39.4 C
Phnom Penh

កម្មករ​រាប់ពាន់នាក់​ធ្វើកូដកម្ម​ជុំវិញ​ប្រាក់​កម្រៃ​នៅ​រោងចក្រ​កាត់ដេរ​ក្នុង​ខេត្ត​កំពង់ចាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​ជាង​៥.០០០​នាក់​មកពី​រោងចក្រ​ស្បែកជើង​មួយ​ក្នុង​ខេត្ត​កំពង់ចាម បាន​ធ្វើ​កូដកម្ម​កាលពី​ម្សិលមិញ​ទាមទារ​ឲ្យ​អ្នក​គ្រប់​គ្រង​រោងចក្រ​ដំឡើង​ប្រាក់​កម្រៃ​របស់​ខ្លួន​។

ក្រុម​កម្មករ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ​ស្បែកជើង​ Juhui​ ដែល​កាន់​កាប់​ដោយ​ជនជាតិ​ចិនតៃវ៉ាន់ នៅ​ក្នុង​ស្រុក​ជើង​ព្រៃ​ ដោយ​រាំ​តាម​​បទ​ចម្រៀង​ពី​ឧគ្ឃោសនសព្ទ ខណៈ​ដែល​មន្ត្រី​យោធា និង​នគរ​បាល​ស្រុក​ប្រហែល​៦០​នាក់​បាន​ឈរមើល​។

ដោយ​ត្រូវ​បាន​ដឹក​នាំ​ដោយ​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យកម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខៅឌូ) ​កម្មករ​បាន​ទាម​ទារ​១៥​ចំណុច​ រួម​ទាំង​ប្រាក់​សម្រាប់​បាយ​ថ្ងៃ​ត្រង់​១ដុល្លារ​រាល់​ថ្ងៃ​​ ប្រាក់​សម្រាប់​កម្មករ​មាន​ជំនាញ និង​ប្រាក់​២.០០០រៀល​សម្រាប់​ការ​ធ្វើ​ការ​ថែមម៉ោង​ក្នុង​១ម៉ោង​។

ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ច្រាន​ចោល​ការ​ទាមទារ​១១​ចំណុច​ស្រដៀង​គ្នា​នេះ​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​​នៅ​ក្នុង​ការ​សម្រេច​មួយកាល​ពី​ថ្ងៃទី១២ ខែ​សីហា។

អ្នកស្រី មុំ សារ៉ែម តំណាង​ស៊ីខៅឌូ នៅ​រោងចក្រ​នេះ​បាន​និយាយ​ថា អ្នកស្រី​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​កាលពី​ថ្ងៃទី​២៥ ខែ​សីហា ពី​គោល​បំណង​របស់​កម្មករ​ក្នុង​ការ​ធ្វើ​កូដកម្ម​ បន្ទាប់ពីអ្នក​គ្រប់​គ្រង​រោងចក្រ​មិន​បាន​ចូល​មក​ពិភាក្សា​ជុំវិញ​ការ​ទាម​ទារ​ថ្មី​នោះ​។

អ្នកស្រី​បាន​និយាយ​ថា ” កម្មករ​នឹង​ឈប់​ធ្វើ​កូដកម្ម​ ប្រសិន​បើ​ការ​ទាម​ទារ​របស់​ខ្លួន​ទទួល​បាន​ការ​ឆ្លើយ​តបពីរោងចក្រ​”។

លោក តេង សម្បត្តិ ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​ស្បែក​ជើង​ Juhui បាន​មាន​ប្រសាសន៍​ថា អ្នក​គ្រប់​គ្រង​រោងចក្រ​បាន​ជួប​ប្រជុំ​កាលពី​យប់​មិញ ដើម្បី​ពិភាក្សា​អំពី​កូដកម្ម​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ទទួល​បាន​សំណើ​ពី​សហជីព ហើយ​បច្ចុប្បន្ន​នេះ​យើង​កំពុង​ពិចារណា​សំណើ​នោះ​”។ មន្ទីរ​ការ​ងារ​ខេត្ត​គ្រោង​សម្រប​សម្រួល​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​នៅ​ថ្ងៃ​នេះ​។

នៅ​ក្នុង​ការ​តវ៉ា​ដាច់​ដោយ​ឡែក​មួយ​ទៀត​កាលពី​ម្សិលមិញ ដែល​​ដឹកនាំ​ដោយ​ស៊ីខៅឌូដែរ​នោះ កម្មករ​ប្រហែល​៣០០​នាក់​មកពី​រោងចក្រ​កាត់​ដេរ​ XinFang ដែល​កាន់​​កាប់​ដោយ​ជនជាតិ​ចិនតៃវ៉ាន់​​បាន​ហែក្បួន​ទៅ​ក្រសួង​ការ​ងារ​ទាម​ទារ​ឲ្យអាជ្ញាធរ​ធ្វើ​អន្តរាគមន៍​ក្នុង​វិវាទ​របស់​ខ្លួន​។

ក្រុម​នេះ​បាន​ធ្វើ​ដំណើរ​ប្រហែល​១០គីឡូម៉ែត្រ​ពី​រោងចក្រ​​ដែល​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​ ទៅ​ក្រសួង​នេះ​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធរុស្សី ជា​ទី​ដែល​តំណាង​កម្មករ​១៥​នាក់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ខាង​ក្នុង​ដើម្បី​ជួប​​ប្រជុំ​ជាមួយ​មន្ត្រី​ទាំង​នោះ។ ទោះ​ជាយ៉ាង​ណា មិន​មាន​ដំណោះ​ស្រាយ​ទេ។

កម្មករ​រោងចក្រ​ XinFang បាន​ធ្វើ​កូដកម្ម​​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា​មកជុំវិញ​ការ​ទាម​​ទារ​១៩​ចំណុច រួម​មាន​​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​បាយថ្ងៃ​ត្រង់ ប្រាក់​កម្រៃ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ទើប​សម្រាល​កូន​ ប្រាក់​ឧបត្ថម្ភ​៣ដុល្លារ​សម្រាប់​ការ​ធ្វើ​ការ​នៅ​ថ្ងៃ​បុណ្យ និង​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ស្នាក់​នៅ​១៥​​ដុល្លារ​ក្នុង​មួយ​ខែ។

​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​ដំណោះ​ស្រាយ​ដំបូង​របស់​ខ្លួន កម្មករ​ក៏​បាន​ចាប់​ផ្ដើម​អំពាវ​នាវ​ឲ្យ​យកអ្នកស្រី សុត ចន្ធូ និង​ ឆេន​ សុវណ្ណា ជា​តំណាង​ស៊ីខៅឌូ​នៅក្នុង​រោងចក្រនេះដែល​ជា​សកម្មជន​សហជីព​ចូល​ធ្វើការ​វិញ បន្ទាប់ពី​អ្នក​ទាំង​​ពីរ​ដែល​បាន​បង្កើត​សាខា​សហជីព​ត្រូវ​បាន​បណ្ដេញ​ចេញមក​។ រោងចក្រ​អះអាង​ថា ស្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​បញ្ចប់​កិច្ច​សន្យា​របស់​ខ្លួន​ហើយ។

លោក វង់ ថាវិន ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ XinFang បាន​មាន​ប្រសាសន៍​ថា រោងចក្រ​មិន​អាច​ឆ្លើយ​តប​​តាម​ការ​ទាម​ទារ​របស់​កម្មករ​បានទេរហូត​ដល់​ថ្ងៃ​ទី​១២ ខែ​កញ្ញា នៅ​ពេល​ប្រធាន​ក្រុម​ហ៊ុន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គ្មាន​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ​។ យើង​រង់ចាំ​ប្រធាន​មក​ដល់​សិន”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស