42.2 C
Phnom Penh

សន្តិសុខ​ម្នាក់​គេច​ខ្លួន​បន្ទាប់ពី​បាញ់​ស្លាប់​មនុស្ស​នៅ​វត្ត​ទួល​រាជា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សន្តិសុខ​ម្នាក់​បាន​​រត់​គេច​ខ្លួន បន្ទាប់ពី​​បាញ់​​បុរស​ម្នាក់​ស្លាប់​ ពេល​ដែល​​ព្យាយាម​បំបែក​មនុស្ស​ពីរ​ក្រុម ដែល​គំរាម​កំហែង​គ្នា​ដោយ​ប្រើ​កាំបិតផ្គាក់ នៅ​កន្លែង​រាំ​មួយ​ក្នុង​ខេត្ត​កណ្តាល​។

លោក ម៉ុយ ចាន់ពេជ្រ អធិការ​នគរបាល​ស្រុក​កោះធំ បាន​មាន​ប្រសាសន៍​ថា មនុស្ស​ពីរ​ក្រុម​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​មួយ​ អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្តទួល​រាជា ឃុំ​ពោធិបាន កាលពី​ថ្ងៃ​ច័ន្ទ​។

លោក​អធិការ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា “គេ​បាន​ឃាត់​ក្រុម​ទាំងពីរ​នេះឲ្យ​ឈប់​វាយ​តប់​គ្នា​ និងបានណែនាំ​​ពួកគេ”។ ​លោក ​ចាន់​ពេជ្រ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​​ថ្ងៃ​បន្ទាប់​​ក្រុម​នេះ​បាន​ត្រឡប់​មក​វត្ត​​វិញ​ នៅ​ម៉ោង​ប្រហែល​៤​ល្ងាច ដោយប្រដាប់ដោយកាំបិតផ្គាក់​ ហើយ​ចាប់​ផ្តើម​និយាយ​ឡកឡាយ​ដាក់​គ្នា​។​

លោក រ៉ូ រ៉ានី នាយរង​នគរបាល​​ប៉ុស្តិ៍​​បាន​មកដល់ ហើយ​ព្យាយាម​បំបែកក្រុមនេះ ហើយ​បាន​ឃាត់​ខ្លួន​ឈ្មោះ ​យ៉ុង យឿន​ អាយុ៣០​ឆ្នាំ​។

លោក ចាន់ពេជ្រ​ មាន​ប្រសាសន៍​បន្ត​​ថា​លោក​ វេង ថា​ អាយុ​៤០​ឆ្នាំ ​ជា​សន្តិសុខ​ឃុំ ​បាន​​អម​ដំណើរ​លោក រ៉ានី មក​កន្លែង​កើត​ហេតុ ​ដោយ​មាន​កាំភ្លើង​អាកា-៤៧មក​​​ជា​មួយផង​ដែរ​ ហើយ​​​បាន​បាញ់​ទៅ​លើដើម្បី​ព្រមាន​​។

លោក យឿន ពេលនោះ​បាន​រត់​សំដៅ​ទៅ​លោក រ៉ានី ហើយ​​ព្យាយាម​ដណ្តើម​កាំភ្លើង​ពី​គាត់ ហើយក៏​ផ្ទុះ​អាវុធ​ក្នុង​ពេល​នោះ​តែ​ម្តង​។

លោក ចាន់​ពេជ្រ បាន​មាន​ប្រសាសន៍​ថា ៉ជន​រងគ្រោះ​បាន​ព្យាយាម​តដៃ​នឹង​សន្តិសុខនោះ​ ទោះ​ជា[លោក ថា] បាន​សុំ​ឲ្យ​គាត់​ឈប់​ក៏ដោយ”​។ លោកបាន​បន្ថែមថា ជន​រងគ្រោះ​បាន​ត្រូវ​គ្រាប់​ក្រោម​ចង្កា។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “សន្តិសុខ​រូប​នេះ​បាន​​ជួយ​កាន់​កាំភ្លើងឲ្យ​ ​[លោក រ៉ានី] គាត់​គ្មាន​សិទ្ធិ​ប្រើ​វា​ទេ”។

ប៉ុន្តែ​លោក វ៉ន វណ្ណៈ អ្នក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​នេះ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​ យឿន​ ត្រូវ​គ្រាប់​ចំក្បាល​ផ្នែក​ខាងក្រោយ​​ ហើយ​លោក​​បាន​ចោទ​ប្រ​កាន់​លោក វេង ថា ថា​បាន​បាញ់​ឈ្មោះ ​យឿន​ ដោយ​ចេតនា។

លោក ចាន់​ពេជ្រ ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថាលោក ថា នឹង​ត្រូវ​ប្រឈម​ការ​ដាក់​ពិន័យ​ឬ​យ៉ាងណា​នោះ​​ទេ ហើយ​ការិយា​ល័យ​របស់​លោក​បញ្ជួនរបាយការណ៍​ទៅ​តុលាការ​ខេត្ត​កណ្តាល​រួច​រាល់​ហើយ៕​មា​និត​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស