38.8 C
Phnom Penh

ការ​បាញ់ត​ដៃ​គ្នា​រវាង​​នគរបាល​និង​អ្នក​ដឹកឈើ​បណ្តាល​ឲ្យ​ត្រូវ​ស្ត្រីម្នាក់​កំពុង​បំបៅដោះកូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​អាជ្ញាធរ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​អាយុ​​​២៣​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​ត្រង់​​​ស្មា​​​ ខណៈ​​​ពេល​​​កំពុង​​​បំបៅដោះ​​​កូន​​​ អំឡុង​​​ការ​​​បាញ់​​​ត​​​គ្នា​​​រវាង​​​នគរបាល​​​ និង​​​អ្នក​​​ដឹក​​​ឈើ ដែល​​​ព្យាយាម​​​ដឹក​​​ឈើ​​​គ្រញូង​​​ខុស​​​ច្បាប់​​​កាត់​​​តាម​​​ខេត្ត​​​ក្រចេះ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍។

លោក ជួង សៀង​​​ហាក់​​​ ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ម្នាក់ និង​​​ជន​​​ស្ស័យ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ប៉ុន្តែ អ្នក​​​បើក​​​បរ​​​រថយន្ត​​​ទី​​​២​​​ម្នាក់​​​ទៀត​​​ និង​​​អ្នក​​​បាញ់​បាន​​​រត់​​​គេច​​​ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រហែល​​​ជា​​​ពាក់​​​កណ្តាល​​​អធ្រាត្រ នគរ​​​បាល ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​មួយ​​​ក្រុម​​​បាន​​​ឃាត់​​​រថយន្ត​​​ពីរ​​​គ្រឿង​​​ ដែល​​​ដឹក​​​ឈើ​​​គ្រញូង​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧ កាត់​​​ស្រុក​​​ស្នួល​​​។ លោកបាន​មាន​ប្រសាសន៍ថា រថយន្ត​​​លុច​​​ស៊ីស​ពីរ​​​គ្រឿ​​​ង​​​បើក​​​តាមពីក្រោយ​​​​រថយន្ត​​​ដឹក​ឈើ​នោះ​ក៏​​​ត្រូវ​​​បាន​​​ឃាត់​​​ផង​​​ដែរ ហើយ​​បុរ​​​ស​មួយ​​​ក្រុម​​​បាន​​​ចេញ​​​ពី​​​រថយន្ត​ទាំ​ពីរ​​​យ៉ាង​​​លឿន ហើយ​​​បាន​​បើក​ការ​បាញ់​ប្រហារ​​តែម្តង​​។

លោក សៀងហាក់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រុម​​​ជន​​​ល្មើស​​​បាន​​​បាញ់​​​ទៅ​​​លើ​​​អាជ្ញាធរ​​​ដើម្បី​​​រំដោះ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​ដឹក​ឈើ​នោះ​​​ដើម្បី​កុំ​ឲ្យ​​ពួក​​​គេ​​​​​ផ្តល់​​​ភ័ស្តុតាង​​​​ ប៉ុន្តែ អាជ្ញាធររបស់យើង​​​​បាន​​​បាញ់​​​តដៃវិញ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា បើ​​​ទោះ​​​ណា​​​ជាគ្មាន​​​មន្ត្រី​​​នគរបាល​​​ ឬជន​​​សង្ស័យ​​​ណា​​​ម្នាក់​​​រង​​​របួស​​​ក៏ដោយ​​​ ក៏​​​គ្រាប់​​​កាំភ្លើង​​​មួ​​​យ​​​គ្រាប់​​​ ដែល​​​គេ​​​មិន​​​ដឹង​​​ថា ជា​​​គ្រាប់​​​របស់​​​ក្រុម​​​ណា​​​នោះបាន​​​ទម្លុះជញ្ជាំង​​​ផ្ទះ​​​ក្បែរ​​​នោះ ហើយបាន​​​ត្រូវ​​​អ្នកស្រី ហៀល រី ត្រង់​​​ស្មា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្រាប់​​​កាំភ្លើង​​​បាន​​​ត្រូវ​​​ចំស្មា​​​ស្តាំ​​​របស់​​​អ្នក​​​ស្រី ខណៈ​​​ដែល​​​គាត់​​​កំពុង​​​បំបៅ​​​កូនខ្ចីអាយុ​​​ពីរ​​​ខែ​​​។ អ្នក​​​ស្រី​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ភ្លាមៗ”។

លោក ទី សុវិន​​​ថាល់​​​ ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​​​​មាន​​​ប្រសាសន៍ ថា ជន​​​សង្ស័យ​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ រួម​​​មាន​​​ អ្នក​​​បើក​​​បរ​​​រថយន្ត​ដឹក​ឈើម្នាក់​​ឈ្មោះ ង៉ាន ម៉េង​​​ហុង អាយុ​​​៣១​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​គេ​គ្រាន់​តែ​​​ស្គាល់​​​ថាឈ្មោះ ពៅ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រក្សាទុក និង​​​ដឹក​​​ផលិត​​​ផល​​​ធ្វើ​​​ពី​​​ឈើ​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​តាម​​​ច្បាប់​​​ព្រៃឈើ​​​របស់​​​កម្ពុជា​​​​​​​​​​​​។ បុរស​​​ឈ្មោះ ពៅ​​​ បើ​​​ទោះ​​​ជា​​​មិន​​​មែន​​​ជា​​​ខ្មាន់​​​កាំភ្លើង​​​ក៏​​​ដោយ​​​ ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រារាំ​​​ង​​​ការ​​​ងារ​​​របស់​​​​អាជ្ញាធរ​​​ដែរ។

លោក សុវិន​​​ថាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​បាន​​​សារភាព​​​ចំពោះ​​​បទ​​​ល្មើស​​​របស់​​​ខ្លួន​​​ ហើយ​​​បាន​​​អះ​​​អាង​​​ថា ពួក​​​គេ​​​ពិត​​​ជា​​​បាន​​​ដឹក​​​ឈើ​​​ទៅ​​​ឲ្យ​​​ឈ្មួញ​​​ក្នុ​​​ង​​​មូល​​​​​​ដ្ឋាន​​​​​​​​​ឈ្មោះថា ធី ដែល​​​អាជ្ញាធរ​​​ធ្លាប់​​​ស្គាល់​​ពីមុន​​​។

លោក សុវិនថាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​ ពីព្រោះ​​​យើង​​​ទទួល​​​បាន​​​ព័ត៌មាន​​​មួយ​​​ចំនួន​​​ពី​​​អ្នក​​​រក​​​ស៊ី​​​ឈើ។ យើង​​​នឹង​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​ប្រសិន​​​បើ​​​យើង​​​រក​​​ឃើញ​​​ថា ជន​​​នេះ​​ពិត​​​ជា​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​មែននោះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឈើ​​​ធ្នង់​ដែល​​​រឹប​​​អូស​​​បាន​ទាំង​​​ប្រាំ​​​បួន​​​ដុំ ដែល​​​មួយ​​​ដុំ​​​មាន​ប្រវែង​ប្រហែល​​​៣ម៉ែត្រ អាច​​​លក់​​​បាន​​​ប្រហែល​​​៦០.០០០ដុល្លារ​​​នៅ​​​លើ​ទីផ្សារ​​ ហើយ​កំពុង​​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​នៅ​​​ការិយាល័យ​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​មូល​​​ដ្ឋាន​​​។

លោក សយ សារិទ្ធិ​​​ នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​មូល​​​ដ្ឋាន​​​បាន​​​បញ្ជាក់​​​ថា ឈើ​​​ដែល​​​រឹប​​​អូស​​​បាន​​​នេះ​​​ត្រូវ​បាន​រក្សាទុក​នៅ​​​ការិយាល័យ​​​របស់​​​លោក ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ​​​។ ហេតុការណ៍​​​នេះ គឺ​​​ជា​​​លើក​​​ទី​​​៣​​​ហើយ​​​ក្នុង​​​ខែ​​​នេះ ដែល​​​ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​អាជ្ញាធរ​​​បាញ់​​​​​​អ្នក​​​សង្ស័យ​ដឹក​​​ឈើ​ខុស​ច្បាប់។

ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​ឯណោះ​​​វិញ​​​កាល​​​ពី​​​ពីរ​​​សប្តាហ៍មុន​​​ អ្នក​​​​​​រក​​​ស៊ី​​​ដឹក​​​ឈើ​​​ម្នាក់​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បន្ទាប់​​​ពី​​​​​​នគរបាល​​​បាន​​​បើក​​​រថយន្ត​​​ដេញ​​​តាម​​​ចម្ងាយ​​​៥​​​គីឡូម៉ែត្រ ដោយ​​​បាន​​​ទុក​​​រថយន្ត​​​របស់​​​ខ្លួន​​​ចោល ហើយ​​​បាញ់​​​មកលើ​​​អាជ្ញាធរ មុន​​​ពេល​​​រត់​​​គេច​តាម​ផ្លូវ​ខ្វាត់​ខ្វែងតូច។

កាល​​​ពីដើម​​​ខែ​​​នេះ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី មន្ត្រី​​​នគរបាល​​​ជាតិ​​​ម្នាក់​​​បាន​​​បាញ់​​​រថយន្ត​​​មួយ​​​​​​គ្រឿង​​​ដែល​​​សង្ស័យ​​​ថា ដឹក​​​ឈើ​​កាប់​ខុស​​​ច្បាប់​​​ បន្ទាប់​​​ពី​​​បាន​​​ឃាត់​​​មិន​​​ព្រម​​​​​​ឈប់​​​។ កា​​​រ​​​បាញ់​​​នោះ​​​បាន​​​បណ្តាល​​​ឲ្យ​​​បុរស​​​ម្នាក់​​​ស្លាប់​​​ និង​​​បុរស​​​ម្នាក់​​​ទៀត​​​រង​​​របួស តែរក​​​មិន​​​ឃើញមាន​​​ឈើ​​​ក្នុង​​​រថយន្ត​​​នោះ​​​ទេ​​​៕សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស