38.8 C
Phnom Penh

លោក ឆាយ សុផល អ្នក​កាសែតលេច​ធ្លោ​ ចេញ​ផ្សាយ​សៀវភៅស្ដីពី ​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ឆាយ សុផល ​ជា​អ្នក​កាសែត​ក្នុង​ស្រុក ​បាន​ចេញ​ផ្សាយ​សៀវ​ភៅ​ជា​ភាសា​ខ្មែរ​មួយ​ក្បាល ដែល​ចង​ក្រង​ជីវប្រវត្តិ​​របស់​បុរស​ទាំង​៣៦​រូប​ ដែល​​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា​ចាប់​តាំង​ពី​ប៉ុន្មាន​ចុង​ក្រោយ​នៃ​ការ​ត្រួត​ត្រា​របស់​អាណាព្យាបាល​បារាំង​មក​។

លោកបាន​មាន​​ប្រសាសន៍ក្នុង​ពិធី​ចេញ​ផ្សាយ​សៀវភៅ​​មាន​ចំណង​ជើង​ថា ” នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​ជា​នរណា​?” នេះ ដែល​រៀប​ចំ​ឡើង​នៅ​ការិយា​ល័យ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា សៀវភៅ​នេះ​​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​គោល​បំណង​អប់រំ​សាធារណជន​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​មេដឹក​នាំ​​​មុន​លោក ហ៊ុន សែន ​​ដែល​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥​មក​។

លោក​បាន​សួរ​ថា ” សម្រាប់​យុវជន​បច្ចុប្បន្ន​ ប្រសិន​បើ​យើង​និយាយ​អំពី​នាយក​រដ្ឋមន្ត្រី ពួកគេ​ស្គាល់​​​សម្ដេច​តេជោ [លោក ហ៊ុន សែន​] ឬអ្នក​ខ្លះ​ចាំ​បាន​ពី​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ឬ​លោក អុឹង​ ហួត ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ តើ​មាន​ប៉ុន្មាន​នាក់​ដែល​ស្គាល់​នាយក​រដ្ឋមន្ត្រី​ច្រើន​ជាង​នេះ?​”។

លោក ឆាយ សុផល អតីត​អ្នក​យក​ព័ត៌មាន​​ឲ្យ​ទីភ្នាក់​ងារ​សារព័ត៌មាន​ រ៉យទ័រ ដែល​ពេល​នេះ​ជា​សាស្ត្រាចារ្យ​​បង្រៀន​មុខ​វិជ្ជា​​សារព័ត៌មាន​នៅ​ដឺបា៉តេម៉ង់​ទំនាក់​ទំនង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ បាន​មាន​ប្រសាសន៍បន្ត​ថា ” អ្នក​ខ្លះ​ ពេល​អស់​អំណាច​ត្រូវ​រត់​គេច​ខ្លួន​ អ្នក​ខ្លះ​គ្រាន់​តែ​​អស់​អំណាច​ភ្លាម​ គេចាប់​យក​ទៅ​បាញ់​ចោល​​”។

ក្នុង​ចំណោម​ឥស្សរជន​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ជាង​គេ​នៅ​ក្នុង​សៀវភៅ​ ដែល​ទទួល​បាន​មូលនិធិ​មួយ​ផ្នែក​ពី​ក្រសួង​ព័ត៌មាន​នេះ គឺ​ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ យុត្តិវង្ស ដែល​បាន​ដឹក​នាំ​គណបក្ស​ប្រជា​ធិបតេយ្យ​រហូត​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​​ឆ្នាំ​១៩៤៦​មុន​ពេល​ព្រះ​អង្គ​ចូល​ទិវង្គត​យ៉ាង​អាថ៌​កំបាំង។

លោក​បាន​សរសេរ​ថា “អាថ៌​កំបាំង​ជុំវិញ​ការ​ចូល​ទិវង្គត​របស់​ព្រះអង្គ​មិនទាន់​ត្រូវ​បាន​ដោះ​ស្រាយ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ​​ ហើយ​មាន​ការ​ចោទ​សួរ​​ជា​ច្រើន​អំពី​ការ​ចូល​ទិវង្គត​របស់​ព្រះអង្គថា តើ​ព្រះអង្គ​ចូល​ទិវង្គត​ដោយ​របៀប​ណា? តើ​មាន​ភ័ស្តុ​តាង​ណា​ខ្លះ​បង្ហាញ​ថា ព្រះ​អង្គ​ប្រឈួន​? តើ​បារាំង​ដាក់​ថ្នាំ​បំពុល​ព្រះ​អង្គ​ ឬ​ក៏​គណបក្ស​​ប្រជា​ធិបតេយ្យ​ជាប់​ពាក់​ព័ន្ធ​ក្នុង​​រឿង​នេះ​? ហើយ​នរណា​​ជា​អ្នក​ទទួល​ផល​ពី​ព្រះអង្គ?”។

សៀវភៅ​នេះ​ក៏​លើក​ឡើង​​អំពី​​ករណី​របស់​នាយក​រដ្ឋមន្ត្រី​ អ៊ាវ កើស ដែល​ជាសមាជិក​មួយ​រូប​ដែររ​​បស់​​​គណបក្ស​ប្រជា​ធិបតេយ្យ​ ប៉ុន្តែ​​លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បាន​ជាង​មួយ​សប្ដាហ៍​។

លោក​ ឆាយ សុផល បាន​មាន​​ប្រសាសន៍​ថា “លោក​ អ៊ាវ កើស ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បានតែ​៩​ថ្ងៃ​ប៉ុណ្ណោះ គឺ​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​១៩៤៩​។ គាត់​គឺ​ជា​បុគ្គល​មួយ​រូប​ដ៏​មាន​សុជីវធម៌​​ មិន​ឆេវឆាវ​ និង​ចូល​ចិត្ត​ជជែកគ្នា​​ជាមួយ​គ្រួសារ​របស់​គាត់​ ប៉ុន្តែ​គាត់​មិន​ចូល​ចិត្ត​លេង​កីឡា​ទេ”។

សៀវភៅ​នេះគូស​បញ្ជាក់​ថា ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ លោក អ៊ាវ កើស គឺ​ជា​មេដឹកនាំ​សហជីព​ដ៏លេចធ្លោ​មួយ​រូប​ ហើយ​លោក​ត្រូវ​បាន​ឃាត​ករ​ធ្វើ​ឃាត​។ សៀវភៅ​នេះសរសេរ​ទៀត​​ថា ” នៅ​ម៉ោង​៦​ល្ងាច​ បន្ទាប់​ពី​លោក អា៊វ កើស បិទ​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ គ្រាប់​បែក​មួយ​គ្រាប់​ត្រូវ​បាន​គប់​ចូល​ក្នុង​ការិយាល័យ​បក្ស​។ លោក អា៊វ កើស បាន​រង​របួស​ ហើយក៏​បាត់​បង់ជីវិត​”។

លោក អ៊ាវ បណ្ណិកា កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី អា៊វ កើស​ បាន​បន្ត​បង្កើត​មជ្ឈ​មណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ជាមួយ​ផលិត​ករ​​ភាពយន្ត​លោក ប៉ាញ រិទ្ធី កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០០៦ ហើយ​លោក​ក៏​មាន​តួនាទី​នៅក្នុង​ព្រឹទ្ធសភា​ដែរ​។

សៀវភៅ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​​ផ្អែក​លើ​​ព័ត៌មាន​​ប្រវត្តិសាស្ត្រ​ដែល​មាន​ស្រាប់ ប៉ុន្តែ​​វា​ក៏​ផ្អែក​លើ​បទ​សម្ភាស​ជាមួយ​សាច់​ញាតិ​នៅ​រស់​ដែរ ​ដើម្បី​បន្ថែម​ព័ត៌មាន​លម្អិត​ផ្ទាល់ខ្លួន​ស្តីពី​ឥស្សរជននយោបាយ​ទាំង​នេះ។

បទ​សម្ភាស​មួយត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​លោកស្រី ជូឡុង សូមួរ៉ា តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលឪពុក​របស់​លោក​ស្រី​គឺ​លោក​ ញ៉ឹក ជូឡុង បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ​១៩៦២​ និង​ដែលស្វាមី​របស់​លោក​ស្រីគឺ​​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ឥស្សរជន​ដែល​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​អនាគត។

សៀវភៅ​នេះ​​សរសេរ​ថា “លោក​ស្រី សូមួរ៉ា ​បាន​​ប្រាប់​ខ្ញុំ​ថា ឪពុក​របស់​លោក​ស្រី​​ជា​បុរស​សង្ហារ​ និង​មាន​មន្តស្នេហ៍។ គាត់​ចូល​​ចិត្ត​អាហារ​ខ្មែរ និង​អាហារ​អឺរ៉ុប។ សម្រាប់​​អាហារ​​ខ្មែរ​ គាត់​ចូល​ចិត្ត​សម្ល​ត្រពាំង​ ប៉ុន្តែ​គាត់​មិន​ចូល​ចិត្ត​ប្រហុក ម៉ាំ និងម្ហូប​ដែល​មាន​​ក្លិន​ស្អុយ​នោះ​ទេ”៕ សុខុម​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស