32.5 C
Phnom Penh

ក្រុមហ៊ុន OCIC វាយកម្ទេច​ខ្ទម​ដែលនៅ​សេស​សល់​ចុងក្រោយ​នៅ​ខណ្ឌជ្រោយ​ចង្វា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខ្ទម​​​ចំនួន​​​១៦​​​ចុង​​​ក្រោយ​​​ដែល​​​នៅ​​​ជាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​ដ៏​​​ធំ​​​មួយ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ត្រូវ​​​វាយកម្ទេចចោល​​​​​ដោយ​​​ក្រុមហ៊ុន​​​វិនិយោគ​​​ទុន​​​ អាណិក​​​ជន​​​កម្ពុជា (OCIC) កាល​​​ពី​​​ម្សិលមិញ។

អ្នក​​​ភូមិ​​​ប្រាំ​​​ពីរ​​​គ្រួសារ​​​ នៅ​​​​​​ភូមិ​​​ដើម​​​គរ​​​២​​​ កន្លែង​​​ដែល​​​ត្រូវ​​​បាន​​​បូម​​​ខ្សាច់​​ចាក់ពេញ​​​យ៉ាង​​​ឆាប់​​​រហ័ស​​​ដោយ​​​ក្រុមហ៊ុន OCIC នោះបានទទួលយក​​​សំណង​​​ចំនួន​​​៥០០​​​ដុល្លារ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ មុនពេល​​​ខ្ទម​​​របស់​​​ពួក​​​គាត់​​​ត្រូវបាន​វាយកម្ទេច។​ អ្នកភូមិប្រាំ​គ្រួសារទៀត​យល់ព្រម​ទទួល​សំណង​កាលពីថ្ងៃអាទិត្យ​ ហើយ​អ្នកភូមិ​បួន​គ្រួសារ​ចុងក្រោយ​ដែលក្រាញមិន​ព្រម​ចាកចេញបាន​ទទួលយក​សំណងកាលពីព្រឹក​ម្សិលមិញមុនពេល​ខ្ទម​របស់​ពួកគាត់​ត្រូវបាន​វាយ​កម្ទេច។

លោក យ៉ាន យឿន អាយុ​​​៤៨​​​ឆ្នាំ​​​ ជា​​​អតីតយោធិន​​​ពិការ​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​​​​ខ្ញុំ​​​មិន​​​ទទួល​​​យក​​​ [សំណង​​​ជាប្រាក់ចំនួន​​​៥០០​​​ដុល្លារ​​​] ទេ​​​នោះ​​​ ពួក​​​គេ​​​នឹង​​​​​​បន្ត​​​បូម​​​ខ្សាច់​​​ដដែល​​​ ហើយ​​​​​​ពេល​​​នោះ​​​យើង​​​នឹង​​​ត្រូវកប់​​​ដោយ​​​ដី​​​ខ្សាច់​​ជា​មិន​ខាន​ ប៉ុន្តែ ខ្ញុំ​​​បាន​​​ទទួល​​​យក​​​សំណង​​​នោះ​​​ ពីព្រោះ​​​ខ្ញុំ​​​ត្រូវ​​​ការ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​របស់​​​ខ្ញុំ​​​រស់​​​​បន្ត​ទៀត​នៅ​​​ពេល​​​អនាគត​​​”។

លោក​​​ ខន សុគន្ធ អាយុ​​​៥៣​​​ឆ្នាំ​​​ ជា​​​អតីត​​​យោធិនដែរ​​​​​​បាន​​​និយាយ​​​ថា លោក​​​មាន​​​បំណង​​​ក្រាញ​​​មិន​​​ចង់​​​ចាក​​​ចេញ​​​ទេ​​​ ពីព្រោះ​​​លោក​​​ពិការ​​​ភ្នែក​​​។

លោក​​​​​​បាន​​​និយាយ​​​មុន​​​ពេល​​​ខ្ទម​​​របស់​​​គាត់​​​ត្រូវ​​​បានវាយកម្ទេចថា “ខ្ញុំ​​​អស់​​​សង្ឃឹម​​​ខ្លាំង​​​ណាស់​​​។ ក្នុង​​​នាម​​​ជា​​​ជន​​​ពិការ​​​ភ្នែក​​​ វា​​​ជាការ​​​​ប្រសើរ​​​ណាស់​​​សម្រាប់​​​ខ្ញុំ​​​រស់​​​នៅ​​​ទី​​​នេះ ដូច្នេះ​​​តើ​​​ឲ្យ​​​ខ្ញុំ​​​រក​​​កន្លែង​​​​​​រស់​​នៅថ្មី​ដោយ​មិន​បាច់​ជួល​​​ដូច​​​ម្ដេច​​​ទៅ?”។

លោក សុគន្ធ​ បាន​​​និយាយ​​​ថា ទោះ​ជាយ៉ាង​ណា ទី​​​បំផុត​​​​​លោក​​​ និងអ្នកភូមិ​​​បួន​គ្រួសារ​​​​​​ផ្សេង​​​ទៀត​​​ ទទួលបាន​​​​ដី​​​មួយ​​​ក្បាល​​​តូច​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ដង្កោ​​ តែ​ពួក​​​គាត់​​​ត្រូវ​​​​​​​ជួល​​​ដី​​​នោះ​​​ក្នុង​តម្លៃ​​​១០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​។

នៅ​​​កន្លែង​​​ដែល​​​ខ្ទម​​​ទាំងនោះ​​​ត្រូវ​​​បាន​​​វាយកម្ទេចនោះ ​​​ ប្រព័ន្ធ​​​ទឹក​​​ដែល​​​ទើប​​​​​​ជីក​​​ថ្មីៗ​ត្រូវបាន​ជីកកាត់​​​​​​កន្លែង​​​នោះ​​​កាល​​​ពី​​​ម្សិលមិញ។ បំណែក​​​ខ្ទម​​​រាយ​​​បា៉យ​​​នៅ​​​លើ​​​ដី​​​ជាប់​​​នឹង​របស់​សេសសល់​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​គេ​​​ទុក​​​ចោល​​​នៅ​​​ទី​​​នោះដូច​​​ជា ស្បែក​​​ជើង​​​ និង​​​បែលជាដើម​​​ ​​​។ ប៉ុន្តែ ប្រជា​​​ជន​​​ធ្លាប់​​​ហៅកន្លែង​​​នោះ​​​​​​ថា ជា​​​ផ្ទះ​​​របស់​​​ខ្លួន​​​។

លោក ទូច សំណាង អ្នក​​​គ្រប់​​​គ្រង​​​គម្រោង​​​របស់​​​ក្រុមហ៊ុន OCIC ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​ដែល​​​កំពុង​​​អភិវឌ្ឍក្រុង​​​រណប​​​ដែល​​​ចំណាយ​​​ទឹក​​​ប្រាក់​៣ពាន់លាន​​​ដុល្លារ​​​ នៅ​​​លើ​​​អតីត​​​ដី​​​នោះ​​​ នឹង​​​​​​មិន​​​ផ្ត​ល់​​​សំណង​​​ដល់​​​អ្នកភូមិផ្សេង​ទៀតដែលរស់នៅលើដីនោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ក្រោយ​​​ប្រសិន​​​បើ​​​យើង​​​ជួប​​​ស្ថាន​​​ភាព​​​ជាមួយ​ប្រជាជនដូច​​​នេះ​​​ទៀត​​​ យើង​​​នឹង​​​មិន​​​ជួយ​​​ពួក​​​គាត់​​​ឡើយ​​​”៕សារុន​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស