32.5 C
Phnom Penh

ប្ដី​ដែល​មាន​ចិត្ត​ប្រចណ្ឌ​ចាក់​សម្លាប់​មន្ត្រី​នគរ​បាល​ម្នាក់​​នៅ​​​ខេត្ត​បាត់​ដំបង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​បាន​ចាក់​សម្លាប់​មន្ត្រី​នគរ​បាល​ឃុំ​ម្នាក់​​ ដែល​ខ្លួន​សង្ស័យ​ថា លួច​មាន​សាហាយ​ស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ​​ក្នុង​ក្រុង​បាត់​ដំបង​​កាលពី​ថ្ងៃ​សុក្រ​។

​យោងតាម​លោក ចិត្រ វណ្ណី នាយរង​​នគរ​បាល​​​យុត្តិធម៌​ក្នុង​ខេត្ត​បាត់​ដំបង​បាន​ឲ្យ​ដឹង​ថា លោក ហែម ហឿត អាយុ​៣៦​ឆ្នាំ​​ជា​កម្មករ​​រោងម៉ាស៊ីន​កិន​ស្រូវ​មកពី​ខេត្ត​បន្ទាយ​មានជ័យ បាន​​យក​កាំបិត​ចំពុះទុង​ចាក់​លោក ស្រី សុវណ្ណារ៉ា ​​ក្នុង​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។

លោក វណ្ណី បាន​ឲ្យ​ដឹង​ទៀត​ថា លោក ស្រី សុវណ្ណារ៉ា អាយុ​៣៧​ឆ្នាំ​អធិការរង​នគរ​បាល​​ឃុំសឿ​​ក្នុង​ស្រុក​មង្គលបុរី ​ខេត្ត​បន្ទាយ​មានជ័យ កំពុងជិះ​ម៉ូតូ​របស់​ខ្លួន​កាត់​ទី​ប្រជុំជន​មួយ​កន្លែង​ នៅ​ពេល​នោះ​ លោក ហឿត បាន​ដើរ​ទៅ​រក​គាត់​ហើយ​ចាក់​គាត់​ពីក្រោយ​ធ្វើ​ឲ្យ​ធ្លាយ​រហូត​ដល់​សួត។

​លោក វណ្ណី បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លោក ស្រី សុវណ្ណារ៉ា ​បាន​បន្ត​ជិះ​ម៉ូតូ​របស់​ខ្លួន​បាន​ប្រហែល​៧០​ម៉ែត្រ​​​បន្ត​ទៀត​​​ទាំង​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​​ឈាម​មុន​ពេល​ដួល​។ ជនរងគ្រោះ​បាន​ស្លាប់​ដោយ​សារ​របួស​នៅ​យប់​​ក្នុង​ថ្ងៃ​ដដែល​នោះ​​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

លោក​ វណ្ណី បាន​ឲ្យ​ដឹង​បន្ត​ថា ដំបូង​ឡើយ​លោក ហឿត សង្ស័យ​ប្រពន្ធ​របស់​ខ្លួន​​ឈ្មោះ ម៉ាង កញ្ញា ថា​លួច​មាន​សាហាយ​ស្មន់​ជាមួយ​លោក ស្រី សុវណ្ណារ៉ា នៅ​ពេល​មួយ​កាលពី​ខែ​មុន​។ នៅ​ពេល​គាត់​តាម​ប្រពន្ធ​របស់​ខ្លួន​នៅ​ថ្ងៃ​មួយ​ប្រហែល​ជា​ពីរ​សប្ដាហ៍​កន្លង​ទៅ​ គាត់​បាន​ឃើញ​នាង​ជួប​ជាមួយ​មន្ត្រី​នគរ​បាល​រូប​នេះ​។

លោក​ វណ្ណី បាន​មាន​ប្រសាសន៍​ថា ” ជនសង្ស័យ​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​មាន​បុរស​ម្នាក់​ទៀត ប៉ុន្តែ​គាត់​គ្មាន​ភ័ស្តុ​តាង​ ហើយ​ដោយ​​មិន​អាច​ទប់​កំហឹង​របស់​ខ្លួន​បាន​ ក៏​​ទៅ​សម្លាប់​ជន​រងគ្រោះ​តែ​ម្ដង​។ គាត់​មិន​ចង់​ធ្វើ​ដូច្នេះទេ ប៉ុន្តែ​គាត់​ស្រឡាញ់​ប្រពន្ធ​របស់​គាត់​ខ្លាំង​ណាស់”។

​លោក វណ្ណី បាន​លើក​ឡើង​ថា ​អំឡុង​នគរ​បាល​សាកសួរ​កាលពី​យប់​ថ្ងៃ​សុក្រ អ្នកស្រី កញ្ញា បាន​សារភាព​ថា ខ្លួន​​បាន​លួច​​មាន​សាហាយ​ស្មន់​ជាមួយ​ជន​រងគ្រោះ​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។ លោក​បាន​បន្ថែម​ថា លោក ហឿត បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​មែន​ ហើយ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​កាលពី​ម្សិលមិញ៕ ស៊ុយឈាង​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស