38.8 C
Phnom Penh

សុខភាព​មិន​ល្អ​និង​របប​អាហារ​មិន​គ្រប់គ្រាន់​នៅ​ក្នុង​វិស័យ​កាត់ដេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លទ្ធផល​ដំបូង​នៃ​ការ​សិក្សា​អង្កេត​ថ្មី​បង្ហាញ​ថា ជាង​៤០​ភាគរយ​នៃ​កម្មករ​កាត់ដេរ​មាន​ជំងឺ​កង្វះ​ឈាម​ក្រហម ហើយ​មួយ​ភាគ​បី​ប៉ុណ្ណោះ​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់។

ការ​សិក្សា​រយៈ​ពេល​មួយ​ឆ្នាំ ដែល​ផ្តល់​មូលនិធិ​ដោយ​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង មាន​បំណង​ស្វែងយល់​អំពី​ផល​ទាក់ទង​នឹង​ការ​ផ្តល់​អាហារ​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​​ដោយ​ឥត​គិត​ថ្លៃ​ដល់​កម្មករ​កាត់ដេរ​កម្ពុជា។

លទ្ធផល​បឋម​ដែល​ចេញ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​កម្មករ៣.៩៨០​នាក់​ដែល​គេ​ចុះ​សាកសួរ​នៅ​១០​រោងចក្រ ១៥,៧​ភាគ​រយ​ខ្វះ​ទម្ងន់ ពីរភាគបី “ខ្វះ​អាហារ” ពោល​គឺ ពួកគេ​មិន​មាន​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​ទេ ហើយ៤៣,២​ភាគរយ​មាន​ជំងឺកង្វះ​ឈាម​ក្រហម ដែល​អាច​នាំ​ឲ្យ​កើត​មាន​សម្ពាធ​ឈាម​ទាប ហេវហត់​អស់​កម្លាំង និង​ដួល​សន្លប់។

របាយការណ៍​មួយ​ដែល​ផ្សព្វផ្សាយ​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​ដោយ​ក្រុម​តស៊ូ​មតិ​កម្ពុជា​និង​អង់គ្លេស អះអាង​ថា ៣៣ភាគរយ​នៃ​កម្មករ​រោងចក្រ​ខ្វះ​អាហារូបត្ថម្ភ ហើយ​ថា កម្មករ​ម្នាក់ៗ​គួរ​ចាយ​២,៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​លើ​ម្ហូប​អាហារ ដើម្បី​បង្គ្រប់​កាឡូរី​របស់​ខ្លួន។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​នេះ​បាន​រកឃើញ​ថា កម្មករ​កាត់ដេរ​ចំណាយ​តែ១,៣០​ដុល្លារ​ប៉ុណ្នោះ​លើ​អាហារ​ក្នុង​មួយ​ថ្ងៃ។

ចំណែកឯ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ជា​ទូទៅ​ក៏​ស្របតាម​ចំនួន​កម្មករ​ស្ត្រី​ភាគច្រើន​ដែរ​នោះ លោក​ស្រី ជីល ថាកឃើ នាយក​គម្រោង​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​រំពឹង​ថា ចំនួន​អ្នក​កើត​ជំងឺ​កង្វះ​ឈាម​ក្រហម​នឹង​ថយ​ចុះ ប្រសិនបើ​កម្មករ​ដែល​ត្រូវ​គេ​សិក្សា​អង្កេត​ទាំង​នោះ បាន​ទទួល​ប្រាក់​ចំណូល​ទៀងទាត់។

លោកស្រី ថាកឃើ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ដើម្បី​លើក​កម្ពស់​ស្តង់ដារ​សុខភាព រោងចក្រ​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ផ្តល់​អាហារ​នៅ​នឹង​កន្លែង​ដល់​កម្មករ ជាជាង​បើក​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​អាហារ​របស់​គេ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “​ច្បាស់​ណាស់​ថា ការ​ផ្តល់​ប្រាក់​បន្ថែម​តែ​មួយ​មុខ​មិន​មាន​ន័យ​ថា ពួកគេ​បរិភោគ​បាន​ច្រើន ឬ​ថា​ពួកគេ​បរិភោគ​បាន​ប្រសើរ​ជាង​មុន​នោះ​ទេ ពួកគេ​មិន​ទំនងជា​ចំណាយ​លុយ​ច្រើន​លើ​អាហារ​ផ្ទាល់​ខ្លួន​នោះ​ទេ ពួកគេ​ចង់ផ្ញើ​ប្រាក់កាស​ទៅ​ស្រុក” ឬ​ចាយ​វាយ​លើ​ចំណាយ​ជីវភាព​ផ្សេងៗ។

លោក អៀន រ៉េមេជន៍ នាយក​ក្រុមហ៊ុន​អង្គរ​ស្រាវជ្រាវ​និង​ផ្តល់​ប្រឹក្សា អិលធីឌី ដែល​ដឹកនាំ​ការ​សិក្សា​នេះ បាន​មាន​ប្រសាសន៍​ថា ឥឡូវនេះ​រោងចក្រ​ត្រូវ​បាន​ចែក​ជា​ពីរ​ក្រុម ដោយ​រោងចក្រ​ពាក់​កណ្តាល​ផ្តល់​អាហារ​ប្រចាំ​ថ្ងៃ​ឥត​គិត​ថ្លៃ​មួយ​ពេល​ដល់​កម្មករ​របស់​ខ្លួន ហើយ​ពាក់​កណ្តាល​ទៀត​មិន​បាន​ផ្តល់​អ្វី​ជូន​កម្មករ​ទេ ដូច្នេះ​ទើប​សុខភាព​និង​លទ្ធផល​ផលិតភាព​អាច​ប្រៀបធៀប​គ្នា​បាន​ក្នុង​រយៈពេល​១២​ខែ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស