32.5 C
Phnom Penh

តុលាការ​ចោទប្រកាន់​បងប្អូន​ប្រុស​បង្កើត​ពីរនាក់​ពីបទ​ធ្វើទារុណ​កម្ម​លើ​ក្មេងប្រុសលួច​ដូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្តព្រៃ​វែង​ កាលពី​ម្សិល​មិញ​​បាន​ចោទ​ប្រកាន់​បង​ប្អូន​ប្រុស​បង្កើត​ពីរ​នាក់​ពីបទ​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ចាប់​ក្បាលក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ជ្រមុជ​ក្នុង​ទឹក​ពាង​កណ្ដាល​វាល​មួយ បន្ទាប់​ពី​ក្មេង​ប្រុស​រូប​នេះ​បាន​លួច​ដូង​​បួន​ផ្លែពីដី​របស់​ពួកគេ​។

ហេង​ វណ្ណី អាយុ​២៨​ឆ្នាំ និង​ ហេង ដាណេ អាយុ​៣៤​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ពួក​គេ​​ស្ថិត​ក្នុង​ឃុំ​កំពង់ពពិល ស្រុក​ពារាំង ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ដឹង​ពី​បទ​ឧក្រិដ្ឋ​នេះ​តាម​រយៈ​​រូប​ថត​ ដែល​បុរស​ជា​ប្អូន​បាន​បង្ហោះ​នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ ដែល​បាន​ចែក​ចាយ​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។

រូបថត​មួយ​សន្លឹក​ដែល​ថត​ដោយ វណ្ណី បង្ហាញ​ថា ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ចង​ស្លាប​សេក ហើយ​ចាប់​ក្បាល​ជ្រមុជ​ក្នុង​ទឹក​។ រូប​ថត​មួយ​សន្លឹក​ទៀត​បង្ហាញ​ថា បុរស​ម្នាក់​បាន​ចាប់​បោច​សក់​ក្មេង​ប្រុស​នេះ​បន្ទាប់​ពី​ទាញ​វា​ចេញ​ពី​ពាង​ទឹក​ដ៏ធំមួយ។

លោក សឿន មុនីរ័ត្ន ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ពី​បងប្អូន​បង្កើត​នេះ​ថា ” ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ទារុណកម្ម​ និង​អំពើ​ឃោរឃៅ​តាម​មាត្រា ២១១ នៃ​ក្រម​ព្រហ្មទណ្ឌ”។

លោក មុនីរ័ត្ន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ប្រាកដ​ថា នៅ​ពេល​ណា​​ជន​សង្ស័យទាំង​ពីរ​នាក់​ ដែល​បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​នៅពន្ធនាគារ​ខេត្ត​នៅ​ឡើយ​នោះ នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ពេល​ក្រោយ​ឡើយ​។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​មាន​ពិរុទ្ធភាព​មែន​​ បង​ប្អូន​បង្កើត​នេះ​នឹង​ប្រឈម​ការ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំ​ទៅ​២០​ឆ្នាំ​។

លោក គង់ ទីលីន មេធាវី​តំណាង​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​រូប​នេះ​ បាន​មាន​​ប្រសាសន៍​ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់នេះ​គួរ​តែ​ទូរស័ព្ទ​ទៅ​នគរ​បាល​ ជា​ជាង​កាត់​ទោស​ដោយ​ខ្លួន​ឯង​។

លោក ទីលីន បាន​មាន​ប្រសាសន៍​ថា ” ជន​សង្ស័យ​​មិន​មាន​សិទ្ធិ​ដាក់​ទោស​ [កូនក្ដី​របស់​ខ្ញុំ]…ឡើយ​។ ពួកគេ​គួរ​រាយការណ៍អំពី​ [ករណីនេះ​] ទៅ​នគរ​បាល​”។ លោក​បាន​បន្ថែម​ថា ជន​រងគ្រោះ​បាន​លួច​ដូង​​ដោយ​សារ​តែ​ភាព​ក្រីក្រ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” កូនក្ដី​របស់​ខ្ញុំ​ក្រីក្រ ហើយ​វា​ស្រេក​ឃ្លាន​”។

លោក អ៊ុំ វន្ថា អធិ​ការ​នគរ​បាល​ស្រុក​បាន​អះអាង​ថា ក្រុម​គ្រួសារ​ក្មេង​ប្រុស​រូប​នេះ​ក្រីក្រ​ណាស់​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ឪពុក​​របស់​វា​លក់​ត្រី​ ហើយ​ជួន​កាល​​ប្រាក់​កម្រៃ​​ដែល​គាត់​រក​បាន​សម្រាប់​គឺបង់​ថ្លៃ​ជួល​សំណាញ់​​តែប៉ុណ្ណោះ​”។

លោក អ៊ូច សយ នាយប៉ុស្តិ៍​ឃុំ​បាន​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​រូប​នេះ​ទទួល​បាន​អំណោយ​ជាប្រាក់​ប្រហែល​១.០០០​ដុល្លារ ចាប់​តាំង​ពី​ហេតុការណ៍​បាន​កើត​ឡើង​៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស