39.4 C
Phnom Penh

អាជ្ញាធរ​ស្រុក​សង្ស័យ​ទាហាន​កង​យោធពល​ខេមរភូមិន្ទ​ពាក់ព័ន្ធ​ការ​រកស៊ីឈើ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មូល​ដ្ឋាន​ម្នាក់​បាន​ឲ្យ​ដឹងកាលពី​ម្សិលមិញ​ថា ការ​រឹប​អូស​ឈើ​ប្រណីត​​៨៩​ដុំ​ដែល​បាន​គរ​ទុក​នៅក្រៅ​​បន្ទាយ​កង​យោធពល​ខេមរភូមិន្ទ​​ក្នុងស្រុកឆ្លូង ខេត្ត​ក្រចេះ កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អាជ្ញាធរ​ទទួល​បាន​ដំណឹង​ពី​ប្រជាពល​រដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​អះអាង​ថា ​បន្ទាយទាហាន​ដែល​មានទីតាំងនៅក្បែរ​ស្ទឹង​ឆ្លូង​ក្លាយជា​ចំណុច​​ឆ្លងកាត់​​ឈើ​ខុស​ច្បាប់​ជា​ប្រចាំ​។

លោក សេង ទីណា អភិបាល​រង​ស្រុក​បាន​មាន​ប្រសាសន៍​ថា កង​រាជ​​អាវុធ​ហត្ថ​មួយ​ក្រុម​ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​រកឃើញ​ឈើ​ធ្នង់​ជា​ប្រភេទ​ឈើ​មាន​តម្លៃ​នៅ​ម៉ោង​ប្រហែល​១១​យប់ បន្ទាប់ពី​ទទួល​បាន​ដំណឹង​ថ្មីបំផុតពីក្រុម​អ្នក​ភូមិ​​ដែល​បាន​លើក​ឡើង​ថា ​ឈើ​នេះ​ត្រូវ​គេ​រៀបចំ​ដឹក​ទៅ​ទិស​ខាង​ត្បូង​។

លោក ទីណា បាន​មាន​ប្រសាសន៍​ថា ” ពី​ដំបូង​យើង​មិនជឿ​ការ​រាយការណ៍​របស់​ប្រជា​ពល​រដ្ឋទេ ក៏ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​​ព័ត៌មាន​លើក​ទី២​នៅ​យប់​ដដែល​នោះ​ យើង​ពិត​ជា​រក​ឃើញ​គំនរឈើ​នោះ​មែន​”។ លោក​បាន​បន្ថែម​ថា អ្នក​ភូមិ​បានរាយការណ៍អំពី​សកម្មភាព​ស្រដៀង​គ្នា​នេះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក។

បន្ទាប់ពី​អាជ្ញាធរ​មក​ដល់​បន្ទាយ​នេះភ្លាម​កាលពី​យប់​ថ្ងៃ​សៅរ៍ លោក​ ប្រាក់ វណ្ណា មេ​បញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ស្រុក​បាន​មក​ដល់​ដែរ ហើយ​​បាន​បដិសេធ​ថា មន្ត្រី​របស់​លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ឈើ​នេះ​ទេ។ លោក​បានអះអាង​ថា ឈើ​នេះ​ជារបស់​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ឈ្មោះ ហេង គន្ធា។

ដោយ​បន្ទរតាម​ការ​អត្ថាធិប្បាយរបស់​លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ថ្ងៃ​អង្គារ លោក កែវ ជា មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា លោក​មិនដែល​​ឮពីលោក ហេង គន្ធា ទេ​។

លោក ទីណា បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ណាជា​មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ​ស្រុក​បដិសេធថាមិន​ជាប់​ពាក់​ព័ន្ធ​ឈើ​នេះ ឬការ​ដឹក​ជញ្ជូន​ក៏ដោយ ក៏ការ​ពិត​គឺ​ថា ឈើ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្រៅ​បន្ទាយ​នេះ​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” មន្ត្រី​យោធា​បាន​ប្រាប់​យើង​ថា ពួកគេ​មិនជាប់​ពាក់​​ព័ន្ធ​នឹង​ឈើ​នេះ​ទេ​…ប៉ុន្តែ​ទីតាំង​គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​បន្ទាយ​នេះ ដូច្នេះ​យើង​សង្ស័យ​ថា មន្ត្រី​នៅ​ក្នុង​បន្ទាយ​នេះ​ជាប់​ពាក់​ព័ន្ធ​មិន​ខាន​”។ លោក​បាន​បន្ថែម​ថា មិន​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ដើម្បី​​បង្ហាញ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​បាន​ប្រាប់​មេបញ្ជាការអង្គភាព​យោធា​នេះហើយ​ឲ្យ​ណែនាំ​មន្ត្រី​របស់​គា​ត់កុំ​ឲ្យជ្រៀត​ជ្រែក​​[ការ​ស៊ើបអង្កេត] ហើយ​ប្រសិន​បើ​យើង​រក​ឃើញ​ថា មន្ត្រី​ណាម្នាក់​ធ្វើ​សកម្មភាពផ្ទុយ​នឹង​ភារកិច្ច​របស់​ខ្លួននោះ យើង​នឹង​ចាត​់វិធានការ​​តាម​ច្បាប់​”។

លោក ទី សុវិនថាល់ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍កាលពី​ម្សិល​មិញ​ថា លោក​មិន​យល់​ស្រប​នឹង​ការ​​ស៊ើបអង្កេត​បន្ត​របស់​មន្ត្រី​ស្រុក​ឡើយ ដែល​លោក​មាន​ប្រសាសន៍​ថា អាច​ប្រឈម​​ការ​ចោទ​ប្រកាន់​​ពីបទ​បរិហាកេរ្តិ៍​ចំពោះ​ការ​ចោទ​មន្ត្រី​កងយោធ ពល​ខេមរភូមិន្ទ​​ពី​សកម្មភាព​ខុស​ច្បាប់​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​អនុញ្ញាត​ឲ្យអាជ្ញាធរ​ស្រុក​ស៊ើប​អង្កេត​ករណី​នេះ​ទេ ពីព្រោះ​វា​បាន​​ទៅ​ដល់​ដៃ​មន្ត្រី​នគរ​បាល​យុត្តិធម៌​​​ហើយ…ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ​ការ​ផ្ទុយ​នឹង​ច្បាប់​នោះ នោះ​ភាគី​ផ្សេង​អាច​ដាក់ពាក្យបណ្ត​ឹង​ពីបទ​បរិហារ​កេរ្តិ៍​បាន​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស