32.5 C
Phnom Penh

ព្រះ​សង្ឃ​បណ្តេញ​សមាជិក​សភា​គណបក្ស​ប្រជាជន​ចេញពី​វត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​សាក្សី​បាន​ឲ្យ​ដឹង​ថា សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ មកពី​ខេត្ត​ព្រះវិហារ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខឹង​ខ្លាំង ដោយសារតែ​មិន​បាន​បង្ហាញ​ការ​យល់ស្រប​ដល់​ជម្លោះ​ដីធ្លី​របស់​ពួកគាត់។​​​

កាលពី​ម្សិលមិញ លោក សួស យ៉ារ៉ា សមាជិក​សភា​ម្នាក់​មកពី​ខេត្ត​ព្រះវិហារ បាន​ធ្វើ​ដំណើរ​ទៅ​វត្តសាមគ្គី​រង្សី ដើម្បី​ជួប​ជាមួយ​ប្រជាពល​រដ្ឋ​១៥៦​គ្រួសារ​មកពី​ខេត្ត​នេះ ដែល​បាន​និង​កំពុង​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ដើម្បី​អំពាវនាវ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​របស់​ពួកគាត់​អំពី​ដី​៥៧០​ហិកតា។

ព្រះតេជគុណថាច់ ហាសំអាង ចៅអធិការ​រង វត្តសាមគ្គីរង្សី បាន​មាន​សង្ឃដីកា​ថា ​ក្រៅតែ​ពី​មិន​បាន​ជួយ លោក យ៉ារ៉ា បាន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខឹង​ទៅ​វិញ។

ព្រះតេជគុណ ថាច់ ហាសំអាង បាន​មាន​សង្ឃដីកា​ថា “ហេតុអ្វី​​បាន​ជា​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​តវ៉ា​ទាមទារ​ដី​របស់​ពួកគាត់”។

ព្រះតេជគុណ មាន​សង្ឃដីកា​ថា “គាត់​បាន​ព្យាយាម​ឃាត់​យើង​មិន​ឲ្យ​មាន​សង្ឃដីកា…​គាត់​មក​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខឹង។ គាត់​មិន​បាន​មក​រក​ដំណោះស្រាយ​ឲ្យ​អ្នក​ភូមិ​ទេ ប៉ុន្តែ​គាត់​មក​គំរាម​និង​បំភិត​បំភ័យ​ទៅវិញ”។

វីដេអូ​រយៈ​​​ពេល​៦​នាទី​ដែល​បង្ហោះ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​ការ​ឆ្លងឆ្លើយ​បញ្ចេញ​កំហឹង​ដាក់​គ្នា​រវាង​លោក យ៉ារ៉ា ព្រះសង្ឃ និង​អ្នកភូមិ។

បន្ទាប់ពី​ការ​ពិភាក្សា​គ្នា​ប្រហែល​២​នាទី ព្រះសង្ឃ​ចាប់​ផ្តើម​ស្រែក និង​ចង្អុល​លោក យ៉ារ៉ា។

លោក យ៉ារ៉ា បាន​តប​វិញ​ថា “ប្រសិនបើ​ព្រះតេជគុណ​នៅតែ​បង្អាក់​រំខាន​ខ្ញុំ តើ​ខ្ញុំ​និយាយ​យ៉ាង​ម៉េច​កើត?”។

បន្ទាប់មក សមាជិក​សភា​រូបនេះ​បាន​ដើរ​សំដៅ​ទៅ​រក​ច្រក​​ចេញ​ពី​វត្ត ក្នុង​ពេល​ដែល​ព្រះសង្ឃ​ជាច្រើន​អង្គ​បន្ត​ស្រែក​ដាក់។ នៅ​ទី​បញ្ចប់ លោក​បាន​រត់​ចេញ​ទាំងបាត​ជើងស​ព្រាត​ពី​អគារ​ភ្លាម​មួយ​រំពេច ខណៈ​ដែល​ព្រះសង្ឃ​និង​អ្នក​ភូមិ​មួយ​ចំនួន​តូច​ដេញ​តាម​ពី​ក្រោយ។

ប៉ុន្តែ ព្រះតេជគុណ ថាច់ ហាសំអាង បាន​បដិសេធថា ព្រះ​សង្ឃ​មិន​បាន​ដេញ​លោក យ៉ារ៉ា ទេ។

ព្រះតេជគុណ បានមាន​សង្ឃដីកា​ថា “យើង​មិនបាន​ដេញ​គាត់​ចេញ ឬ ព្យាយាម​វាយ​គាត់​ទេ ប៉ុន្តែ គាត់​ខ្លាច ហើយ​បាន​រត់​ចេញ​ដោយ​ខ្លួន​ឯង”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស