38 C
Phnom Penh

ជន​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញពី​បឹងកក់​តវ៉ា​នៅ​ស្ថានទូត​សិង្ហបុរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​ពល​រដ្ឋ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​មួយ​ក្រុម​តូច​មកពី​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​សិង្ហបុរី​កាលពី​ព្រឹក​ម្សិលមិញ ប្រឆាំង​នឹង​ផែនការ​មួយ​របស់​ក្រុមហ៊ុន​សិង្ហបុរី ក្នុង​ការទិញ​ដី​នៅក្នុង​តំបន់​បឹងកក់ ជា​ដី​ដែល​ពួកគាត់​និយាយ​ថា គេ​បាន​បណ្តេញ​ពួកគាត់​ចេញ​ដោយ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​ប្រហែល​៣.០០០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បឹងកក់​តាំងពី​២០០៨ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោងអភិវឌ្ឍន៍​អចលនទ្រព្យថ្លៃៗ ដោយ​ក្រុមហ៊ុន​ឯកជន​របស់​លោក ឡាវ ម៉េងឃិន ជាសមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ខែ​សីហា ក្រុមហ៊ុន HLH Group មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​ប្រកាស​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​មាន​ផែនការ​ទិញ​ដី​ទំហំ​១.៣៥​ហិកតា​នៅ​បឹងកក់ ក្នុង​តម្លៃ​១៤,៩​លាន​ដុល្លារ​សម្រាប់​អគារ​ការិយាល័យ ខុនដូ​ប្រណិតៗ និងអគារ​សម្រាប់​លក់។

អ្នកស្រី សៀ ណារ៉េត អ្នក​ដែល​ត្រូវ​គេបណ្តេញ​ម្នាក់​ក្នុង​ចំណោម​១៥​នាក់​ដែល​បាន​មក​ចូលរួម​តវ៉ា​នេះ​បាន​និយាយ​ថា “យើងមិន​ចង់​ឲ្យ​ពួកគេ​ទិញ​ដី​នេះ​ទេ ពីព្រោះវា​ជា​ដី​មាន​ជម្លោះ ហើយ​ជម្លោះ​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ​ទេ ដូច្នេះ​យើង​ចង់​ឲ្យ​អ្នក​យក​លុយ​របស់​អ្នក​វិញ​ទៅ”។

តំណាង​ស្ថានទូត​ម្នាក់ ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ ឬ មុខ​តំណែង​នោះ បាន​ចេញ​មក​ទទួល​យក​លិខិត​របស់​អ្នក​តវ៉ា និង​បាន​និយាយ​ថា គណៈប្រតិភូ​នឹង”ពិនិត្យ​រឿង​នេះ”។

ក្រុមហ៊ុន HLH បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហើយ​នៅ​ឡើយទេ ហើយ​ថា ការ​ពិនិត្យ​ខាង​ផ្លូវ​ច្បាប់​នឹង​ត្រូវការ​ពេល​ជាច្រើន​ខែទៀត៕​ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស