33.2 C
Phnom Penh

​នៅក្នុងវិស័យ​ស្រូវ ការ​ខ្វះ​ជំនាញ​​​ធ្វើ​ឲ្យ​កសិករ​ទទួល​បានទិន្នផល​ទាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមរបាយការណ៍សិក្សា​ស្រាវ​ជ្រាវ​មួយ​​ដែល​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី​ បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា កង្វះ​ជំនាញ​ និង​ចំណេះ​ដឹង​ក្នុង​ចំណោម​កសិករ​ គឺ​ជា​កត្តា​ដែល​

នាំ​ឲ្យ​​វិស័យ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា​ មិនសូវ​មាន​ការ​អភិវឌ្ឍ​ ដោយ​សារ​តែ​កសិករ​មិន​យល់​ដឹង​ពី​វិធី​ធ្វើ​កសិកម្ម​បែប​ពាណិជ្ជកម្មដែល​ផ្តល់​​ទិន្នផល​​ខ្ពស់​។

នៅ​ក្នុង​ការ​ស្ទង់មតិ​​កសិដ្ឋានចំនួន​៧៥០កន្លែង​នៅ​ក្នុង​ខេត្ត​បង្ក​​បង្កើន​​ផល​ស្រូវ​ធំៗ​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​បាត់ដំបង កំពង់ធំ តាកែវ កសិករ​ចំនួន​៥៣​ភាគ​រយ​បាន​លើក​ឡើង​ថា កក្តាបង្អាក់​ផលិត​​កម្ម​ គឺជំនាញ​ធ្វើ​ស្រែ​របស់​ពួកគាត់​មាន​កម្រិត​នៅ​ឡើយ​។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា “​ការ​កែលម្អ​ផលិត​កម្ម​ និង​ការធ្វើពាណិជ្ជកម្មស្រូវនៅ​កម្ពុជា​” លើក​ឡើង​ថា កសិករ​គួរ​តែ​ព្យាយាម​បង្ក​បង្កើន​ផល​ដំណាំស្រូវ​អំឡុង​រដូវ​ប្រាំង​ ពីព្រោះ​​វា​ផ្ដល់​​ទិន្ន​ផល​ច្រើនជាង​នៅ​ក្នុង​រដូវ​វស្សា​ប្រហែល​១តោន​ក្នុង​មួយ​ហិកតា​។

របាយការណ៍​នេះ​បាន​លើក​ឡើង​ទៀត​ថា ” ការ​បង្កបង្កើន​ផល​ស្រូវ​​ភាគច្រើន​ធ្វើ​ឡើង​នៅ​ចុង​រដូវ​វស្សា​ ហើយ​មាន​កសិករ​តិច​តួចណាស់​ដែល​បង្កបង្កើន​ផល​នៅ​រដូវ​ប្រាំង​ (៥៦%​ទល់​នឹង​១៣%)។ កសិករ​ដែល​បង្កបង្កើន​ផល​​​ស្រូវ​ក្នុង​រដូវ​ប្រាំង​ មាន​ទឹក​ស្រោច​ស្រព​ច្រើន ផ្ដល់​ទិន្នផលខ្ពស់​ បង្កបង្កើនផល​នៅ​តំបន់ធំ​ទូលាយ ហើយ​វា​មាន​លក្ខណៈ​ពាណិជ្ជកម្ម​ច្រើន​ជាង​អ្នក​បង្កបង្កើន​ផល​នៅ​ក្នុង​រដូវ​វស្សា​។ ក៏មាន​សក្ដានុពល​ខ្លាំង​ដែរ​ក្នុង​ការ​បង្កើនការធ្វើពាណិជ្ជកម្មស្រូវ ពីព្រោះ​មួយភាគបី​នៃ​គ្រួសារ​កសិករ​ បង្កបង្កើន​ផល​ស្រូវ​សម្រាប់​គ្រាន់​​​តែ​សម្រាប់ហូប​ប៉ុណ្ណោះ។ ការ​បង្កើនវិសាលភាព​នៃ​ការ​​ប្រើ​ប្រាស់ដី​ ផលិត​កម្ម​ និង​ការធ្វើពាណិជ្ជកម្មស្រូវអាច​ជួយ​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​បាន​​ច្រើន​​ (៥៩​%​) ក្នុង​ចំណោម​គ្រួសារ​កសិករ​”។

ទោះ​បី​ជា​មាន​សក្ដានុពល​សម្រាប់​​ប្រពលវប្បកម្ម​ស្រូវ ដែល​ការ​បង្កើន​ផលិត​កម្ម​តាម​រយៈ​ការ​គ្រប់គ្រង​ទឹក​ ដី​ សារធាតុបំប៉ន និង​រុក្ខជាតិ​ដោយ​ប្រុង​ប្រយ័ត្ន​ក្ដី ក៏កសិករ​ភាគច្រើន​មិន​យល់​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ឡើយ។

“កសិករ​ត្រឹម​តែ​៩ភាគរយ​ប៉ុណ្ណោះ ដែល​យល់​ដឹង​ពីការអនុវត្ត​តាម​​ប្រព័ន្ធ​ប្រពលវប្បកម្ម​ស្រូវ​ ដែលសំដៅលើការ​អនុវត្ត​​ការ​បង្កបង្កើន​ផល​ដែល​ត្រូវ​បាន​លើក​កម្ពស់​សម្រាប់​ការ​បង្កើន​ទិន្នផល​តាម​រយៈ​ការ​វិនិយោគ​លើ​ភាពអំណោយផលនៃកម្លាំង​ពលកម្ម​។ មាន​កសិករ​តិច​តួចណាស់​ដែល​បាន​ផ្លាស់​ប្ដូរ​​របៀប​ធ្វើ​ស្រែ​របស់​ពួកគាត់ ដោយ​ឆ្លុះ​បញ្ចាំង​ពីភាពមានកម្រិតនៃការវិនិយោគលើផ្នែកអភិវឌ្ឍជំនាញ និង​ចំណេះ​ដឹង​ផ្នែក​កសិកម្ម​។ មាន​កសិករ​តែ​៣២​ភាគ​រយ​ប៉ុណ្ណោះ​ដែល​បាន​ប្រើ​ប្រាស់​ពូជស្រូវ​ថ្មីៗ​ ហើយ​១៨​ភាគរយ​បាន​ប្រើ​ប្រាស់​បច្ចេកទេសល្អប្រសើរជាងមុនក្នុងការរៀបចំដី”។

កាលពី​ម្សិលមិញ មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍កសិកម្ម​កម្ពុជា​ (សេដាក) ជា​អង្គការ​មិន​​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ផ្នែក​កសិកម្ម​ ដែល​បណ្ដុះ​បណ្ដាល​កសិករ​ឲ្យ​យល់​ដឹង​ពី​បច្ចេកទេស​ធ្វើ​ប្រពលវប្បកម្ម​ស្រូវ បាន​ប្រកាស​កម្មវិធី​​ថ្មីមួយ​ដើម្បី​ជំរុញ​ឲ្យ​កសិករ​ផ្លាស់​ប្ដូរ​ពី​ការ​បង្ក​បង្កើន​ផល​ស្រូវ​សម្រាប់​ហូប​ មក​ផលលិតសម្រាប់ពាណិជ្ជ​កម្ម​វិញ​។

លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​មួយដែលមានគោលបំណង​ចាប់​ផ្ដើម​កម្មវិធី​នេះ​ថា ” ក្នុង​ចំណោម​កសិករ​ជាង១០០.០០០​នាក់​ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​អ្នក​ដែល​មាន​ទស្សនវិស័យ​វែងឆ្ងាយ​ពិត​ប្រាកដ​ និង​មាន​ផែន​ការ​ច្បាស់លាស់ដើម្បីក្លាយ​ជា​សេដ្ឋីស្រុក​ស្រែ​”។

លោក​បាន​មាន​ប្រសាសន៍​ថា កសិករ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ នឹង​ទទួល​បាន​ការ​គាំទ្រ​ជា​ពិសេស​ពីអង្គការ​សេដាក​។ លោក​​លើក​​ឡើង​ថា ” បុគ្គលិក​របស់​យើង​នឹង​ធ្វើ​ការ​ជាមួយ​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​គាំទ្រ​ផលិត​កម្ម​របស់​ពួកគាត់​ [និង​] ការ​ធ្វើ​ទីផ្សារ ដើម្បី​ឲ្យពួកគាត់​មាន​សមត្ថភាព​រក​ចំណូល​បាន​ខ្ពស់ និង​ដឹកនាំ​សហគមន៍​”។ លោក​បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​ មាន​កសិករ​ចន្លោះ​ពី​២០០​នាក់​ទៅ៣០០​នាក់​បាន​ដាក់​ពាក្យ​ធ្វើការសេដ្ឋីស្រុកស្រែ៕ សុខុម​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស