30.4 C
Phnom Penh

ក្រសួង​​​ការងារ​​​ចាប់​​​ផ្ដើម​​​អនុវត្ត​​​ច្បាប់​​ដែល​​​តម្រូវ​​​ឲ្យ​​​ជន​​​បរទេស​​​​​​ធ្វើ​​​ការ​​​នៅ​​​កម្ពុជា​​​មាន​​​ប័ណ្ណ​​​ការងារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រី​​​​​​ក្រសួង​​​ការងារ​​​បាន​​​ឲ្យ​​​ដឹង​​​​​​ថា ក្រសួង​​​ការងារ​​​បាន​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​ច្បាប់​​​ដែល​​​តម្រូវ​​​ឲ្យ​​​ជន​​​បរទេស​​​ធ្វើ​​​ការ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​។

ក្រុម​​​ត្រួត​​​ពិនិត្យ​​​បាន​​​ចាប់​​​ផ្តើម​​​ចុះ​​​តាម​​​បណ្តា​​​ខេត្ត​​​នីមួយ​​​ៗ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ដើម្បី​​​ធានា​​ឲ្យ​​​បាន​​​​​​ថា បុគ្គលិក​​​ និង​​​ថៅកែ​​​ដែល​​​ជា​​​ជន​​​បរទេស​​​​​​មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ បើ​​​ពុំ​​​ដូច្នោះ​​​ទេ ពួកគេ​​​នឹង​​​ប្រឈម​​​ការ​​​ផាក​​​ពិន័យ​​​ដ៏​​​ធ្ងន់​​​ធ្ងរ។

យោង​​​តាម​​​លោក​​​ ហេង​​​ សួរ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការងារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ផាក​​​ពិន័យ​​​ក៏​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​ជន​​​ល្មើស​​ត្រូវ​​​បង់​​​ប្រាក់​​​សង សម្រាប់​​​ឆ្នាំ​​​ដែល​​​មិន​​​បាន​​​បង់​​​ផង​​​ដែរ​​​​​​។

លោក​​​ ហេង សួរ បាន​​​មានប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ក្រុម​​​ត្រួត​​​ពិនិត្យ​​​បាន​​​រក​​​ឃើញ​​​ថា [ ជន​​​បរទេស​​​]​​​​​​​​​​​​​​​ មិន​​​មាន​​​ប័ណ្ណ​​​ការងារ​​​នោះ​​​ទេ ពួក​​​គេ​​​នឹង​​​ប្រឈម​​​នឹង​​​ការ​​​ផាក​​​ពិន័យ​​​រហូត​​​ដល់​​​៧២០.០០០រៀល​​​ (ប្រហែល​​​១៧៧​​​ដុល្លារ​​​)​​​ ហើយ​​​ត្រូវ​​​តែ​​​បង់​​​សង​​​ក្នុង​​​ទឹក​​​ប្រាក់​​​ចំនួន​​​១០០​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​នីមួយៗ​​​ដែល​​​មិន​​​បាន​​​បង់​​​”។

លោក​​​បាន​​​បន្ថែម​​​ថា បុគ្គលិក​​​របស់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ក៏​​​នឹង​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ដែរ​​​ ខណៈ​​​ច្បាប់​​​ការងារ​​​ចែង​​​ថា បុគ្គលិក​​​ស្ថាន​​​ទូត​​​នានា​​​ត្រូវ​​​លើក​​​លែង​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១៦​​​ ខែ​​​សីហា​​​ ដែល​​​ចេញ​​​ដោយ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​ក្រសួ​​​ង​​​ការងារ​​​បាន​​​ព្រមាន​​​ថា ស្ថាប័ន​​​ដែល​​​ជួល​​​ជន​​​បរទេស​​​មក​​​ធ្វើ​​​ការ​​​ឲ្យ​​​ គឺ​​​ត្រូវ​​​តែ​​​ធានា​​​ឲ្យ​​​បាន​ថា បុគ្គលិក​​​នោះ​​​មាន​​​ទិដ្ឋាការ​​​ពាក់​​​ព័ន្ធ​​​ លិខិត​​​ឆ្លង​​​ដែន​​​ និង​​​ប័ណ្ណ​​​ការ​​​ងារ​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​គាំទ្រ​​​ដោយ​​​ប្រកាស​​​ឆ្នាំ​​​១៩៩៥​​​ស្តី​​​ពី​​​ “ការ​​​គ្រប់​​​គ្រង​​​ប័ណ្ណ​​​ការ​​​ងារ​​​ជន​​​បរទេស​​​” ដែល​​​មាន​​​ខ្លឹម​​​សារ​​​ថា ជន​​​បរទេស​​​ទាំង​​​អស់​​​ដែល​​​មក​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​​គួរ​​​តែ​​​មាន​​​ទាំង​​​ប័ណ្ណ​​​បណ្តោះ​​​អាសន្ន​​​ និង​​​អចិន្ត្រៃយ៍​​​។

លោក សេង សក្តា​​​ អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋាន​​​ការងារ​​​នៅ​​​ក្រសួង​​​ការងារ​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សារាចរណែនាំ​​​នឹង​​​ត្រូវ​​​អនុវត្ត​​​ ហើយ​​​ថា ជន​​​បរទេស​​​ដែល​​​ធ្វើ​​​ការ​​​ខុស​​​ច្បាប់​​​ក្នុ​​​ង​​​ប្រទេស​​​កម្ពុជា​​​អស់​​​រយៈ​​​ពេល​​​ជា​​​យូរ​​​មក​​​ហើយ​​​អាច​​​រង​​​ការ​​​ផាក​​​ពិន័យ​​​ធ្ងន់​​​ធ្ងរ។

លោក សក្តា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ទូទៅ​​​ពួក​​​គេ​​​ត្រូវ​​​តែ​​​បង់​​​សង​​​ ប៉ុន្តែ យើង​​​នឹង​​​ត្រួត​​​ពិនិត្យ​​​ឯកសារ​​​របស់​​​ពួក​​​គេ​​​ជាមុន​​​សិន​​​​​​មុន​​​ពេល​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​។ ច្បាប់​​​មិន​​​ដែល​​​មាន​​​​​​ការ​​​លើក​​​លែង​​​ទេ។ អ្នក​​​ឯង​​​មិន​​​អាច​​​មក​​​ទី​​​នេះ​​​ធ្វើ​​​ការ​​​ ហើយ​​​និយាយ​​​ថា គ្មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​បាន​​​ឡើយ​​​”។

យោង​​​តាម​​​ប្រកាស​​​ ប្រសិន​​​បើ​​​ចង់​​​ទទួល​​​បាន​​​ប័ណ្ណ​​​ការងារ​​​អចិន្ត្រៃយ៍​​​ ជន​​​បរទេស​​​​​​ត្រូវ​​​តែ​​​បង្ហាញ​​​មុខ​​​នៅ​​​ទីស្នាក់​​​ការ​​​នគរ​​បាល​​​រាជ​​​ធានី​​​ ឬ​​​ខេត្ត​​​ដោយ​​​ភ្ជាប់​​​​​​ជាមួយ​​​នូវ​​​​​​​​​លិខិត​​​ឆ្លង​​​ដែន​​​​​​​​​ដែល​​​មិន​​​ទាន់​​​ហួស​​​សុពល​​​ភាព​​​ រូប​​​ថត​​​​​​ចំនួន​​​បី​​​​​​សន្លឹក​​​បន្ថែម​​​ទៀត​​​និង​​​ឯកសារ​​​បញ្ជាក់​​​ពី​​​ការ​​​តម្កល់​​​ប្រាក់​​​នៅ​​​ក្នុង​​​ធនាគារ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ចំពោះ​​​ប័ណ្ណ​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​វិញ​​​ជន​​​បរទេស​​​ត្រូវ​​​ការ​​​ឯកសារ​​​ទាំង​​​អស់​​​ដូច​​​រៀប​​​រាប់​​​ខាង​​​លើ ក៏​​​ដូច​​​ជា​​​ទិដ្ឋាការ​​​ដែល​​​មិន​​​ទាន​​​់​​​ហួស​​​សុពល​​​ភាព​​​ លិខិត​​​បញ្ជាក់​​​សុខភាព​​​ពី​​​ប្រទេស​​​កំណើត​​​របស់​​​ជន​​​បរទេស និង​​​​​​ច្បាប់​​​ចម្លង​​នៃ​​​កិច្ច​​​សន្យា​​​ការងារ​​​និង​​​គោល​​​នយោបាយ​​​ធានារ៉ាប់រង​​​ ប៉ុន្តែ​​​ មិន​​​ចាំ​​​បាច់​​​មាន​​​ការ​​​តម្កល់​​​ប្រាក់​​​នៅ​​​ក្នុង​​​ធនាគារ​​​ឡើយ​​​។

លោក សក្តា បាន​​​លើក​​​ឡើ​​​ង​​​ទៀ​​ត​​​ថា ពាក្យ​​​សុំ​​​ប័ណ្ណ​​​ការងារ​​​គួរ​​​តែ​​​ដាក់​​​សុំ​​​ទៅ​​​កាន់​​​នាយក​​​ដ្ឋាន​​​ការ​​​ងារ​​​និង​​​អត្តពលកម្ម​​​​​​។

តែ​​​ទោះ​​​ជា​​​យា៉ង​​​ណា​​​ជន​​​បរទេស​​​ដែល​​​មាន​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ពួកគេ​​​មិន​​​បាន​​​ដឹង​​​ពី​​​ច្បាប់​​​ ដែល​​​ត្រូវ​​​បាន​​​អនុវត្ត​​​តាម​​​តែ​​​ទំនើង​​​ចិត្ត​​​នេះ​​​ទេ​​​​​​។

យោង​​​តាម​​​ការ​​​បញ្ចេញ​​​មតិ​​​តាម​​​គេ​​​ហទំព័រ​​​​​​កាសែត Commercial News ​​​ផ្សាយ​​​ជា​​​ភាសា​​​ចិន ជន​​​ជាតិ​​​ចិន​​​មួយ​​​ចំនួន​​​អាច​​ត្រូវ​​​ផាក​​​ពិន័យ​​​តាម​​​រយៈ​​​ការ​​​អនុវត្ត​​​ច្បាប់​​​នេះ​​​។

អ្នក​​​បញ្ចេញ​​​មតិ​​​ម្នាក់​​​ឈ្មោះ Duo La បាន​​​និយាយ​​​ថា បន្ទាប់​​​ពី​​​​​​សេចក្តី​​​ប្រកាស​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​សីហា ដែល​​​លោក សុខ ផល អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​ក្រសួង​​​មហាផ្ទៃ បាន​​​ជូន​​​ដំណឹង​​​ទៅ​​​​​​ស្ថាន​​​ទូត​​​ចិន​​​ ពី​​​ការ​​​អនុវត្ត​​​ច្បាប់​​​នេះ​​​ អ្នក​​​ស្រី​​​បាន​​​ទៅ​​​ក្រសួង​​​ការងារ​​​ដើម្បី​​​សុំ​​​ប័ណ្ណ​​​ការ​​​ងារ​​​។

នៅ​​​ទី​​​នោះ​​​អ្នក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ស្រី​​​ត្រូវ​​​បាន​​​គេ​​​ប្រាប់​​​ថា ត្រូវ​​​បង់​​​សង​​​ក្នុង​​​ទឹក​​​ប្រាក់​​​ចំនួន​​​១០០​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​នី​​​មួយ​​​ៗ​​​ដែល​​​អ្នក​​​ស្រី​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​កម្ពុជា ហើយ​​​អ្នក​​​ស្រី​​​ក៏​​​តម្រូង​​​ឲ្យ​​​បង់​​​ចំនួន​​​៤១០​​​ដុល្លារ សម្រាប់​​​ថ្លៃ​​​សេវា​​​រដ្ឋបាល និង​​​២៨០​​​ដុុល្លារ​​​​​​ទៀត​​​សម្រាប់​​​​​​មន្ត្រី​​​រត់​​​ការ​​​ឲ្យ​​​អ្នក​​​ស្រី។

ស្ថាន​​​ទូត​​​មួយ​​​ចំនួន​​​ក៏​​​មិន​​​ដឹង​​​ច្បាស់​​​អំពី​​​ច្បាប់​​​ និង​​​ការ​​​អនុវត្ត​​​ច្បាប់​​​នេះ​​​ដែរ ​​​នៅ​​​ពេល​​​​​​ត្រូវ​​​បាន​​​សួរ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​។ តែ​​​ទោះ​​​ជា​​​​​​យ៉ាង​​​ណា មាន​​​ស្ថាន​​​ទូត​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ធ្ងន់​​​ៗ​​​លើ​​​បញ្ហា​​​នេះ។

កាល​​​ពី​​​​​ថ្ងៃ​​​ច័ន្ទ​​​ ស្ថាន​​​ទូត​​​បារាំង​​​បាន​​​សរសេរ​​​លើ​​​គេហ​​​ទំព័រ​​​​​​ខ្លួន​​​ថា ​​​​​​​​​​​​​​​​​​ ជន​​​ជាតិ​​​បារាំង​​​គួរ​​​តែ​​​បង់​​​ត្រឹម​​​តែ​​​ប្រាក់​​​​​​សម្រាប់​​​ប័ណ្ណ​​​ការងារ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​បាន​​​ហើយ​​​ ខណៈ​​​នាយក​​​ដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​បាន​​​គូស​​​បញ្ជាក់​​​ថា ការ​​​អនុវត្ត​​​ច្បាប់​​​ គឺ​​​តម្រូវ​​​ឲ្យ​​​បង់​​​ប្រាក់​​​សម្រាប់​​​ឆ្នាំ​​​ដែល​​​មិន​​​បាន​​​បង់​​​ដែរ​​​នោះ។

ចំណែក​​​សារ​​​របស់​​​ស្ថាន​​​ទូត​​​កូរ៉េខាង​​​ត្បូង​​​វិញ គឺ​​​មិន​​​សូវ​​​ជា​​​បញ្ជាក់​​​ច្បាស់​​​លាស់​​​នោះ​​​ទេ​​​។

លោក Kim Han-soo​​​ ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា យើង​​​មិន​​​ដឹង​​​ច្បាស់​​​អំពី​​​ពល​​​រដ្ឋ​​​កូរ៉េ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ ថា​​​តើ​​​ពួកគេ​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​ត្រឹម​​​ត្រូវ​​​ឬ​​​ក៏​​​អត់​​​នោះ​​​។ យើង​​​នឹង​​​មិន​​​ចេញ​​​ការ​​​ព្រមាន​​​ទេ​​​ វា​​​ជា​​​បញ្ហា​​​របស់​​​អាជ្ញាធរ​​​កម្ពុជា​​​ មិន​​​មែន​​​ជា​​​បញ្ហា​​​របស់​​​ស្ថាន​​​ទូត​​​កូរ៉េ​​​ខាង​​​ត្បូង​​​ឡើយ​​​”៕ គឹម​​​ហឿន (រាយការណ៍​​​បន្ថែម​​​ដោយ Chan Cheuk Yin)​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស