38.8 C
Phnom Penh

ជើង​​​ឯក​​​តេក្វាន់​​​ដូ​​​ ត្រឡប់​​​មក​​​វិញ​​​ដោយ​​​ទទួល​​​បាន​​​ការ​​​ស្វាគមន៍​​​ក្នុង​​​នាម​​​ជា​​​វីរនារី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កញ្ញា ស៊ន សៀវមី ដែល​​​ជា​​​ជើង​​​ឯក​​​តេក្វាន់​​​ដូ​​​កម្ពុជា​​​ទទួល​​​បាន​​​ការ​​​ស្វាគមន៍​​​ក្នុង​​​នាម​​​ជា​​​វីរ​​​នារី​​​នៅ​​​ពេល​​​នាង​​​បាន​​​ត្រឡប់​​​មក​​​ដល់​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​វិញ​​​ពី​​​ប្រទេស​​​កូរ៉េខាង​​​ត្បូង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ ជា​​​មួយ​​​នឹង​​​មេដាយ​​​មាស​​​កីឡា​​​អាស៊ី​​​ជា​​​លើក​​​ដំបូង​​​ ដែល​​​ប្រទេស​​​កម្ពុជា​​​មិន​​​ដែល​​​ធ្លាប់​​​ទទួល​​​បាន​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។seavmey

កញ្ញា ស៊ន សៀវមី បាន​​​យក​​​ឈ្នះ​​​គូ​​​ប្រកួត​​​មក​​​ពី​​​ប្រទេស​​​អ៊ូសបេគីស្ថាន​​​ អីុរ៉ង់ និង​​​ប្រទេស​​​ហ្វីលីពីន​​​ ដោយ​​​ទទួល​​​បាន​​​​​​មេដាយ​​​មាស​​​តេក្វាន់ដូ​​​ប្រភេទ​​​​​​ទម្ងន់​​​​​​​​​ក្រោម​​​៧៣​​​គីឡូ​​​ក្រាម​​​​​​​​​ផ្នែក​​​នារី​​។

នៅ​​​ពេល​​​នាង​​​បាន​​​ចុះ​​​ពី​​​យន្ត​​​ហោះ ដែល​​​ហោះ​​​ហើរ​​​ពី​​​ទី​​​ក្រុង​​​អីុនឈុន​​​ មក​​​កាលពី​​​យប់​​​ថ្ងៃ​​​អាទិត្យ កញ្ញា ស៊ន សៀវមី ដែល​​​​​​មាន​​​ទឹក​​​ភ្នែក​​​រលីង​​​រលោង​​​ត្រូវ​​​បាន​​​ស្វាគមន៍​​​ដោយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​និង​​​អ្នក​​​គាំទ្រ​​​រាប់​​​រយ​​​នាក់​​​ មុន​​​ពេល​​​​​​ត្រូវ​​​បាន​​​នាំ​​​ដោយ​​​ក្បូន​​​រថយន្ត​​​​​​អម​​​ដោយ​​​ម៉ូតូ​​​ទៅ​​​កាន់​​​វិមាន​​​​​​សន្តិភាព​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​ជួ​​​ប​​​ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដោយ​​​ផ្ទាល់​​​នៅ​​​ទី​​​នោះ​​​។

កញ្ញា ស៊ន សៀវមី បាន​​​និយាយ​​​បន្ទាប់​​​ពី​​​មក​​​ដល់​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​ថា “ខ្ញុំ​​​មាន​​​អារម្មណ៍​​​រំភើប​​​ខ្លាំង​​​ណាស់​​​ ដែល​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​មក​​​ទទួល​​​ខ្ញុំ​​​ ខ្ញុំ​​​និយាយ​​​អ្វី​​​មិន​​​ចេញ​​​ទេ​​​ឥឡូវ​​​​​​នេះ​​​ ប៉ុន្តែ ខ្ញុំ​​​ចង់​​​និយាយ​​​ថា កម្ពុជា​​​មិន​​​ខ្សោយ​​​ទេ​​​”។

នៅ​​​ឯ​​​វិមាន​​​សន្តិភាព លោក ហ៊ុន សែន បាន​​​សរសើរ​​​ដល់​​​ កញ្ញា ស៊ន សៀវមី  ​​​ជា​​​ស្ត្រី​​​ទី​​​១​​​ ដែល​​​​​​​​​នាំ​​​មេដាយ​​​មាស​​​មក​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ជា​​​លើក​​​ដំបូង​​​ក្នុង​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​នេះ ហើយ​​​បាន​​​ប្រកាស​​​ថា ក្រសួង​​​អប់​​​រំ យុវជន​​​ និង​​​កីឡា​​​នឹង​​​ឲ្យ​​​នាង​​​ជាប់​​​ការ​​​​ប្រឡង​​​​​បាក់​​​ឌុប​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ ដែល​​​នាង​​​បាន​​​ប្រឡង​​​ធ្លាក់​​​​​​​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗនេះ។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ថ្ងៃ​​​នេះ​​​ យប់​​​នេះ​​​ ប្រទេស​​​កម្ពុជា​​​របស់​​​យើង​​​មាន​​​មោទនភាព​​​យ៉ាង​​​ខ្លាំង​​​ ដែល​​​​​​មិន​​​ដែល​​​ធ្លាប់​​​មាន​​​​​​ពី​​​មុន​​​មក។ រហូត​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​​​​យើង​​​ទទួល​​​បាន​​​មេដាយ​​​មាស​​​ត្រឹម​​​តែ​​​៦​​​ប៉ុណ្ណោះ ក្នុង​​​រយៈ​​​ពេល​​​៦០​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​​​​ ដែល​​​មាន​​​ន័យ​​​ថា ជា​​​មធ្យម​​​យើង​​​ទទួល​​​បាន​​​មេដាយ​​​មាស​​​មួយ​​​ក្នុង​​​រាល់​​​១០​​​ឆ្នាំ​​​ម្តង​​​ ប៉ុន្តែ រឿង​​​សំខាន់​​​បំផុត​​​នោះ​​​ គឺ​​​ថា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤នេះ ​​​យើង​​​ទទួល​​​បាន​​​មេដាយ​​​មាស​​​មួយ​​​ដែល​​​ កញ្ញា ស៊ន សៀវមី  ជា​​​អ្នក​​​ដណ្ដើម​​​បាន”។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​​​​បន្ថែម​​​ថា ​​​​​​​​​​​​​​​​​​​​​​​​​ប្រសិន​​​បើ​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ម្នាក់​​​ណា​​​ឈ្នះ​​​មេដាយ​​​មាស​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​កីឡា​​​អូឡាំពិក​​​ មិន​​​ថា កីឡាករ​​​ ឬ​​​កីឡា​​​ការិនី​​​ទេ​​​នឹង​​​​​ទទួល​​​បាន​​​កិត្តិយស​​​ដោយ​​​មាន​​​ក្បួន​​​រថយន្ត និង​​​ក្បួន​​​ម៉ូតូ​​​​​​ចំនួន​​​១២​​​គ្រឿង​​​អម​​​ ពោល​​​​​​គឺ​​​មាន​​​ចំនួន​​​ទ្វេ​​​ដង​​​លើ​​​ក្បួន​​​ដែល​​​អម​​​​​​ដំណើរ​​​ កញ្ញា ស៊ន សៀវមី ពី​​​អាកាស​​​យាន​​​ដ្ឋាន​​​។

នៅ​​​ពេល​​​និយាយ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​​​​​​​នៅ​​​​​​ទី​​​ស្នាក់​​​ការ​​​របស់​​​​​​គណៈកម្មាធិការ​​​ជាតិ​​​អូ​​​ឡាំ​​​ពិក​​​កម្ពុជា​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ កញ្ញា ស៊ន សៀវមី ​​​បាន​​​និយាយ​​​អំពី​​​ក្តី​​​រំភើប​​​របស់​​​នាង​​​ដែល​​​ទទួល​​​បាន​​​មេដាយ​​​មាស​​​។ នាង​​​បាន​​​និយាយ​​​ថា “ខ្ញុំ​ហាក់​​​បី​​​ដូច​​​ជា​​​​​មិន​​​សូវ​​​ជឿ​​​ជាក់​​​លើ​​​ខ្លួន​​​ឯង​​​ទេ​​​ [នៅមុន​​​ការ​​​ប្រកួត​​​ ]​​​​​​​​​​​​​​​​​​ ប៉ុន្តែ​​​ដោយ​​​សារ​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​ និង​​​អ្នក​​​ឧបត្ថម្ភ​​​ ទើប​​​ខ្ញុំ​​​មាន​​​ថ្ងៃ​​​នេះ​​​”។

នាង​​​បា​​​ន​​​និយាយ​​​បន្ត​​​ទៀត​​​ថា “​​​ខ្ញុំ​​​ចង់​​​លើក​​​ទង់​​​ជាតិ​​​កម្ពុជា​​​ឲ្យ​​​​​​​​​ខ្ពស់​​​ជាង​​​​​​​​​ទង់​​​ជាតិ​​​របស់​​​ប្រទេស​​​ផ្សេងៗ​​​ ហើយ​​​ខ្ញុ​​ំ​​​ចង់​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​រូប​​​បាន​​​ស្តាប់​​​ភ្លេង​​​ជាតិ​​​របស់​​​កម្ពុជា​​​ ​​​ហេតុ​​​ដូច្នេះ​​​ គេ​​​នឹង​​​ស្គាល់​​​កម្ពុជា​​​”។កញ្ញា ស៊ន សៀវមី  បាន​​​បន្ថែម​​​ទៀត​​​ថា ឥឡូវ​​​នេះ​​​នាង​​​កំពុង​​​សម្លឹង​​​លើ​​​ទីក្រុង​​​ រីយ៉ូ ដឺ​​​ហ្សាណេរូ ជា​​​កន្លែង​​​ប្រារព្ធ​​​កីឡា​​​អូឡាំពិក​​​រដូវ​​​ក្តៅ​​​លើក​​​ក្រោយ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៦​​​បន្ត​​​ទៀត​​​។

លោក វ៉ាត​​​ ចំរើន​​​ អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​អូឡាំពិក​​​កម្ពុជា បាន​​​លើក​​​ឡើង​​​ថា ជ័យជម្នះ​​​ជា​​​ប្រវត្តិសាស្ត្រ​​​របស់​​​កញ្ញា ស៊ន សៀវមី  នឹង​​​ត្រូវ​​​គេ​​​ចង​​​ចាំ​​​ជា​​​រៀង​​​រហូត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ដាក់​​​ចេញ​​​នូវ​​​ផែន​​​ការ​​​យុត្តិសាស្ត្រ​​​មួយ​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ដើម្បី​​​ទទួល​​​បាន​​​យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​មេដាយ​​​មួយ​​​ដែរ​​​ នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​កីឡា​​​អាស៊ី នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤នេះ​​​ ដើម្បី​​​បន្ត​​​អភិវឌ្ឍ​​​វិស័យ​​​កីឡា”៕ស៊ុយ​​​ឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស