38 C
Phnom Penh

មនុស្ស​ប្រាំបី​នាក់ស្លាប់​នៅក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ដ៏រន្ធត់មួយ​ក្នុង​ខេត្ត​កំពត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញថា មនុស្ស​ប្រាំបី​នាក់​បាន​ស្លាប់​ និង​ប្រាំ​បួន​នាក់​ទៀត​រងរបួស​នៅ​ពេល​រថយន្ត​ចំណុះ​២០​តោន​​មួយគ្រឿង​បាន​បុក​​ជាមួយ​រថយន្ត​ទួរីស​​បើក​បរ​​ក្នុង​ល្បឿន​ដ៏លឿន​​នៅ​ក្នុង​ខេត្ត​កំពត​កាលពី​រសៀល​ថ្ងៃ​អាទិត្យ។

លោក ណុប សារ៉េត នាយ​នគរ​បាល​ចរាចរ​ខេត្ត​បានមាន​ប្រសាសន៍​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​មុន​ម៉ោង​៥ល្ងាច​បន្តិច​ ​នៅ​លើ​កំណាត់​ផ្លូវ​កោង​នៃ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ឃុំបឹង​ទូក ស្រុក​ទឹក​ឈូ នៅ​ពេល​រថយន្ត​ធុនធំ​មួយ​គ្រឿង​ដែល​​គ្មាន​ដឹក​ទំនិញ​អ្វី​សោះ​បាន​បើក​ចូល​ក្នុង​គន្លង​ផ្លូវ​របស់​រថយន្ត​​​ខាង​មុខ​។ លោក សារ៉េត បាន​មាន​ប្រសាសន៍​ថា ​រថយន្ត​ទួរីស​ដែល​ដឹក​អ្នក​ដំណើរ​១៦នាក់​ ដែល​ភាគច្រើន​ជា​កម្មករ​សំណង់​មក​ពី​ខេត្ត​ព្រះសីហនុ​មក​ខេត្ត​កំពតនោះ បាន​បើក​បរ​ពី​ក្រោយ​រថយន្ត​តូយ៉ូតា​កាមរីមួយគ្រឿង​ ដែល​បាន​បើក​គេច​ផុតពី​រថយន្ត​ធុនធំ​នៅ​ខាង​មុខ​។

លោក សារ៉េត បាន​មាន​ប្រសាសន៍​ថា រថយន្ត​ទួរីស​​នោះ​មិន​បាន​បើក​គេ​ចទាន់​​ពេល​ទេ ហើយ​អ្នក​ដំណើរប្រាំ​នាក់​រួម​ទាំង​អ្នក​បើក​បរផង​បាន​ស្លាប់​ភ្លាមៗ​​។ លោក​បាន​មាន​ប្រសាសន៍​ថា ” មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះគឺ​ដោយ​​សារ​ផ្លូវ​កោង ការ​បើក​បរ​ក្នុង​ល្បឿន​លឿន​ មាន​ភ្លៀង​រលឹម​ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​”។ លោក​បាន​បន្ថែម​ថា អ្នក​ដំណើរ​បី​នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ម្សិលមិញ​។

លោក សារ៉េត បាន​មាន​ប្រសាសន៍​ថា ​”ខ្ញុំ​រន្ធត់​ណាស់។ តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ មនុស្ស​ប្រាំ​បី​នាក់​បាន​​ស្លាប់​”។ លោក​បាន​ប៉ាន់​ប្រមាណ​ថា ” ២០​ភាគ​រយ​នៃ​រថយន្ត​ទួរីសនៅល្អ​ ដោយ​លោក​បន្ថែម​ថា អ្នក​បើក​បរ​រថយន្ត​ធុនធំ​​បាន​រត់គេច​ពី​កន្លែង​កើត​ហេតុ ហើយ​កំពុង​គេច​ខ្លួន​នៅ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” នគរ​បាល​កំពុង​ធ្វើ​ការ​លើករណី​នេះ​ និង​ស្វែង​រក​ចាប់​ខ្លួន​អ្នក​បង្ក​ហេតុ​”។

លោក​ អុឹម ឈួន ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​បន្ទោស​ទៅ​លើ​អ្នក​បើក​បរ​រថយន្ត​ធុនធំ និង​រថយន្ត​ទួរីស ដែល​បង្កគ្រោះ​ថ្នាក់​រហូតបាត់បង់ជីវិត​​​មនុស្ស​នេះ ពីព្រោះ​អ្នក​ទាំង​ពីរ​​បើក​បរ​ក្នុង​ល្បឿន​លឿន​ដូចគ្នា​​នៅ​ពេល​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ប្រសិនបើ​ពួកគេ​មិន​បើក​បរ​ក្នុង​ល្បឿន​លឿន​ទេ​នោះ នឹង​គ្មាន​​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដូច​នេះ​ឡើយ”។ លោក ស៊ីវ ផេង អភិបាល​ស្រុក​ដងទង់ ខេត្ត​កំពត​បានមាន​ប្រសាសន៍​ថា កម្មករ​សំណង់​ប្រាំមួយ​នាក់​មក​ពី​ស្រុក​របស់​លោក​បាន​ស្លាប់​​ក្នុង​គ្រោះ​ថា្នក់​នោះ​។ លោក​បាន​មាន​ប្រសា​សន៍​ថា ” ពួកគេ​បានទៅ​រក​ការ​ងារ​ធ្វើ​នៅក្រុង​ព្រះសីហនុ​រយៈ​ពេល​បីថ្ងៃ​មុន​ពេល​មាន​គ្រោះ​ថ្នាក់​នេះ​”។ លោក​បាន​បន្ថែម​ថា ” ពួកគេ​រក​ការ​ងារ​ធ្វើ​មិន​បាន​ ដូច្នេះ​ហើយ​ពួកគេ​បាន​ត្រឡប់​មក​​ផ្ទះ​វិញ។ ពួកគេ​បាន​ទៅរក​ការ​ងារ​ធ្វើ​ ហើយ​ក៏ជួប​គ្រោះថ្នាក់​ដ៏គួរឲ្យរន្ធត់​នៅពេល​ត្រឡប់​មក​ផ្ទះ​វិញ​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស