30.4 C
Phnom Penh

អ្នក​​​ស្រាវ​​​ជ្រាវ​​​កំពុង​​​ព្យាយាម​​​កាត់​​​បន្ថយ​​​ភាព​​​តាន​​​តឹង​​​រវាង​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ និង​​​ជន​​​ជាតិ​​​វៀតណាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ពេល​​​បុរស​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ម្នាក់​​​ត្រូវ​​​មនុស្ស​​​មួយ​​​ក្រុម​​​ព្រួត​​​វាយ​​​រហូត​​​ដល់​​​ស្លាប់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ក្រោយ​​​ពី​​​មាន​​​ករណី​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​មួយ​​​​​​កើត​​​ឡើង​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ វាបាន​​​ឆ្លុះ​​​បញ្ចាំង​​​ឲ្យ​​​ឃើញ​​​នូវ​​​ភាព​​​តាន​​​តឹង​​​កើន​​​ឡើង​​​រវាង​​ពល​​​រដ្ឋ​​​ខ្មែរ និង​​​ជន​​​ជាតិ​​​វៀតណាម។

ជន​​​រង​​​គ្រោះ​​​ដែល​​​កើ​​​ត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​​​​រស់​​​នៅ​​​ទី​​​​​​នេះ​​​ពេញ​​​មួយ​​​ជីវិត​​​របស់​​​ខ្លួន​​​ ព្រម​​​ទាំង​​​​​​បាន​​​រៀប​​​ការ​​​ជាមួយ​​​ស្ត្រី​​​ខ្មែរ​​​​​​​​​​​​​​​ទៀត​​​នោះ​​​ ត្រូវ​​​បាន​​​គេ​​​ព្រួត​​​វាយ​​​យ៉ាង​​​ហិង្សា​​​ បន្ទាប់​​​ពី​​​មាន​​​មនុស្ស​​​ម្នាក់​​​ស្រែក​​​ថា គាត់​​​ជា “យួន​​​”  ជា​​​ពាក្យ​​​​​​ប្រមាថ​​​​​​សំដៅ​​​ដល់​​​ជន​​​ជាតិ​​​វៀតណាម។

ការ​​​សម្លាប់​​​ដែល​​​គេ​​​ចោទ​​​ថា កើត​​​ឡើង​​​ដោយ​​​សារ​​​ការ​​​​​​រើស​​​អើង​​​ជាតិសាសន៍​​​​​​នេះ​​​ បាន​​​លាត​​​ត្រដាង​​​ពី​​​ទំហំ​​​នៃ​​​អារម្មណ៍​​​ល្វីង​​​​​ជូរ​​​ចត់​​​របស់​​​​​​ប្រជា​ពលរដ្ឋ​​​ខ្មែរ​​​មួយ​​​ចំនួន​​​ចំពោះ​​​វៀតណាម ដោយសារ​​​តែ​​​ប្រវត្តិសាស្ត្រ​​​​​​  ​​​ប្រទូស​​​រា៉យ​​​គ្នា​​​​​​យូរ​​​លង់​​​មក​​​ហើយ​​​រវាង​​​ប្រទេស​​​ទាង​​​ពីរ​​​ ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ជួយ​​​បញ្ឆេះ​​​ឲ្យ​​​កាន់​​​តែ​​​​​​ពុះ​​​កញ្ជ្រោល​​​ឡើង​​​តាម​​​រយៈ​​​ការ​​​ប្រើ​​​ប្រាស់​វោហារ​​​សាស្ត្រ​​​ប្រឆាំង​​​វៀតណាម​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ និង​​​បាតុកម្ម​​​ជា​​​សាធារណៈ​​​របស់​​​ខ្លួន​​​។

ពេល​​​នេះ អ្នក​​​ស្រាវ​​​ជ្រាវ​​​មួយ​​​ក្រុម​​​បាន​​​ចាប់​​​ផ្ដើម​​​សិក្សា​​​អំពី​​ជន​​​ជាតិ​​​វៀតណាម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដោយ​​​សង្ឃឹម​​​ថា ​​​ការ​​​លាត​​​ត្រដាង​​​បន្ថែម​​​ទៀត​​​អំពី​​​ការ​​​រស់​​​នៅ​​​របស់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ដែល​​​មាន​​​ចំនួន​​​ច្រើន​​​បំផុត​​​នៅ​​​កម្ពុជា​​​នេះ​​​ អាច​​​ជួយ​​​សម្រាល​​​ភាព​​​តាន​​​តឹង​​​បាន។

ការ​​​សិក្សា​​​សាកល្បង​​​ ដែល​​​មាន​​​ឈ្មោះ​​​ថា “ជីវិត​​​រស់​​​នៅ​​​មុន​​​ការ​​​បណ្ដេញ​​​ចេញ​​​៖ ប្រវត្តិ​​​សហគមន៍​​​របស់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វៀតណាម​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​​​​​​​​​​​​” បាន​​​ប្រមូល​​​បទ​​​សម្ភាស​​​ផ្ទាល់​​​មាត់​​​ពី​​​ជន​​​ជាតិ​​​វៀតណាម​​​ចំនួន​​​៣២​​​នាក់​​​ ដែល​​​រស់​​​នៅ​​​តាម​​​ភូមិ​​​អណ្ដែត​​​ទឹក​​​លើ​​​ទន្លេ​​​សាប​​​។

លោក​​​ លី រតនៈ​​​ មន្ត្រី​​​គម្រោង​​​នៅ​​​អង្គការ​​​​​​ក្តី​​​ករុណា​​​ ដែល​​​កាល​​​ពី​​​​​​ល្ងាច​​​ម្សិលមិញ​​​ ​​បាន​​​​​​បង្ហាញ​​​ពី​​​​​​ការ​​​សន្និដ្ឋាន​​​នេះ​​​នៅ​​​មជ្ឈមណ្ឌល​​​ខេមរ​​​សិក្សា បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ផ្ដល់​​​បទ​​​សម្ភាស​​​ភាគ​​​ច្រើន​​​មាន​​​ទំនាក់​​​ទំនង​​​ផ្នែក​​​ស្មារតី​​​រឹងមាំ​​​ទៅ​​​នឹង​​​អ្វី​​​ដែល​​​ពួកគេ​​​ចាត់​​​ទុក​​​ថា ជា​​​ទឹក​​​ដី​​​កំណើត​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ភាគ​​​ច្រើន ​​​ពួក​​​គាត់​​​បាន​​​​​​ចូល​​​មក​​​នៅ​​​ចុង​​​សតវត្ស​​​ទី​​​១៩​​​ ហើយ​​​ពួកគេ​​​បាន​​​តាំង​​​លំនៅ​​​ និង​​​រស់​​​នៅ​​​ក្នុង​​​​​​តំបន់​​​ទន្លេ​​​សាប​​​ ហើយ​​​ភាគ​​​ច្រើន​​​ពួក​​​គេ​​​ជា​​​អ្នក​​​នេសាទ​​​។ ពួកគេ​​​​​​ភាគ​​​ច្រើន​​​ចេះ​​​និយាយ​​​​​​ភាសា​​​ខ្មែរ​​​​​​បាន​​​យ៉ាង​​​ច្បាស់​​​ ពី​​​ព្រោះ​​​កាល​​​ពីក្មេង​​​ ពួក​​​គេ​​​ធ្លាប់​​​លេង​​​ជាមួយ​​​កុមារ​​​កម្ពុជា​​​”។

លោក លី រតនៈ បាន​​​មាន​​​ប្រសាសន៍​​​ថា ពី​​​មុន​​​មក​​​ ធ្លាប់​​​មាន​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​តិច​​​តួ​​​ច​​​ណាស់​​​​​​​​​​​​​​​​​អំ​​ពី​​​ប្រជា​​​ជន​​​វៀតណាម​​​ ហើយ​​​ការ​​​យល់​​​ដឹង​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា តើ​​​សហគមន៍​​​ទាំង​​​នោះ​​​បាន​​​បង្ហាញ​​​ខ្លួន​​​ និង​​​វិវឌ្ឍ​​​ដោយ​​​របៀប​​​ណា​​​ នៅ​​​ទី​​​បំផុត​​​អាច​​​បង្កើន​​​ការ​​​យល់​​​ដឹង​​​អំពី​​​ភាព​​​ផ្សេង​​​គ្នា​​​របស់​​​ពួក​​​គេ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា “ការ​​​សិក្សា​​​នេះ​​​គឺ​​​ជា​​​ជំហាន​​​ដំបូង​​​ដើម្បី​​​ប្រមូល​​​ចង​​​ក្រង​​​រឿង​​​រ៉ាវ​​​របស់​​​ពួក​​​គេ​​​ក្នុង​​​គោល​​​បំណង​​​បង្កើន​​​ការ​​​យល់​​​ដឹង​​​​​​នៅ​​​ក្នុង​​​សង្គម​​​កម្ពុជា​​​អំពី​​​ភាព​​​​​​ពិត​​​ថា ‘ជន​​​ជាតិ​​​វៀតណាម’ មិន​​​មែន​​​ជា​​​ក្រុម​​​ដូច​​​គ្នា​​​តែ​​​មួយ​​​ ឬ​​​ក្រុម​​​ធំ​​​នោះ​​​ទេ​​​”។

​​​លោក​​​ស្រី ឈីម គ្រី​​​ស្ទីណា អ្នក​​​ស្រាវ​​​ជ្រាវ​​​ផ្នែក​​​កម្មវិធីសិក្សា​​​ ដែល​​​មាន​​​ជំនាញ​​​ឯកទេស​​​ខាង​​​ប្រវត្តិសាស្ត្រ​​​កម្ពុជា​​​នា​​​សម័យ​​​ទំនើប និង​​​​​​ដែល​​​គ្រប់​​​គ្រង​​​គម្រោង​​​នេះ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​សង្ឃឹម​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​នឹង​​​នាំ​​​គ្នា​​​ជជែក​​​អំពី​​​រឿង​​​នេះ​​​។

លោក​​​ស្រី​​​និយាយ​​​ថា “ចំណុច​​​សំខាន់​​​បំផុត​​​របស់​​​ខ្ញុំ គឺ​​​ខ្ញុំ​​​ចង់​​​គាំទ្រ​​​ និង​​​ជួយ​​​ប្រជា​​ជន​​​ខ្មែរ​​​ឲ្យ​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​បញ្ហា​​​នេះ ដើម្បី​​​សិក្សា​​​បន្ថែម​​​ទៀត​​​អំពី​​​​​​ប្រជា​​​ជន​​​វៀតណាម ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​”។ លោក​​​ស្រី​​​បាន​​​បន្ត​​​ថា ក្រុម​​​នេះ​​​សង្ឃឹម​​​ថា នឹង​​​ធ្វើ​​​ការ​​​សិក្សា​​​ពាក់​​​ព័ន្ធ​​​ជា​​​បន្ត​​​បន្ទាប់​​​នៅ​​​ប៉ុន្មាន​​​ឆ្នាំ​​​ខាង​​​មុខ​​​។

លោក អ៊ូ វីរៈ ប្រធាន​​​មជ្ឈ​​​មណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​​​​ដែល​​​ធ្លាប់​​​រិះ​​​គន់​​​ខ្លាំង​​​ៗ​​​ចំពោះ​​​វោហារ​​​សាស្ត្រ​​​ប្រឆាំង​​​ជាតិ​​​​​​សាសន៍​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្វី​​​ដែល​​​បាន​​​កែ​​​លម្អ​​​ការ​​​ជជែក​​​គ្នា​​​អំពី​​​ប្រជា​​​ជន​​​វៀតណាម​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​ជា​​​រឿង​​​វិជ្ជមាន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទាក់​​​ទង​​​នឹង​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​អំពី​​​សហគមន៍​​​ជន​​​​​​ជាតិ​​​វៀតណាម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​នឹង​​​មិន​​​អាច​​​ផ្លាស់​​​ប្ដូរ​​​ចិត្ត​​​គំនិត​​​បាន​​​ច្រើន​​​​​​ទេ​​​ មាន​​​អ្នក​​​ជាតិ​​​និយម​​​ជ្រុល​​​ជា​​​ច្រើន​​​ ប៉ុន្តែ វា​​​គឺ​​​ជា​​​ការ​​​ចាប់​​​ផ្ដើម​​​ដ៏​​​ល្អ​​​​​​​​​​​​​​​​​​​​​​​​។ វា​​​មិន​​​មែន​​​ត្រូវ​​​តែ​​​និយាយ​​​តែ​​​អំពី​​​សិទ្ធិ​​​របស់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វៀតណាម​​​​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ វា​​​ក៏​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​បោះ​​​ជំហាន​​​ឆ្ពោះ​​​​​​ទៅ​​​មុខ​​​ផង​​​ដែរ”៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស