27 C
Phnom Penh

អ្នក​ស្រុក​ខេត្ត​ក្រចេះមាន​ផែនការ​ដើរ​ហែ​ទៅ​គេហដ្ឋាន​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ជា​ច្រើន​អ្នកដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កសិពាណិជ្ជ​នៅ​ខេត្ត​ក្រចេះ បាន​ធ្វើ​ដំណើរ​មកដល់​វត្ត​សាមគ្គី​រង្សី ក្រុង​ភ្នំ​ពេញកាលពី​ម្សិលមិញ ខណៈ​ដែល​ពួកគាត់​បាន​ប្រកាស​ថា​នឹង​ដើរ​ហែ​ទៅ​គេហដ្ឋាន​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រសិន​បើេ​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់​មិន​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ត្រឹម​ថ្ងៃ​សុក្រ​ទេ​នោះ។

យោង​តាម​តំណាង​អ្នកភូមិ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ពីរ​គ្រឿង​ដឹកអ្នក​ភូមិ​ប្រហែល​៤០​នាក់​មកពី​កន្លែង​ដី​មាន​ទំនាស់នៅ​ស្រុក​ស្នូល បាន​មក​ដល់​កាលពី​ព្រឹក​ម្សិល​មិញ ជា​សរុប​មាន​អ្នកភូមិ​ជិត​២០០​នាក់បាន​មក​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ដើម្បី​តវ៉ានៅ​ក្នុង​រាជ​ធានី។ គេ​រំពឹង​ថា អ្នក​ភូមិ​២០ ឬ ៣០​នាក់​ទៀត​នឹង​ធ្វើ​ដំណើរ​មកដល់​នៅ​ថ្ងៃ​នេះ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ ឌិន សារឿន អាយុ​៣៩​ឆ្នាំ បាន​និយាយ​កាលពី​ម្សិល​មិញ​ថា “ចំនួន​មនុស្ស​កំពុង​កើន​ឡើង ពីព្រោះ​យើង​ទាមទារ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី។ យើង​ប្រមូល​គ្នា ពីព្រោះ​យើងដើរ​ហែ​ទៅ​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​លោក​ជួយ​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​យើង”។

លោក សារឿន បាន​និយាយ​ថា តំណាង​អ្នកភូមិនឹង​ប្រជុំ​ជាមួយ​គណៈ​កម្មការវត្ត​នៅ​សប្តាហ៍​នេះ ដើម្បី​សម្រេច​ការ​រៀបចំ​តវ៉ាតាម​ការ​គ្រោង​ទុក​ឲ្យ​បាន​ល្អ។

លោក​បាន​និយាយ​ថា “បើទោះបី​ជា​អាជ្ញាធរព្យាយាមរារាំង​យើង​មិន​ឲ្យ​ហែ​ក្បួន​ក៏​ដោយ ក៏​យើង​នឹង​មិន​ស្តាប់​ទេ ហើយ​យើង​នឹង​ហែ ព្រោះ​យើង​ត្រូវឲ្យ​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដឹងថា​យើង​កំពុង​ជួប​បញ្ហា​អ្វី”។

សន មីនា ជា​តំណាង​អ្នក​ភូមិ​ម្នាក់​ទៀតបាន​និយាយ​ថា អ្នក​ដែល​ស្នាក់​នៅ​ក្នុង​វត្តសាមគ្គី រង្សី រួម​​ទាំង​អ្នក​ផ្សេង​ទៀត​ដែល​ស្នាក់​នៅ​កន្លែង​ផ្សេង​ក្នុង​រាជ​ធានី អាចមាន​ចំនួន​ប្រហែល​៣០០​នាក់​នៅ​ថ្ងៃ​សុក្រ នាំគ្នា​តវ៉ា​ប្រសិន​បើ​គេ​មិន​ប្រគល់​ដី​ឲ្យ​អ្នកភូមិ​វិញ​ទេ​នោះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​​ភ្នំពេញ បាន​បដិសេធ​មិន​អធិប្បាយអំពី​ការ​តវ៉ា​ដែល​គ្រោង​ទុក​នេះ​ទេ។

លោក មីនា បាន​និយាយ​ថា អ្នក​ភូមិ​បាន​ទទួល​ការ​ផ្តល់អាហារ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា​ លោក ប៉ែន សុភា មេដឹកនាំ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​​វត្ត​នេះ ចែក​ស៊ុត ត្រី និង​អង្ករ​ជាដើម។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិបាន​បញ្ជាក់​ថា យុវជន​គណបក្ស​នេះ​បាន​ចែក​ស្បៀង​ដល់​អ្នក​ភូមិ​ស្នូល។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​គ្រប់​គ្រងក្រុម​យុវជន​នេះ​ទេ។

លោក សុវណ្ណ បាន​ពន្យល់​ថា “ប្រជាជន​ខ្មែរ​រស់​នៅ​អាមេរិកតែងតែ​ផ្តល់​អំណោយ​ដល់​អ្នក​ក្រីក្រ​នៅ​ស្រុក​ខ្មែរ​ទូទាំង​ប្រទេស ហើយ លោក ប៉ែន សុភា ចែក​អំណោយ មិន​ត្រឹម​តែ​នៅ​វត្ត​សាមគ្គី រង្សី​នេះ​ទេ គឺ​នៅ​ទូទាំង​ប្រទេសតែ​ម្តង”។

អ្នក​ភូមិ​និយាយ​ថា ពួកគាត់​បាន​ចាប់​ផ្តើម​មក​រស់​នៅ​លើ​ដី​ឃុំ​ស្នួល​កាលពី​ឆ្នាំ​២០០០​មក​នោះ ហើយ​បាន​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន Horizon Agricultural Development ពាក់​ព័ន្ធ​នឹង​​ដី​ប្រហែល១.៥០០​ហិកតា ដែល​ក្រុមហ៊ុន​ចង់​ធ្វើ​ចម្ការ​ដំឡូងមី និងម្រេច។

កាលពី​ខែ​ឧសភា កសិករ​មួយ​ក្រុម​ទៀតមកពី​ស្រុក​ស្នួល​បាន​បោះតង់​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី រង្សី ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ពី​សំណាក់​ក្រុមហ៊ុន​កៅស៊ូ​មួយ។ នៅទី​បញ្ចប់ ពួកគាត់​បាន​ទទួល​យក​ដីសម្បទាន​សង្គម​កិច្ច​ទំហំ​៧៥០​ហិកតា​នៅ​ក្នុង​ស្រុក​ស្នួល៕​ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស