39.4 C
Phnom Penh

ពលករ​ខ្មែរ​ប្រមាណ​៦០០.០០០​នាក់​កំពុង​ធ្វើ​ការ​​ក្នុង​ប្រទេស​ថៃ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ការ​កែប្រែ​ចំនួន​ដ៏ខ្លាំង​មួយ​នៃ​ការ​ប៉ាន់​ប្រមាណ​របស់​រដ្ឋាភិបាល​​កាលពី​លើក​មុន​ ក្រសួង​ការ​បរទេស​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ពលករ​ខ្មែរ​ប្រមាណ​៦៦០.០០០​នាក់ ឬជិត​​​ស្មើ​នឹង​៥ភាគរយ​នៃ​ចំនួន​ប្រជា​ជន​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​សព្វ​ថ្ងៃ។

មុន​ពេល​រដ្ឋាភិបាល​យោធាថៃ​បាន​ចាប់​ផ្ដើម​វិធានការ​មួយ​ ដើម្បី​បោស​សម្អាត​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​​ខែ​មិថុនា ជា​វិធានការ​មួយ​ដែល​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ប្រហែល​២៥០.០០០​នាក់​បាន​ត្រឡប់​មក​ប្រទេស​របស់​ខ្លួន​វិញ​នោះ រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា ពលករ​ខ្មែរ​ប្រមាណ​៩០.០០០​នាក់​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​។

ទោះ​ជាយ៉ាង​ណា លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ពលករ​ខ្មែរ​ប្រមាណ​២៧០.០០០​នាក់​ ដែល​​បាន​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ​កាលពី​លើក​មុន​ ឥឡូវ​នេះ​ទទួល​បានសិទ្ធិ​ស្រប​ច្បាប់​ហើយ​ ដោយ​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ដែល​ឆ្លង​ព្រំដែន​ទៅ​រក​ការ​ងារ​ធ្វើ​​​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​សរុប​ប្រហែល​៦៦០.០០០​នាក់​។

លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ពលករ​របស់​យើង​ប្រហែល​២៧០.០០០​នាក់ ដែល​កំពុង​ធ្វើការ​​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ចុះ​ឈ្មោះ និង​ទទួល​បាន​ប័ណ្ណពណ៌​ស៊ីជម្ពូ ហើយពលករ​ខ្មែរ​ប្រមាណ​៣៩០.០០០​នាក់ គឺ​​​​ស្រប​ច្បាប់​រួច​ហើយ”។

កាលពី​ចុង​ខែ​មិថុនា ប្រទេស​ថៃ​បាន​បើក​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​ជា​កន្លែង​ដែល​កម្មករ​ខុស​ច្បាប់​អាច​ចុះ​ឈ្មោះ​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ប័ណ្ណ​ពណ៌​ស៊ីជម្ពូ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​ធ្វើការ​រយៈ​ពេល​​៦០​ថ្ងៃ​បន្ត​ទៀត​។ លោក កុយ គួង បាន​លើក​ឡើង​ថា ការ​ផ្តល់​​​ពេល​​​​ចំនួន​ពីរ​ខែ​នេះ​នឹង​អនុញ្ញាត​ឲ្យ​កម្មករ​ទទួល​បាន​​ឯកសារ​ត្រឹម​ត្រូវ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប័ណ្ណ​ពណ៌ស៊ីជម្ពូ បើក​ផ្លូវ​ឲ្យ​ពលករ​ទាំង​នោះ​អាច​ធ្វើការ​ដោយ​ស្រប​ច្បាប់ និង​យូរ​អង្វែង ហើយ​ផ្ដល់​ឱកាស​ឲ្យពួកគេ​ធ្វើ​លិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ”។

លោក កុយ គួង បាន​​​និយាយ​​​យ៉ាង​ខ្លី​ទៅកាន់​អ្នក​យក​ព័ត៌មាន​ក្រោយកិច្ច​ប្រជុំ​មួយ​រវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក ផាកឌី ទូឆៃយុត ឯកអគ្គរាជ​ទូត​ផុត​អាណត្តិ​របស់​ថៃ​។

យោងតាម​​លោក កុយ គួង បាន​ឲ្យ​ដឹង​ថា លោក​ ផាកឌី បាន​ថ្លែង​អំណរ​គុណ​លោក ហោ ណាំហុង ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឆាំង​នឹង​​​រដ្ឋាភិបាល​យោធា​ថៃ​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​​ក្នុង​ប្រទេស​កម្ពុជា​ លោក​​​ទាំង​ពីរ​បាន​និយាយ​ថា គម្រោង​ផ្លូវ​ដែក​ឆ្លង​កាត់​ព្រំដែន​មួយ​ក្បែរ​ក្រុង​ប៉ោយប៉ែត​គួរ​តែ​​ជា​អាទិភាព​។

លោក ហោ ណាំហុង ក៏បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចប់​ការ​ចាប់​ខ្លួន​កម្មករ​ខ្មែរ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ជា​ទីដែល​អ្នក​រុញ​រទេះ​កម្ពុជា​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​​ខ្លួន​ ហើយ​ដោះ​លែង​វិញ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ទាក់​ទិន​នឹង​រឿង​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ ដែល​រំលោភ​​នឹង​​សញ្ញា​ពាណិជ្ជកម្ម​របស់​ក្រុម​ហ៊ុន​ថៃ​ផង​ដែរ។

លោក​ កុយ គួង បាន​មាន​ប្រសាសន៍​បន្ត​ថា ” លោក​ឧបនាយក​រដ្ឋមន្ត្រី [ហោ ណាំហុង​] បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​ពីរ​​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យមានការ​ចាប់​ខ្លួន ហើយ​ដាក់​ទោសទណ្ឌ​លើ​មេខ្យល់​ទាំង​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​”៕ គឹមហឿន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស