29.6 C
Phnom Penh

អាជ្ញាធរ​នឹង​តម្រូវ​ឲ្យ​ជន​បរទេស​មាន​ប័ណ្ណ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា អាជ្ញាធរ​បាន​ចាប់​ផ្តើម​ពង្រឹង​ច្បាប់​ដែល​មាន​អាយុ​កាល​មួយ​ទសវត្សរ៍មក​ហើយ ដោយ​តម្រូវ​ឲ្យ​ជន​បរទេស​ដែលធ្វើ​ការ​នៅ​ប្រទេស​កម្ពុជាត្រូវ​មាន​ប័ណ្ណ​ការងារ​ត្រឹម​ត្រូវ​តាម​ច្បាប់​បន្ថែម​ទៅ​នឹង​ទិដ្ឋាការ​ការងារ។

លោក នៅ លក្ខិណា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​អនុវត្ត​កិច្ចការ​នេះ​ប្រហែល​មួយ​ខែ​មក​ហើយ”។ ការងារ​នេះ​បាន​ចាប់​ផ្តើម បន្ទាប់ពី​មាន​ការ​បង្កើត​អគ្គនាយក​ដ្ឋាន​នេះ​កាលពី​ខែ​មេសា។

លោក​មាន​ប្រសាសន៍ថា “យើង​មាន​ច្បាប់ ប៉ុន្តែ​យើង​មិន​អាចពិន័យ​បាន​ទេ ពីព្រោះ​យើង​មិន​មាន​[ការ​អនុញ្ញាត]ពី​​ក្រសួង​ហិរញ្ញវត្ថុ។ បន្ទាប់ពី​ការ​បង្កើត​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ទើបយើង​មាន​[ការ​អនុញ្ញាត]”។

ប័ណ្ណ​ការងារ​គឺ​ខុស​ពី​ទិដ្ឋាការ​ការងារ ហើយ​មាន​តម្លៃ​៤០០.០០០​រៀល ឬ ប្រហែល​១០០​ដុល្លារ។

តាម​មាត្រា​២៦១​នៃ​ច្បាប់​ស្តីពី​ការងារ ជន​បរទេស​មិន​អាច​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ បើសិន​អ្នក​ទាំងនោះ​គ្មាន​ប័ណ្ណ​ការងារ​និង​អត្តសញ្ញាណ​ប័ណ្ណ​ការងារ​ចេញ​ដោយ​ក្រសួង​ការងារ​ទេនោះ។ ច្បាប់​នេះ​ចែង​ថា “ប័ណ្ណ​ការងារ​មាន​សុពលភាព​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​អាច​បន្ត​បាន​ដរាប​ណា​ការ​ពន្យារ​ពេល​នោះ​មិន​ទាន់​ហួស​ពេល​កំណត់​នៃ​ការ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ”។

មាត្រា​១៩​និង​៣១​នៃ​ច្បាប់​អន្តោ​ប្រវេសន៍​គ្រប់គ្រង​ប័ណ្ណ​ការងារ និង​ផ្តល់ “អំណាច​ដល់​រដ្ឋាភិបាល​ដើម្បី​អនុវត្ត​ការ​ត្រួត​ពិនិត្យ​និង​គ្រប់គ្រង​ប័ណ្ណការងាររបស់​ជន​បរទេស”។ ការ​ពិន័យ​មាន​ពី​៥០​ដុល្លារ​ដល់​១២៥​ដុល្លារ។ អ្នក​បំពាន​ក៏អាច​ជាប់​ពន្ធ​នាគារ​ដល់​ទៅ​៣​ខែ​ផង​ដែរ។

ឧត្តម​សេនីយ៍​ឯក លក្ខិណា បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹង​ច្បាប់​ដំបូង​ចាប់​ផ្តើម​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ហើយ​នឹង​បន្ត​ទៅ​ដល់​ខេត្តនានា​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​មាន​ប្រសាសន៍​ទៀត​ថា មាន​ប្រាំ​ក្រុម​ដែល​មាន​មនុស្ស​ប្រាំ​ទៅ​ប្រាំ​មួយ​នាក់ មកពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​ការងារ​និង​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត ដែល​នឹង​ត្រួត​ពិនិត្យ​កិច្ចការ​ខាង​ប័ណ្ណ​ការងារ​នេះ។

លោក លក្ខិណា បាន​មាន​ប្រសាសន៍​ថា “ប្រទេស​កម្ពុជា​ជា​នីតិ​រដ្ឋ។ ជន​បរទេស​មិន​អាច​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​បាន​ទេ”។ លោក​ឧត្តម​សេនីយ៍​ឯករូប​នេះ​បាន​បន្ថែម​ថា ការិយាល័យ​របស់​លោក​បាន​ប្រមូល​ប្រាក់​ពិន័យ​បាន​ប្រហែល៥.៧០០​ដុល្លារ​រួច​ហើយ​កាលពី​ខែ​មុន៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស