38.8 C
Phnom Penh

ក្រសួង​មហាផ្ទៃ​លាត​​​ត្រដាង​​​ទំហំ​​​ៃន​​​ការ​​​ឆ្មក់​​​ប្រមូល​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ឯកសារ​និង​ត្រា​រដ្ឋាភិបាល​ក្លែងក្លាយ​ជា​ច្រើន ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​ផ្ទះមួយ​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ពង្រីក​ការ​ស៊ើប​អង្កេត​លើសពី​មនុស្ស​៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រួច​​​ទៅ​​​ហើយ​​​នោះ​​​។

នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​សុក្រ​បាន​ឆ្មក់​ចូល​ផ្ទះ​មួយ​នៅ​ខណ្ឌ​ដូន​ពេញ របស់​ឈ្មោះ នៅ សាខន អាយុ​៥២​ឆ្នាំ ដែល​នៅ​ផ្ទះ​នោះ គេ​បាន​រកឃើញ​ត្រា​ក្លែងក្លាយ ដែលដូច​ត្រា​របស់​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ព្រមទាំង​ត្រា​ផ្ទាល់​ខ្លួន​របស់​លោក កែប ជុតិមា សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​របស់​លោក ម៉ៅ ចាន់ដារ៉ា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ។

លោក​ឧត្តម​សេនីយ៍ទោ អិុន បូរ៉ា ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​មាន​ប្រសាសន៍​ថា លោក សាខន ក៏ដូចជា​លោក សោម ឧត្តមរស្មី អាយុ​២៤​ឆ្នាំ និង​លោក ញ៉េប វណ្ណា អាយុ៥១​ឆ្នាំ នឹង​ឡើង​សាលា​ដំបូង​រាជធានីនៅ​ថ្ងៃ​អាទិត្យ។

លោក​បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ យើង​កំពុង​ស៊ើបអង្កេត​មនុស្ស​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ក្រៅពី​មនុស្ស​ទាំង៣​នាក់​នេះ ដូច្នេះ​យើង​មិន​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​បាន​ឡើយ”។

អគ្គ​​​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហោះ​ព័ត៌មាន​លម្អិត​​​​នៃ​ការ​ស៊ើប​អង្កេត​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ព័ត៌មាន​ទាំង​នោះ​បាន​ស្រង់​សម្តី​លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ ដែល​បាន​មាន​ប្រសាសន៍​ថា ការស៊ើប​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ឯកសារ​ក្លែងក្លាយ​មួយ​មាន​ហត្ថលេខា ត្រា ហើយនិង​អាជ្ញាប័ណ្ណ​របស់​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​បាន​គេ​រក​ឃើញ។

លោក ម៉ក់ ជីតូ មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​សុក្រ។ ទោះជា​យ៉ាង​នេះ​ក្តី លោក អ៊ាវ រិទ្ធ នាយការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ជាប់​ពាក់ព័ន្ធ។

លោក អ៊ាវ រិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រសួង​​​ពាណិជ្ជកម្ម​​​ជា​​​ដើម​​​បណ្តឹង​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​។ យើង​​​កំពុង​​​សើុប​​​អង្កេត​​​មនុស្ស​​​ជា​​​ច្រើន​​​នាក់​​​ទៀត​​​ ដែល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ធ្វើ​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​”។

លោក ស៊ុន ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រវល់​​​ណាស់​​​មិន​​​អាច​​​អធិប្បាយ​​​អំពី​​​ករណី​​​នេះ​​​បាន​​​ទេ​​​។

ការ​​​រក​​​ឃើញ​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​របស់​​​ក្រសួង​​​ពាណិជ្ជកម្ម​​​នេះ​​​បាន​​​នាំ​​​ឲ្យ​​​នគរ​​​បាល​​​ទៅ​​​ដល់​​​ផ្ទះ​​​លោក សាខន ដែល​​​នៅ​​​ផ្ទះ​​​នោះ​​​គេ​​​បាន​​​រក​​​ឃើញ​​​ត្រា​​​ប្រហែល​​​១.០៥០ ពុម្ព​​​ដែក​​​ចំនួន​​​៣៧ និង​​​ពុម្ព​​​ស្ពាន់​​​ចំនួន​​​ពីរ​​​ ហើយ​​​នឹង​​​ឧបករណ៍​​​ដែល​​​គេ​​​ប្រើ​​​ដើម្បី​​​ផលិត​​​​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​ទាំង​​​នេះ​​​។

ត្រា​​​ក្លែង​​​ក្លាយ​​​រួម​​​មាន​​​ត្រា​​​របស់​​​ក្រសួង​​​​​​ពាណិជ្ជកម្ម​​​ ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​ ក្រសួង​​​ការបរទេស ក្រសួង​​​យុត្តិធម៌ ក្រសួង​​​អប់រំ ក្រសួង​​​កសិកម្ម​​​ និង​​​ត្រា​​​របស់​​​ធនាគារ​​​ជាតិ​​​ផង​​​ដែរ​​​។

ការ​​​ចាប់​​​បាន​​​នេះ​​​ ក៏​​​រួម​​​មាន​​​ទាំង​​​ត្រា​​​ក្លែង​​​ក្លាយ​​​​​​​​​​​​​​​របស់​​​នគរ​​​បាល​​​ជាតិ​​​ ស្នង​​​ការដ្ឋាន​​​នគរ​​​បាល​​​ប្រាំ​​​ខេត្ត​​​ អង្គភាព​​​អង្គរក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​ និង​​​របស់​​​ស្ថាប័ន​​​​​​ជាច្រើន​​​ផ្សេង​​​​​​ទៀត៕មានិត​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស