39.4 C
Phnom Penh

កម្មករ​ជា​ច្រើន​ទៀត​បាន​ដួលសន្លប់នៅរោង​ចក្រ​កាត់​ដេរ​ក្នុង​ខេត្ត​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​រោង​​​ចក្រ​​​​​​យ៉ាង​​​ហោច​​​ណាស់​​​៥០​​​នាក់​​​ទៀត​​​​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Sixplus Industry នៅ​​​ក្នុង​​​ខេត្ត​​​កណ្ដាល​​​បាន​​​ដួល​​​សន្លប់​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​​ ដោយ​សារ​​​គេ​ចាត់​ទុក​ថា មាន​​​ក្លិន​​​មិន​​​ល្អ​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ គឺ​កើត​ឡើង​​​ពីរ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​មាន​​​​កម្មករ​ប្រហែល​១៦០​នាក់​បាន​​​ដួល​​សន្លប់​​​នៅ​ក្នុង​ហេតុ​​​ការណ៍​​​ស្រដៀង​​​គ្នា​​​នេះ​​​។

អ្នកស្រី មឿន​​​ ចន្ធី ដែល​​​ជា​​​ប្រធាន​​​ផ្នែក​​​ដេរ​​​នៅ​​​រោង​​​ចក្រ​​​ដែល​​​ផលិត​​​សម្លៀក​​​បំពាក់​​​កីឡា ឲ្យ​​​ក្រុមហ៊ុន Adidas បាន​​​និយាយ​​​ថា កម្មករ​​​ធុំក្លិន​​​មិន​​​ល្អ​​​ពេល​​​ចូល​​​ក្នុង​​​រោង​​​ចក្រ​​​នៅ​​​ម៉ោង​​ប្រហែល​​៧​​​និង​​​៣០​​​នាទី​​​ព្រឹក។

​​​អ្នកស្រី​​​បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​ពួក​​​គេ​​​ចូល​​​ទៅ​ក្នុង​រោង​​​ចក្រ ពួក​​​គេ​​​និយាយ​​​ថា ពួក​​​គេ​​​នៅតែធុំ​​​ក្លិន​​​មិន​​​ល្អ​ដដែល​​​ ដូច្នេះ​​​ពួក​​​គេ​​​បាន​​​ប្រាប់​​កម្មករ​​​​គ្រប់​​​គ្នា​​​ឲ្យ​​ចេញ​​​​​​។ ពួក​​​គេ​​​បាន​​​​​​ដួល​​​សន្លប់​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រតែម្តង”។

អ្នកស្រី​​​ ចន្ធី បាន​​​និយាយ​​​ថា កម្មករ​​​ចាត់​​​ទុក​​​​​​ក្លិន​​​នេះ​​​ថា ជា​​​ប្រភេទ​​​ឧស្ម័ន​​​ ហើយ​​​បាន​​​ប្រៀប​​​ធៀប​​​ក្លិននេះ​​​ទៅ​​​នឹង​​​សារធាតុ​​​ Endrin ជា​​ប្រភេទ​​​ថ្នាំ​​​សម្លាប់​សត្វ​​​ល្អិត​​​ដែល​​​គេ​​​ប្រើ​​​ទៅ​​​លើ​​​ដំណាំនានា​​​​រួម​​​មាន​​​ដំណាំ​​​ពោត​​​ និង​​​ដំណាំ​​​ស្រូវ​​​ ព្រម​​​ទាំ​​​ង​​​បាញ់​​​សម្លាប់​​​សត្វ​​​កណ្ដូប និង​​​សត្វ​​​កណ្ដុរ​​​ជា​​​ដើម​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ថា កម្មករ​ប្រហែល​​​៥០​​​នាក់​​​បាន​​​​​​ដួល​​​សន្លប់។ កម្មករ​ម្នាក់​​​ក្នុង​​​ចំណោម​​​កម្មករ​ដែល​ដួល​សន្លប់​​​ទាំង​​​នោះ​ ​​ឈ្មោះ​​​ ស្រេន សុផាត បាន​​​និយាយ​​​ថា នាង​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ទៅ​​​មណ្ឌល​​​សុខ​​​ភាព​​​ក្នុង​​​មូល​​​ដ្ឋាន​​​បន្ទាប់​​​ពី​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ក្អួត​​​ចង្អោរ យំនិង​​​ពិបាក​​​ដក​​​ដង្ហើម។ ក្លិន​​​នោះ​​​ដូច​​​ជា​​​ឧស្ម័ន​​​ វា​​​មាន​​​ក្លិន​​​មិនល្អ ​​​ ប៉ុន្តែ វា​​​ពិបាក​​​រៀប​​​រាប់​ប្រាប់​ណាស់”។

ហាក់​​​ យ៉ាដា គិលានុបដ្ឋាក​​​ម្នាក់​​​នៅ​​​មណ្ឌល​​​សុខភាព​​​រកាកោង​​​ បាន​​​និយាយ​​​ថា កម្មករ​​​រោង​​ចក្រ​​​ប្រហែល​​​៥០​​​នាក់​​ ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​មណ្ឌល​​​សុខ​​​ភាព​​​នេះ​​​។ គាត​់បាន​​​និយាយ​​​ថា ពួក​​​គេ​​​ខ្សោយ​​​ និង​​​ពិបាក​​​ដក​​​ដង្ហើម​​​ ហើយ​​​វា​​​បណ្ដាល​​​មក​​​ពី​​​សារធាតុ​​​គីមី។ ពួក​​​គេ​​​វិល​​​មុខ​​​ និង​​​ក្អួត​​​ចង្អោរ”។

លោក សុន សុផល ​​​ប្រធាន​មណ្ឌល​​​សុខភាព​​​​​​​​​​​​​​​ឃុំ​​​ព្រែក​​​អញ្ចាញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មណ្ឌល​​​សុខភាព​​​របស់​​​លោក​​​ទទួល​​​បាន​​​កម្មករ​​​៣៩​​​នាក់​​​ទៀត​​​មកពីរោង​ចក្រនេះ ដែល​​​មាន​​​រោគ​​​សញ្ញា​​​ស្រដៀង​​​គ្នា​​​នេះ។

លោក ប៉ុក វ៉ាន់ថាត ដែល​​​​​​ជា​​​ប្រធាន​​​គណៈកម្មាធិការ​​​ស្រាវ​​​ជ្រាវ​​​ និង​​​ទប់​​​ស្កាត់​​​ការ​​​ដួល​​​សន្លប់​​​នៅ​​​ក្រសួង​​​ការងារ​​​បាន​​​ចុះទៅ​មើល​​​រោង​​​ចក្រ​​​នោះ​​​កាល​​​ពី​​​ម្សិលមិញ។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​៦៩​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​ ប៉ុន្តែ លោក​​​បាន​​​សន្មត​​​​​​ការ​​​ដួល​​​សន្លប់​​​របស់​​​កម្មករ​​​នេះ​​​ គឺ​​​ដោយសារ​​​ការ​​​តក់​ស្លុត បន្ទាប់​​​ពី​​​មាន​​​ការ​​​ដួល​​​សន្លប់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​នឹង​​​បិទ​​​ទ្វារ​​​ដល់​​​ថ្ងៃ​​​ព្រហស្បតិ៍ ដើម្បី​​​ធ្វើ​​​ការ​​​កែ​​​លម្អ​​​មួយ​​​ចំនួន​​​។

លោក វ៉ាន់​​​ថាត បាន​​​មាន​​​ប្រសាសន៍​​​ថា ” គេ​​​ត្រូវ​​​គ្រប​​​លូឲ្យជិត​​​​ រោង​​​ចក្រ​​​ត្រូវ​​​មាន​​​​​​វេជ្ជបណ្ឌិត​​​និង​​​គិលានុបដ្ឋាក​​​ និង​​​ផ្ដល់​​​អាហារគ្រប់គ្រាន់ដល់​កម្មករ​។ ត្រូវ​​​បើក​​​កង្ហារ​​​ឲ្យ​​​បាន​​​កន្លះ​ម៉ោង​​​មុន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ការ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​មាន​​កម្មករ​​​​ដួល​​​សន្លប់​​​សរុប​​​​​​៨៩៤​​​នាក់​​​នៅ​​​រោង​​​ចក្រ​​​ចំនួន​​​១៦​​​អំឡុង​​​ឆមាស​​​ទី​​​១​​​នៃ​​​ឆ្នាំនេះ។ លោក​​​បាន​​​បន្ថែម​​​ថា ចំនួន​​​កម្មករ​​​ដួល​​​សន្លប់​​​បាន​​​ថយ​​​ចុះ​​​​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ប៉ុន្តែ លោក​​​មិន​​​មាន​​​តួ​​​លេខ​​​ពិត​​​ប្រាកដ​​​កាលពីឆ្នាំ២០១៣នៅ​​​ក្នុង​​​​​​ដៃ​​​ទេ​​​។

កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ លោក គង់ ផានិត ប្រធាន​​​រដ្ឋ​​​បាល​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​មិន​​​ដឹង​​​ពីប្រភព​​​ក្លិន​​​មិន​​​ល្អ​​​ដែលរំខានដល់កម្មករឡើយ​​​ ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា វា​​​​មក​​​ពី​​​ខាង​​​ក្រៅ​​​បរ​ិវេណរោង​​​ចក្រ។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ផានិត​​​ បាន​​​ទេ​​​កាល​​​ពី​ម្សិល​មិញ​​​៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស