28.5 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​​គណៈកម្មការ​លទ្ធកម្ម​រាជ​ធានី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​​ ដើម្បី​ជា​ការ​តវ៉ា ​បន្ទាប់ពី​​សមភាគី​មក​ពី​គណបក្ស​ប្រជា​ជនកម្ពុជា​មិន​ព្រម​ពន្យារពេល​បោះ​ឆ្នោត​​​ជ្រើស​រើស​បេក្ខភាព​ជំនួស​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក​៧​រូប​នៃ​គណៈកម្មការ​លទ្ធកម្ម​រាជ​ធានី​។

ក្រុម​​ប្រឹក្សា​រាជ​ធានី​ ដែល​មាន​សមាជិក​២១​រូប​ ត្រូវ​បោះ​ឆ្នោត​​ជ្រើស​រើស​​បុគ្គល​៣រូប​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នេះ​​ឲ្យ​ចូល​កាន់​មុខតំណែង​នៅ​ក្នុង​គណៈកម្មការ​លទ្ធកម្ម​ ហើយកាល​ពី​ម្សិលមិញ​​ត្រូវ​ដល់​ពេល​បោះ​ឆ្នោត​បន្ត​ដើម្បី​ជ្រើសរើស​​​បេក្ខជន​១រូប។ ប៉ុន្តែ​នៅ​ពេល​ក្រុម​ប្រឹក្សា​រាជ​ធានី​ចំនួន​៦​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​មើល​ឃើញ​ថា​ បេក្ខជន​រូប​នោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពួក​គាត់​ក៏​បាន​ទទូច​ឲ្យ​ពន្យារ​ពេល​បោះ​ឆ្នោត​ ដោយ​សង្ឃឹម​ថា នឹង​មាន​ឱកាស​ដាក់​បេក្ខភាព​របស់​គណបក្ស​សង្គ្រោះជាតិ​ជំនួស​វិញ។

លោក​ ម៉ន ផល្លា មក​ពី​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា ” យើង​ចង់​ឲ្យ​មាន​សមាជិក​១រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​គណៈកម្មការ​នេះ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​សាធារណជន​”។ លោក​បាន​លើក​ឡើង​ទៀត​ថា ប៉ុន្តែ​នៅ​ពេល​ក្រុម​ប្រឹក្សា​មិន​ព្រម​ពន្យារ​ពេល​បោះ​ឆ្នោត​ ” យើង​ក៏ដើរ​ចេញតែ​ម្ដង​”។

លោក គឹម សុភា សមាជិក​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ក្រុម​ប្រឹក្សា​ទទួល​បាន​ព័ត៌មាន​លម្អិត​តិច​តួច​ណាស់​អំពី​អំណាច​​គ្រប់​គ្រង​របស់​រាជធានី ហើយ​ចង់​ដាក់​បេក្ខភាព​១រូប​របស់​ខ្លួន​នៅ​ក្នុង​គណៈកម្មការ​លទ្ធកម្ម ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សាធារណជន​ទទួល​បាន​ដំណោះ​ស្រាយ​ល្អ​បំផុត​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” នៅ​ពេល​យើង​ប្រជុំ​ក្រុម​ប្រឹក្សា​រាជ​ធានី​ យើង​តែង​តែ​ទទួល​បាន​របាយការណ៍​ចុង​ក្រោយ មិន​ដែល​ទទួល​បាន​របាយការណ៍​លម្អិត​ទេ​។ ប៉ុន្តែ​នៅ​ពេល​យើង​ចូល​រួម​នៅ​ក្នុង​គណៈកម្មការ​នេះ​ យើង​នឹង​ទទួល​បាន​របាយការណ៍​លម្អិត​”។

ទោះ​បីជា​មាន​ការ​ដើរ​ចេញ​ពី​ខាង​គណបក្ស​សង្គ្រោះជាតិ​ក្ដី ក៏​ការ​បោះ​ឆ្នោ​តនៅ​តែ​បន្ត​ដំណើរ​ការ​ ហើយ​ក្រុម​ប្រឹក្សា​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក ជួប ខុន សមាជិក​​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។

លោក សុខ សេក សមាជិក​ក្រុម​ប្រឹក្សា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា “ទោះ​បីជាយើង​បាន​ធ្វើ​ពហិការ​កិច្ច​ប្រជុំក្ដី​​ ក៏ពួកគេនៅ​តែ​បន្តដំណើរ​ការ​ដដែល​ ពីព្រោះ​ពួកគេ​មាន​សំឡេង​ភាគច្រើន​”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​និយាយ​ការ​ពារ​​ការ​បោះ​ឆ្នោត​នេះ​។​លោក​បាន​មាន​ប្រសាសន៍ថា ” ការ​ធ្វើ​ពហិការ​នេះ​មិន​ត្រឹម​ត្រូវ​ទេ ពីព្រោះ​យោង​តាម​សារាចរ​របស់​អន្តរក្រសួង​ សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ធ្វើ​សេចក្ដី​​សម្រេច​ដោយ​សំឡេង​ឆ្នោត​ភាគច្រើន​​៥០ភាគរយ​បូក​១ ហើយពួកគាត់​បាន​ព្រមព្រៀង​ជ្រើស​រើស​បុគ្គល​មួយ​រូប គឺ​ឯកឧត្តម​ ជួប ខុន ដូច្នេះ​យើង​មិន​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្ទៃ​ក្នុង​​បាន​ឡើយ​។ គ្មាន​គោលការណ៍​ណា​ដែល​ចែង​ថា សមាជិក​២​រូប​​ត្រូវ​តែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​១រូប​មកពី​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ​”៕ សុខុម​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស