មាន​​​ក្លិន​​​មិន​​​ល្អ​​​ចេញពី​​​​​លូ​​​ដែល​​​លាយ​​​ឡំ​ជា​មួយ​ក្លិន​​ក្រណាត់ “។

អ្នកស្រី ព្រិន សាវី​​​​​​​​​ កម្មការិនី​​​នៅ ក្រុមហ៊ុន ប៉ាក់​​​សុន ដែ​​​ល​​​ធ្វើការ​ផ្នែក​ត្រួត​​​ពិនិត្យ​​​គុណ​​​ភាព​​​សម្លៀក​​​បំពាក់​​​ដេរ​​​រួច​​​បាន​​​និយាយ​ថា អ្នក​ស្រី​​​បាន​​​ដួល​​​សន្លប់​​​​​​កាល​​​ពីថ្ងៃ​​​សុក្រ និង​​​ថ្ងៃ​​​សៅរ៍ ដោយ​​​សារ​​​តែ​​​ក្លិន​​​មិន​​ល្អនេះ។ អ្នកស្រី​​​បាន​​​និយាយ​​​ថា “ក្លិន​​​ជូរ​​​ខ្លាំង​ជះ​មក​ពី​​​កន្លែង​​​ចាក់​​​សំរាម​​​នៅ​​​ក្នុង​​​រោងច​​​ក្រ ហើយ​​​ខ្ញុំ​​​ក៏​​​បាន​​​ធំុ​​​ក្លិន​​​​​​ក្រណាត់​​​ផង​​​ដែរ​​​”។

ការ​​​ដួល​​​សន្លប់​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​ញាំ​​​ញី​​​​​​​​​ដល់​​​វិស្ស័យ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​ ប៉ុន្តែ បាន​​ធ្លាក់​​​ចុះ​​​ពី​​​១.៩៧៣​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០១១​​​មក​​​ត្រឹម​​​៨២៣​​​នាក់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ អ្នក​​​ជំនាញ​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ករណី​​​នេះ​​​មួយ​​​ផ្នែក​​​ធំ​​​បណ្តាល​​​មក​​​ពី​​​ផ្នែកចិត្ត​​​សាស្ត្រ ដែល​​​ជួន​​​កាល​​​បណ្តាល​​​មក​​​ពី​​​ក្លិន​​​​​​មិន​​​ល្អ ប៉ុន្តែ អាច​​​កាន់​​​តែ​​​ធ្ងន់​​​ធ្ងរ​​​ទៅ​​​ៗ​​​ដោយសារ​​​ស្ថាន​ភាព​​​រស់នៅនិង​ការងារ​​៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស