28.5 C
Phnom Penh

កម្មករ​កាត​់ដេរ​នៅ​​​ខេត្ត​កំពង់​​​ឆ្នាំង​​​ធ្វើ​​​ការ​តវ៉ា​​​ប្រឆាំង​​​រោងចក្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ដែល​​​បាន​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​វិវាទ​​​ការ​​​ងារ​​​បាន​​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ម្សិល​​​​​​ម​​ិញ​​​ ខណៈ​​​ដែល​​​សហ​សេវិក​​​របស់​​​ខ្លួន​​​ប្រហែល​​​១.០០០​​​នាក់​​​ទៀត​​​បាន​​​ហែ​​​ក្បួន​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​។

កម្មករ​​​ប្រហែល​​​៦០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​ត្រូវ​​​បាន​​​រារាំង​​​រយៈ​​​ពេល​​​ខ្លី​​​ពី​​​សំណាក់​​​នគរ​​​បាល​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​តាម​​​ផ្លូវ​​​ដែល​​​ពួក​​​គាត់​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ដាក់​​​ញត្តិ​​​នៅ​​​ភូមិគ្រឹះ​​​​​នាយក​​​រដ្ឋ​​​មន្ត្រី ប៉ុន្តែ ទី​​​បំផុត​​​បាន​​​ទៅ​​​ដល់​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០ និង​​​៣០​​​នាទី​​​ព្រឹក​​​។

ក្រុម​​​នេះ​​​ដែល​​​មាន​​​ចំនួន​​​តិច​​​ជាង​​​កម្មករ​៥០០​​​នាក់​​​ដែល​​​សមាជិក​​​សហជីព​​រំពឹង​​​ថា នឹង​​​ចូល​​​រួម​​​​​នោះ​​​ តំណាង​​​ឲ្យ​​​កម្មករ​​​ប្រហែល​​​៣.០០០​​​នាក់​​​ដែល​​​ពី​​​ដំបូង​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​​​​រយៈ​​​ពេល​​​ជាង​​​១០​​​ថ្ងៃ​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​ដឹង​​​ថា ប្រាក់​​​ឧបត្ថម្ភ​​​ប្រចាំខែ​​​របស់​​​ខ្លួន​​​មិន​​​មាន​​​ក្នុង​​​​​បញ្ជី​​​បើក​​​ប្រាក់​​​ខែ​​​​​​កាល​​​ពី​​​ពេល​​​ថ្មីៗនេះ។

បើ​​​ទោះ​​​ណា​​​ជា​​​រោង​​​ចក្រ​​​បាន​​​សន្យា​​​ទូទាត់​​​​​​ប្រាក់​​​ដែល​​​បាត់​​​នោះ​​​នៅ​​​ខែ​​​ក្រោយ​​​ក៏​​​ដោយ​​​ ក៏​​​កម្មករ​​​ទាំង​​​នោះ​​​បាន​​​​​​ទាម​​​ទារ​​​១៧​​​ចំណុច​​​រួម​​​ទាំង​​​ការ​​​ដំឡើង​​​លុយ​​​ព្រីម ពី​​​១០​​​ដុល្លារ​​​ដល់​​​១៥ដុល្លារ​​​ផង​​​ដែរ​​​។

កម្មករ​​​ដែល​​​ធ្វើ​​​បាន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​រយៈ​​​ពេល​​​ប្រហែល​​​១ម៉ោង​​​នៅ​​​ខាង​​​ក្រៅ​​​ភូមិ​​​គ្រឹះ​​​លោក​​​ ហ៊ុន សែន មុន​​​ពេល​​​លោក គង់ ចំរើន​​​ លេខា​​​ម្នាក់​​​នៅ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មក​​​ទទួល​​​ញត្តិ​​​របស់​​​ពួក​​​គេ​​​។

លោក ចំរើន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​គណៈ​​​កម្មាធិការ​​​ដើម្បី​​​ដោះស្រាយ​​​ [ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ] ហើយ​​​ខ្ញុំ​​​នឹង​​​យក​​​ញត្តិ​​​ទៅ​​​ឲ្យ​​​ពួកគេ​​​”។

កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye  ១.០០០នាក់​​​ទៀត​​​ដែល​​​មិន​​​អាច​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ហែ​​​ក្បួន​​​ចេញ​​​ពី​​​រោងចក្រ​​​នៅ​​​ក្នុង​​​ស្រុក​​​សាមគ្គី​​​មាន​​​ជ័យ​​​ ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​តាម​​​បណ្ដោយ​​​ផ្លូ​​វ​​​ជាតិ​​​លេខ​​​៥​​​ជាមួយ​​​សហ​​​សេវិក​​​របស់​​​ខ្លួន​​​។

លោក អេង វណ្ណា តំណាង​​​សម្ព័ន្ធ​​​សហជីព​​​ស្មារតី​​​កម្មករ​​​ខ្មែរ​​​បាន​​​អំពាវ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​វិវាទ​​​នេះ។ លោក វណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ទទួល​​​ស្គាល់​​​ថា ថ្មី​​​ៗ​​​នេះ​​​យើង​​​មាន​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ ក្រុមប្រឹក្សា​​​អាជ្ញា​​​កណ្ដាល​​​ មន្ទីរ​​​ការងារ​​​ខេត្ត​​​ និង​​​​​​ក្រសួង​​​ការងារ​​​មក​​​ធ្វើ​​​ការ​​​ចរចា​​​ជាមួយ​​​តំណាង​​​នៃ​​​ភាគី​​​ទាំង​​​ពីរ​​​ ប៉ុន្តែ មិន​​​មាន​​​ដំណោះ​​​ស្រាយ​​​ឡើយ​​​”។

លោ​​​ក​​​ ង៉ែត រស្មី ប្រធាន​​​ផ្នែក​​​ធន​​​ធាន​​​មនុស្ស​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye បាន​​​មាន​ប្រសាសន៍​​​ថា  រោង​​​ចក្រ​​​នឹង​​​ពិនិត្យ​​​មើល​​​ការ​​​ទាម​​​ទារ​​របស់​​​កម្មករ​​​ ប៉ុន្តែ​​​ មិន​​​អាច​​​ដំឡើង​​​ប្រាក់​​​ខែ​​​បាន​​​ឡើយ​​​។

លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​បាន​​​ទា​​​ម​​​ទារ​​​កន្លែង​​​សម្រាប់​​​បរិភោគ​​​អាហារ​​​នៅ​​​ក្នុង​​​រោងចក្រ។ យើង​​​នឹង​​​ពិចារណា​​​សាង​​​សង់​​​កន្លែង​​​នេះ​​​នៅ​​​ពេល​​​ក្រោយ​​​ ពីព្រោះ​​​រោង​​​ចក្រ​​​របស់​​​​យើង​​​ទើប​​​តែ​​​បាន​​​សាង​​​សង់​​​ប៉ុណ្ណោះ”។​​​​​​​​​​​​​​​​​​​ លោក​​​បាន​​​បន្ថែម​​​ថា រោង​​​ចក្រ​​​ក៏​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​កម្មករ​​​មាន​​​ផ្ទៃ​​​ពោះ​​​​​​ឈប់​​​សម្រាក​​​មួយ​​ថ្ងៃ​​​អំឡុង​​​ពេល​​​ទៅ​​​ពិនិត្យ​​​ផ្ទៃពោះ​​​ផង​​​ដែរ​​​។ លោក​​​ រស្មី​​ បាន​​​មានប្រសាសន៍​​​ថា ការ​​​ចរចា​​​បន្ថែម​​​ទៀត​​​ ដែល​​​សម្រប​​​សម្រួល​​​ដោយ​​​មន្ត្រី​​​មក​​​ពី​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​នេះ”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស