38.8 C
Phnom Penh

ការ​ពិភាក្សា​​ស្ដីពី​ច្បាប់​គ.ជ.ប.​ថ្មី​​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ចរចារបស់​គណបក្ស​ប្រជាជន​​កម្ពុជា​​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ថា ខ្លួន​បាន​ពិភាក្សា​គ្នា​លើ​សេចក្តី​លម្អិត​មួយ​ចំនួន​នៃ​ច្បាប់ថ្មី​ដែលគ្រប់គ្រង​គណៈ​កម្មាធិការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.) បន្ទាប់ពី​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃច័ន្ទ​ ហើយ​ពួកគេ​រំពឹង​ថា នឹង​បញ្ចប់​សេចក្តីព្រាង​ច្បាប់​នេះ​ឲ្យ​រួច​រាល់​​នៅ​ដំណាច់ខែនេះ។

គណបក្ស​ប្រឆាំង​បាន​រិះគន់ គ.ជ.ប. ជាយូរ​មក​ហើយ​ថា បាន​ជួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅក្នុង​ការ​បោះ​ឆ្នោត​។ ​ការ​ទាម​ទារ​ឲ្យ​រៀប​ចំ គ.ជ.ប. ឡើង​វិញ ​គឺ​ជា​ការ​ទាមទារ​មួយ​ក្នុង​ចំណោម​ការ​ទាម​ទារ​សំខាន់ៗ​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់ព្រម​ដោះ​ស្រាយ​ដើម្បី​បញ្ចប់​ភាព​ជាប់គាំង​ផ្នែក​នយោបាយ​រយៈពេល​ជិត​មួយ​ឆ្នាំ បន្ទាប់ពី​គណបក្ស​កាន់អំណាច​ទទួលបាន​ជ័យ​ជម្នះ​ដ៏ចម្រូង​ចម្រាស​នៅក្នុង​ការ​បោះ​ឆ្នោត​ជាតិកាលពី​ឆ្នាំ​មុន។

អ្នក​ចរចា​របស់​គណបក្សប្រជាជន​កម្ពុជា​ដែលទទួលបន្ទុក​ចរចា​ស្ដីពី​ច្បាប់​ គ.ជ.ប.ថ្មី​រួមមាន​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

លោក សក់ សេដ្ឋា បានមាន​ប្រសាសន៍ថា “​មក​ទល់​ពេល​នេះ​ គេ​​ពិភាក្សា​បាន​ពីរ​ជំពូក​រួចហើយ​ ហើយ​យើង​នៅមាន​បញ្ហាមួយ​ចំនួន​ទៀត​ដែល​ចាំបាច់​ត្រូវ​បញ្ជាក់​ ។ បញ្ហាទាំងនោះ​មាន​ដូច​ជា​​ ការ​បង្កើត​​គណៈកម្មការ​មណ្ឌល​បោះ​ឆ្នោត​ ច្បាប់​និង​ការ​ទទួល​ខុសត្រូវ​របស់​គណៈកម្មការរៀប​ចំកា​​បោះឆ្នោត​ខេត្ត​ និង​គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ព្រមទាំង​ការិយាល័យ​បោះ​ឆ្នោត​ផងដែរ”។

លោក គួយ ប៊ុនរឿន អ្នក​ចរចា​ម្នាក់​ក្នុង​ចំណោម​អ្នក​ចរចា​សំខាន់ៗ​របស់គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា កាលពី​ថ្ងៃច័ន្ទ​ គណបក្ស​ទាំង​ពីរ​បាន​យល់​ព្រម​ថា គណៈ​កម្មការ​ថ្នាក់​ក្រោម​ជាតិ​គួរ​តែមាន​សមាជិក​មក​ពីគណបក្ស​នីមួយៗ​ចន្លោះ​ពី​ប្រាំ​នាក់ទៅ​ប្រាំពីរ​នាក់​ ដោយ​អាស្រ័យ​លើ​ទំហំ​នៃ​ខេត្ត​ ឃុំ សង្កាត់ ​ឬមណ្ឌល​បោះ​ឆ្នោត​ដែល​ខ្លួន​គ្រប់​គ្រង។

សព្វ​ថ្ងៃ​គណៈកម្មការ​ទាំង​នេះ​​មាន​​សមាជិក​ចំនួន​​ប្រាំពីរ​រូប​​ដោយ​មិន​គិត​ពី​ទំហំ​នៃ​តំបន់​ដែល​ខ្លួនគ្រប់​គ្រង​។

លោក ប៊ុនរឿន បាន​លើក​ឡើង​ទៀត​ថា ​ប្រធានបទ​សម្រាប់​ការ​ចរចា​នៅ​ពេល​ក្រោយ​ស្ដីពី​ច្បាប់​នេះ​នឹង​រួម​បញ្ចូល​សេចក្ដី​លម្អិត​ស្ដីពី​ការ​ផ្ដល់​ឲ្យ​ គ.ជ.ប. ដែល​ត្រូវបាន​ធ្វើ​កំណែ​ទម្រង់​រួច​​នូវ​ថវិកា​ស្វយ័ត​​ ដែលរួម​មាន​សិទ្ធិ​រៃអង្គាស​​ប្រាក់​ដោយ​ខ្លួនឯង និង​មាន​ស្វយ័តភាព​ចំពោះ​​ថា តើ​ត្រូវ​ចំណាយ​មូលនិធិ​នោះ​តាមរបៀប​ណា​។

លោក​សង្ឃឹម​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​​ត្រូវ​បញ្ចប់​រួច​រាល់​នៅ​ដំណាច់​ខែ​នេះ ហេតុ​ដូច្នេះ​គណបក្ស​ទាំង​ពីរ​អាច​បន្ត​ការ​ងារ​ធ្វើ​កំណែទម្រង់​ច្បាប់​បោះ​ឆ្នោត​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា​បន្ត​ទៀត​។

លោក សេដ្ឋា បាន​លើក​ឡើង​បន្ថែម​ទៀត​ថា កិច្ច​​ប្រជុំ​លើក​ក្រោយ​ស្ដីពី​ច្បាប់​ គ.ជ.ប.ថ្មី​នេះ​ គឺ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។ លោក​​ក៏សង្ឃឹម​ផង​ដែរ​ថា នឹង​អាច​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​នេះ​រួច​រាល់​នៅ​ដំណាច់​ខែ​នេះ ប៉ុន្តែ​បាន​លើក​ឡើង​ថា ការ​ងារ​នេះ​អាច​អូស​បន្លាយ​ដល់​ខែ​តុលា។

ទោះ​ជាយ៉ាង​ណា ច្បាប់​ថ្មី​នេះ​នឹង​មិន​ដោះ​ស្រាយ​អំពី​បញ្ហា​ថា តើ​នរណា​នឹង​ក្លាយ​ជា​សមាជិក​ទាំង​៩​របស់​ គ.ជ.ប​.នោះ​ទេ​។ គណបក្ស​នីមួយ​ៗ​ត្រូវ​តែ​​ជ្រើស​រើស​សមាជិក​ចំនួន​បួន​រូប​របស់​ខ្លួន។ ប៉ុន្តែ​បន្ទាប់​ពី​ពួកគេ​បាន​ឯកភាព​គ្នា​ជ្រើស​រើស​​លោកស្រី ពុង ឈីវកេក អ្នកតស៊ូមតិ​សម្រាប់​សិទ្ធិមនុស្ស​ដ៏លេច​ធ្លោ​​ឲ្យធ្វើ​ជា​សមាជិក​ទី​៩​​​កាលពី​ខែ​កក្កដា​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រាន​ចោល​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ចំនួន​បី​ ដែល​លោកស្រី​បាន​ដាក់​ចេញ​សម្រាប់​ការ​ទទួល​យក​តំណែង​របស់​ខ្លួន​។ លក្ខខណ្ឌ​ដែល​ត្រូវ​បាន​ច្រាន​ចោល​នោះ​គឺថា សមាជិក​ គ.ជ.ប.​ទាំង​អស់​ត្រូវ​មាន​អភ័យ​ឯកសិទ្ធិ​ស្រប​ច្បាប់​។

លោក ប៊ុនរឿន បាន​មាន​ប្រសាសន៍ទៀត​ថា គណបក្ស​សង្គ្រោះ​​ជាតិ​នៅ​តែ​សង្ឃឹម​ថា នឹង​ឃើញ​លោកស្រី​ ពុង ឈីវកេក ​​ក្លាយ​ជា​សមាជិក​ទី៩​នេះ​។

លោក សេដ្ឋា បាន​លើក​ឡើង​ថា គណបក្ស​ទាំង​ពីរ​​នឹង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​បន្ទាប់​ពី​ការ​ចរចា​ស្ដីពី​ច្បាប់​​ គ.ជ.ប.ថ្មី​​ត្រូវ​បាន​បញ្ចប់​៕ ស៊ុយឈាង​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស