39.4 C
Phnom Penh

អ្នក​ភូមិ​ខេត្ត​ក្រចេះ​ដាក់ញត្តិស្នើ​ឲ្យ​ស្ថានទូត​​កូរ៉េ​ជួយ​ដោះស្រាយវិវាទដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អ្នក​ភូមិ​ដែល​តំណាង​ឲ្យ​គ្រួសារ​ជា​ច្រើន​ក្នុង​ខេត្ត​ក្រចេះ​បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​​សុំ​ឲ្យជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​ខ្លួន​ជាមួយ​ក្រុម​ហ៊ុន​កសិ​ពាណិជ្ជកម្ម​របស់កូរ៉េ​ខាង​ត្បូង បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា ស្ថាន​ទូត​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពួកគាត់​។

អ្នក​ភូមិ​ប្រហែល​២០០​នាក់​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ កំពុងស្នាក់នៅ​ក្នុងវត្ត​សាមគ្គីរង្សី ក្នុង​រាជ​ធានី​​ភ្នំពេញ ហើយ​មាន​គម្រោង​ហែក្បួន​ទៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិន​បើ​ការ​ទាម​ទារ​របស់​ពួកគាត់​ឲ្យ​ក្រុម​ហ៊ុន​ Horizon Agricultural Development ប្រគល់​ដី​មាន​វិវាទ​​ចំនួន​១.៥០០ហិកតា​មិន​ត្រូវ​បាន​ឆ្លើយ​តប​​ត្រឹម​ថ្ងៃ​សុក្រ​ទេ​នោះ។

ញត្តិ​នោះ​មាន​ខ្លឹម​សារ​ថា “មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​អ្នក​ភូមិ​ដែល​បាន​រស់​នៅ​លើ​ដី​នេះជាយូរ​មក​ហើយ រួម​​មាន​ការ​រាន​ដី​និង​ចម្ការ​កៅស៊ូ​របស់​យើង​…ដំណាំ​ស្វាយ​ចន្ទី ដំឡូងមី សណ្ដែក​ខៀវ និង​ពោត​ជាដើម​។ ក្រុម​ហ៊ុន​ក៏​បាន​ប្រើ​​​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ បាន​ចាប់​ខ្លួន​ប្រជា​ពល​រដ្ឋ​ និង​បាន​គំរាម​បាញ់​ប្រជា​ពល​រដ្ឋ​ណា​ដែល​បាន​រស់​នៅ​លើ​ដី​នេះ”។

ញត្តិ​នេះ​ក៏​បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​កូរ៉េខាង​ត្បូង​​ជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​ផង​ដែរ​។ អ្នក​ភូមិ​បាន​និយាយ​ថា លោក​ គង់ គឹមនី អភិបាល​ស្រុក​ស្នួល​បាន​​ជូន​ដំណឹង​ថា ​ស្ថាន​ទូត​កូរ៉េ​ខាង​ត្បូង​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពួកគាត់​ប្រហែល​មួយ​ខែមក​ហើយ។

លោក ឌិន សារឿន ត​ំណាង​អ្នកភូមិ​បាន​និយាយថា “អភិបាល​ស្រុក​រូប​នេះ​បាន​​ប្រាប់​អ្នក​ភូមិ​ថា ពួកគេ​មាន​គម្រោង​ដោះ​ស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ពួកគេ​មិន​អាច​ធ្វើ​ឲ្យ​​លើស​ពី​នេះទេ ពីព្រោះ​នេះគឺ​ជា​បញ្ហា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េ​”។

លោក គឹមនី បាន​បញ្ជាក់​ថា លោក​បាន​ជូន​​ដំណឹង​ដល់​អ្នកភូមិ​អំពី​ពាក្យ​បណ្ដឹង​មក​ពី​ស្ថានទូត​នេះ​។ លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ស្ថានទូត​កូរ៉េ​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​សុំ​ឲ្យ​ការ​ពារ​ដី​របស់​ក្រុម​ហ៊ុន ហើយ​បាន​ចោទ​អ្នក​ភូមិ​ថា បាន​រំលោ​ភ​យក​ដី​”។

លោក​បានមាន​ប្រសាសន៍​ថា បុគ្គលិក​របស់​លោក​មាន​គម្រោង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​​ឲ្យអ្នក​ភូមិ​​ មុន​ពេល​ស្ថាន​ទូត​ដាក់​ពាក្យ​បណ្ដឹង។

មន្ត្រី​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ស្ថានទូត​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​រៀបចំ​ដែន​ដី តាង​នាម​ឲ្យ​ក្រុមហ៊ុន​កាលពី​ខែ​មីនា។

លោក ផាក មីនស៊ូ លេខាទី២​នៅ​ស្ថាន​ទូត​នេះ​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ទៅ​ក្រសួង​រៀបចំ​ដែន​ដី​កាលពី​ថ្ងៃ​ទី៣ ខែ​មីនា និង​មាន​ជំនួប​ផ្លូវការ​រវាង​ឯកអគ្គរដ្ឋទូត​ គីម ហាន់ស៊ូ និង​លោក​រដ្ឋមន្ត្រី​ អុឹម ឈុនលឹម”។

លោក គីម ជា​ឯកអគ្គរដ្ឋទូត​បាន​មាន​ប្រសាសន៍​ថា ភាគ​ច្រើននៃ​អ្នកភូមិ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​​នេះ​ទើប​តែ​បាន​ចាប់​ផ្ដើម​ផ្លាស់​មក​រស់​នៅ​លើ​ដី​របស់​ក្រុម​ហ៊ុន Horizon បន្ទាប់ពី​ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​អភិវឌ្ឍដី​សម្បទាន​របស់​ខ្លួន​តែប៉ុណ្ណោះ។

លោក​បាន​​មាន​ប្រសាសន៍​ថា “ក្រុម​ហ៊ុន​មាន​បញ្ហា​ធំ ពីព្រោះ​ក្រុម​ហ៊ុន​បាន​វិនិយោគ​ប្រាក់លើដី​េនះ​ដើម្បី​អភិវឌ្ឍ និង​ដាំកៅស៊ូ។ ពួកគេ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​ដើម្បី​ដាំ​ដុះ​លើ​ដីនេះ​។ នៅ​ពេល​ក្រុម​ហ៊ុន​បាន​ចាប់​​ផ្ដើម​ភ្ជួរដី​ ​មាន​ប្រជា​ពល​រដ្ឋ​តិច​តួច​ប៉ុណ្ណោះ​រស់​នៅ​ទីនោះ។ ក្រោយមក​ប្រជា​ពល​រដ្ឋ​ច្រើនទៀត​បាន​ប្រកាស​ថា វា​ជា​ដី​របស់​ពួកគាត់​”។ ឯកអគ្គរដ្ឋទូត​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​អំពី​ការ​ដាក់ញត្តិ​របស់​ក្រុម​អ្នកភូមិ​កាលពី​ម្សិលមិញ​ឡើយ​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស