38.8 C
Phnom Penh

ក្រសួង​អប់រំ​កំណត​់​ថ្ងៃប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុត​ិយភូមិ​​លើក​ទី២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​អប់រំ​បាន​ប្រកាស​ថា សិស្ស​វិទ្យាល័យទាំង​អស់​ដែល​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ធ្លាក់​ នឹង​មាន​ឱកាស​ប្រឡងជាប់​លើក​ទី២ នៅ​ថ្ងៃ​ទី​១៣ និង​ទី១៤ ខែ​តុលា បន្ទាប់​ពី​មាន​សេចក្ដី​សម្រេច​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យរៀបចំ​ការ​ប្រឡង​ឡើង​វិញ​ចំពេល​ដែល​មាន​សេចក្តីរាយការណ៍​ថា មាន​អត្រា​ប្រឡង​ជាប់​តិច​បំផុត​។

លោក ហង់ ជួន ណារុ៉ន រដ្ឋមន្ត្រីក្រសួងអប់រំ​បាន​មាន​ប្រសាសន៍​ថា ដោយសារ​មាន​ការ​តឹងរុឹង​នៅ​ឆ្នាំ​នេះ ចំនួន​សិស្ស​ប្រឡង​ជាប់​មានតិច។ នេះគឺ​ជា​ការ​ប្រឡងដ៏​តឹង​រ៉ឹង​បំផុត ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​ការ​សន្និដ្ឋាន​” ថា​តើ​មាន​សិស្ស​ប៉ុន្មាន​នាក់​ប្រឡង​ធ្លាក់​នោះទេ។ លទ្ធផល​ប្រឡង​គ្រោង​ប្រកាស​នៅ​ចុង​ខែ​នេះ។

លោក ហង់ ជួន ណារ៉ុន បាន​អំពាវ​នាវ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​បាន​ជ្រើស​រើស​អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត​ជាង​២.០០០​នាក់​ឲ្យ​ជួយ​ពិនិត្យ​មើល​ការ​ប្រឡង​កាលពី​ថ្ងៃ​ទី​៤ និងទី​៥ ខែ​សីហា ដែល​លោក​បាន​លើក​ឡើង​ថា ជា​កត្តា​តែ​មួយ​គត់​ដើម្បី​កំណត់ពី​សមត្ថភាព​​សិស្ស​ចូល​រៀន​តាម​សាកល​វិទ្យាល័យ​រដ្ឋនានា​កាលពីដើម​ឆ្នាំ​នេះ​។ លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​មាន​ការ​ប្រឡង​ឡើង​វិញ​កាលពី​សប្ដាហ៍មុន។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ” លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ ហើយ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រឡង​លើក​ទី២”។ បើទោះណា​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ដើម្បី​លុប​បំបាត់​ការ​លួច​ចម្លងកាលពី​ប្រឡង​​លើក​ទី១​ក៏ដោយ ក៏លោក​ ហង់​ ជួន ណារ៉ុន បាន​មាន​ប្រសាសន៍​ថា លោក​បារម្ភ​ថា បរិមាណ​សិស្ស​ប្រឡង​ជាប់​នឹង​មាន​តិច។

លោក​បានមាន​ប្រសាសន៍​ថា ” ខ្ញុំ​បារម្ភ​ថា ប្រសិន​បើ​សិស្ស​ប្រឡង​ធ្លាក់​ច្រើន តើ​ពួកគេ​នឹង​ធ្វើ​អ្វី?។ វា​ច្បាស់​ណាស់​ថា យើង​ត្រូវ​ធ្វើការ​ប្រឡង​លើក​ទី២ ពីព្រោះ​យើង​មិន​អាច​ឲ្យ​សិស្ស​​ធ្លាក់​ទេ”​។

លោក ហង់ ជួន​ ណារ៉ុន បាន​មាន​ប្រសាសន៍​ថា ការ​ប្រឡង​លើក​ទី២ នឹង​មាន​វិញ្ញាសា​​ថ្មី ប៉ុន្តែ​វា​លំបាក​ដូច​ប្រឡង​លើកទី១​ដែរ។ លោក​បាន​បា៉ន់​ប្រមាណ​ថា នឹង​ចំណាយ​ថវិកា​ប្រហែល​២លាន​ដុល្លារ​ គឺប្រហែល​ពាក់​កណ្ដាល​នៃ​ការ​ចំណាយ​ប្រឡង​លើក​ទី១។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​មិន​គាំទ្រ​ការ​ប្រឡង​លើកទី២នេះទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​ស្មារតី​​នៃ​កំណែទម្រង់​។

លោក​ រ៉ុង ឈុន ដែល​បាន​បា៉ន់​ប្រមាណ​ថា សិស្ស​មិន​ដល់​៣០​ភាគរយ​ផង​បាន​ប្រឡង​ជាប់​នោះ​ បាន​មាន​​ប្រសាសន៍​ថា ប្រសិន​បើ​គោល​បំណង​របស់​លោក ហង់ ជួន ណារ៉ុន គឺ​ដើម្បី​លុប​បំបាត់​ការ​លួច​ចម្លង និង​កែ​លម្អ​គុណភាព​អប់រំ​នោះ ការ​អនុញ្ញាត​ឲ្យមាន​ការ​ប្រឡង​លើក​ទី២​មិន​មានន័យ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា ” សិស្ស​មិន​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​លើក​ទី២​ទេ បន្ទាប់ពី​ការ​សិក្សា​រយៈ​ពេល​មួយខែ​នោះ។ ពួកគេ​មិន​ចេះ​ទេ​”៕ សារុន

(រាយការណ៍បន្ថែម​ដោយ AlexConsiglio)​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស