32 C
Phnom Penh

រដ្ឋ​​​សភា​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ លោក​ កឹម សុខា ​ជា​អនុប្រធាន​ទី១​រដ្ឋសភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ការ​​ចាប់​ផ្ដើម​បែប​លេង​ឆាក​ល្ខោន​មួយ​ចំពោះ​ការ​កាន់​តំណែង​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អនុប្រធានទី១​​រដ្ឋសភា​នោះ​​ កាលពី​ម្សិលមិញ​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រោក​ឈរ​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​ប្រាប់​ឲ្យ​លោក ងួន ញ៉ិល អនុប្រធាន​ទី១​រដ្ឋសភា​​ដែល​អស់​អាណត្តិ​ប្រគល់​អាសនៈ​របស់​ខ្លួន​ទៅ​ឲ្យ​លោក កឹម សុខា​។Assembly

តាម​កិច្ច​ព្រមព្រៀង​កាលពី​ចុង​ខែ​មុន​​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​គណ​បក្ស​ប្រឆាំង​​ ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​នៅ​តែ​គ្រប់​គ្រង​តំណែង​ប្រធាន​រដ្ឋសភា និង​អនុប្រធានទី២​រដ្ឋសភា​​​ដដែល​​​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​គ្រប់​គ្រង​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា​។

លោក កឹម សុខា ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​អនុប្រធាន​ទី១​រដ្ឋសភា​នៅ​ក្នុង​​កិច្ច​ប្រជុំ​រដ្ឋសភា​កាលពី​ព្រឹក​ម្សិលមិញ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​១១៦សំឡេង​​​​ ប្រឆាំង​ចំនួន​បួន​សំឡេង និង​អនុបវាទ​ចំនួន​ពីរ​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សម្ងាត់​​ រីឯ​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជ​វាំង​វិញ​មិន​​មាន​វត្តមានទេ ដោយ​សារ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បេ៉កាំង​ជាមួយ​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី។

​បន្ទាប់ពី​សម្រាក​១៥​នាទី​ក្រោយ​ការ​បោះ​ឆ្នោត​ លោក ងួន ញ៉ិល ដែល​ត្រូវ​បាន​​ប្ដូរ​​តំណែង​មក​​ជា​អនុប្រធាន​ទី២​រដ្ឋសភា​នោះ បាន​ប្រញាប់​ប្រញាល់​​ដើរ​ទៅ​កាន់​អាសនៈចាស់​ជា​អនុ​ប្រធាន​ទី១​របស់​លោក​វិញ​ ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ដៃ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​។

ដោយ​ទំនង​ជា​​​ស្ទាក់​ស្ទើរ និង​អាក់​អន់​ចិត្ត​ផង​​នោះ លោក កឹម សុខា ហាក់​បីដូច​ជា​ចង់​ទៅ​​អង្គុយ​លើ​​អាសនៈ​ដែល​ទុក​សម្រាប់​អនុប្រធាន​ទី​២​រដ្ឋសភា​​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ​លោក ហេង សំរិន មុន​ពេល​លោក ហ៊ុន សែន ក្រោក​ឡើង​​ធ្វើ​អន្តរាគមន៍។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​តាម​រយៈ​មីក្រូហ្វូន​មុន​ពេល​ស្នើ​ឲ្យ​សមាជិក​សភា​របស់​គណបក្ស​ប្រជា​ជន​រូប​នេះ​ប្រគល់​អាសនៈ​របស់​លោក​ទៅ​ឲ្យ​លោក កឹម សុខា ថា ” ​ប្រសិន​បើ​មិន​ចង់​ដូរ​ទេ ដោះ​ស្លាក​ហ្នឹង​ទើប​បាន​ គ្រាន់​ដើរ​ទៅ​មួយ​ភ្លែត​ហ្នឹង​មាន​ទាស់​អី។ សូម​អញ្ជើញ​ឯកឧត្តម ងួន ញ៉ិល ទៅ​ខាង​នោះ​”។

បន្ទាប់​មក លោក ងួន ញ៉ិល និង​លោក កឹម សុខា ​បាន​ផ្លាស់​ប្ដូរ​អាសនៈ​គ្នា​ភ្លាមៗ ដែល​ស្ថិត​នៅ​ពីក្រោយ​លោក ហេង សំរិន។ លោក​នាយក​រដ្ឋមន្ត្រី​ដែល​នៅ​តែ​ឈរ​នៅ​ឡើយ​ ទំនង​ជា​​បន្ទោស​លោក ងួន ញ៉ិល ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​​ជា​អនុប្រធាន​ទី១​នៃ​រដ្ឋ​សភា​ឯកបក្ស​​ដែល​មាន​តែ​សមាជិក​សភា​របស់​គណបក្ស​ប្រជា​ជន​​នៅ​ក្នុង​ការ​ចូល​កាន់​តំណែង​ក្នុង​រដ្ឋ​សភា​របស់​ខ្លួន​​កាលពី​ខែ​កញ្ញា។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ត​ថា ” ​វា​អត់​ត្រូវ ​សុំទោស​ គ្រាន់​តែ​ប៉ុណ្ណឹង​ពិបាក​ម្លេ៉ះ គ្រាន់​តែ​មួយ​ដើរ​មក​​ខាង​នេះ​ មួយ​ដើរ​ទៅ​ខាង​នោះ​”។

ការ​បោះ​ឆ្នោត​កាលពី​ព្រឹក​ម្សិលមិញ​នេះ បាន​ធ្វើ​ឲ្យ​លោកស្រី ឃួន សុដារី អនុប្រធានទី​២​រដ្ឋសភា​ត្រូវ​លះ​បង់​តំណែង​របស់​ខ្លួន​ ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក ងួន ញ៉ិល។ លោកស្រី​ សុដារី មិន​ជំទាស់​ចំពោះ​ការ​ដក​លោកស្រី​ចេញ​ពី​តំណែង​នេះ​ទេ​ ហើយ​បាន​ទទួល​យក​អាសនៈ​របស់​លោកស្រី​ជា​សមាជិក​សភា​ធម្មតា បន្ទាប់​ពី​សម្រាក​មួយ​ភ្លែត​មក​។

ចាប់​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​កាលពី​ថ្ងៃទី​២២ ខែ​កក្កដាមក លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា សមាជិក​សភា​ទាំង​៦៧រូប​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រហែល​ជា​មិន​មាន​វិន័យ​បក្ស​​ឲ្យ​​ចូល​រួម​ជាមួយ​សមាជិក​សភា​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បោះ​ឆ្នោត​​ធ្វើ​កំណែ​ទម្រង់​​ តាម​ការ​​​ព្រម​ព្រៀង​គ្នា​ឡើយ​ ​បើ​គ្មាន​វត្តមាន​របស់​លោក​នៅ​ក្នុង​សភា​ទេ​នោះ។

ការ​លេង​ឆាក​ល្ខោន​កាលពី​ព្រឹក​ម្សិលមិញ ទំនង​ជា​បង្ហាញ​ពី​អំណាច​នៃ​ការ​ព្រមាន​​របស់​លោក ហ៊ុន សែន ដែល​លោក​ធ្លាប់​បាន​ព្រមាន​ថា​ លោក​នឹង​ផ្លាស់​ប្ដូរ​ថ្ងៃ​ប្រជុំ​​​សភា​​​ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​ហ៊ាន​​ធ្វើ​ពហិការ​មិន​ចូល​សភា​។

​លោក កឹម សុខា ដែល​អំឡុង​ពេល​ធ្វើ​ពហិការ​មិន​ចូល​សភា​ បាន​សន្យា​ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ថា គណបក្ស​ប្រឆាំង​នឹង​មិន​ទទួល​យក​​អាសនៈ​ឡើយ​ ប្រសិន​បើ​គ្មាន​ការ​ធានា​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សា​​​ជាថ្មីនោះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​រដ្ឋសភា​កាលពី​ម្សិលមិញ​ថា អំណាច​នីតិ​​​បញ្ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រួត​ពិនិត្យ​ស្ថាប័ន​​នីតិប្រតិបត្តិ​ និង​តុលាការ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឃើញ​កង់​ទាំង​បី​នៃ​ប្រជាធិបតេយ្យ​ដើរ​ស្រប​គ្នា​ ប្រសិន​បើ​យើង​បណ្ដោយ​ឲ្យ​​អំណាច​នីមួយ​ក្លាយ​ជា​គ្មាន​តុល្យភាព​នោះ វា​នឹង​មិន​មាន​ស្ថិរភាព​នយោបាយ​ទេ​”។

ការ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​ក៏បង្ហាញ​ឲ្យឃើញ​ផង​ដែរ​ថា ​ប្រធាន​គណៈកម្មការ​ចំនួន​បី​ក្នុង​ចំណោម​គណៈកម្មការ​រដ្ឋសភា​ទាំង១០​ត្រូវ​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​ ដោយលោក​ ជាម យៀប បន្ត​​តំណែង​របស់​លោក​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​ធនាគារ​ ជា​តំណែង​ដែល​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​​គឺ​ទុក​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោក អេង ឆៃអ៊ាង និង លោក ប៉ុល ហំម សមាជិក​មក​ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​​បោះ​ឆ្នោត​តែង​តាំង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស និង​ប្រធាន​គណៈកម្មការ​វិនិយោគ​ ផែន​ការ​ និង​កសិកម្ម​។ រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដើម្បី​បន្ត​ជ្រើស​រើស​​ប្រធាន​គណៈកម្មការ​ដែល​នៅ​សេសសល់​៕ គឹមហឿន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស